កម្ពុជា-បារាំង នឹងបន្តជំរុញការវិនិយោគ លើវិស័យសំណង់ស៊ីវិល និងការដឹកជញ្ជូនបន្ថែមទៀត នៅកម្ពុជា


ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៥ ខែមករា នៅស្ថានទូតបារាំង ប្រចាំនៅកម្ពុជា ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញជួបពិភាក្សា ការងារជាមួយ ឯកឧត្តម អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ដើម្បីបន្ដជំរុញ ការវិនិយោគនៅកម្ពុជា បន្ថែមទៀត ជាពិសេសក្នុងវិស័យសំណង់ស៊ីវិល និងការដឹកជញ្ជូន រួមមាន៖ រថភ្លើងល្បឿនលឿន និងកំពង់ផែស្វយ័តជាដើម។ លើសពីនេះ ក្នុងជំនួបនេះ ភាគទាំងពីរ ក៏បានពិភាក្សាលើ ការដោះដូរទំនិញ រវាងប្រទេសទាំងពីរ ដែលសម្រេចបាន ទំហំពាណិជ្ជកម្មប្រមាណ ៥០០ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ១៦ភាគរយ ក្នុងឆ្នាំ២០២២កន្លងទៅផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីកម្ពុជា បានសំណូមពរឱ្យ ភាគីបារាំង ពិចារណាទាក់ទាញ អ្នកវិនិយោគិនបារាំង មកកម្ពុជាឱ្យបានកាន់តែច្រើន និងជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើង បន្ថែមទៀត តាមរយៈការប្រើប្រាស់ អត្ថប្រយោជន៍នៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចរចា បង្កើតឡើងកន្លងមក។ ជាពិសេសកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP) និងកម្រិតទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង ដើម្បីផ្ដល់ឱកាសឱ្យ វិនិយោគិនបារាំង និងកម្ពុជា មានលទ្ធភាពពង្រីកទីផ្សារ នាំចេញផលិតផលសក្ដានុពល ទៅកាន់ទីផ្សាអឺរ៉ុបបន្ថែមទៀត ដែលក្នុងនោះរួមមាន៖ ផលិតផលកសិកម្ម ផ្លែឈើ ម្ហូបអាហារ ផលិតផលកែច្នៃ សម្លៀកបំពាក់ រួមទាំងជ័រកៅស៊ូជាដើម។

គួរបញ្ជាក់ថា សាធារណរដ្ឋបារាំង គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ របស់កម្ពុជានៅ ក្នុងសហគមន៍អឺរ៉ុប ជាក់ស្ដែងនៅឆ្នាំ២០២២ ភាគីទាំងពីរសម្រេចបាន ទំហំពាណិជ្ជកម្ម ប្រមាណ ៥០០ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ១៦,៣១ភាគរយ បើប្រៀប ធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤៣០ លានដុល្លារអាមេរិក។ ទំនិញនាំចេញសក្តា នុពលពីកម្ពុជាទៅបារាំង រួមមាន៖ អង្ករ ផលិតផលកសិកម្ម សម្លៀកបំពាក់ និងស្បែកជើង ជាដើម រីឯទំនិញនាំចូលសក្តានុពល ពីបារាំងមកកម្ពុជាវិញ រួមមាន៖ ឱសថ បន្ទះក្តារ និងភេសជ្ជៈ៕