តម្រាយផ្លូវចំនួន ៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ បាននឹងកំពុងសាងសង់ ដើម្បីត្រៀមទទួលព្រឹត្ដិការណ៍ស៊ីហ្គេម


គិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅសល់តែ ១០០ថ្ងៃទៀត នៃដំណើរឆ្ពោះទៅកាន់ ព្រឹត្តិការណ៍ស៊ីហ្គេម។ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុង តម្រាយផ្លូវចំនួន៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដើម្បីទទួលស្វាគមន៍ ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះថា គឺជាពេលវេលាមួយ ដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានចាប់ផ្ដើមយុទ្ធនាការ រាប់ថយក្រោយ ១០០ថ្ងៃ ជាមួយព្រឹត្តិការណ៍នេះ ហើយរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំ ការងារមួយចំណែកផងដែរ ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងចាក់កៅស៊ូឡើងវិញ លើផ្លូវជាតិលេខ៦ ដោយមានរៀបចំខឿន ផ្លូវថ្មើរជើង ចិញ្ចើមផ្លូវ ពីរង្វង់មូលព្រហ្មជ្រោយចង្វារ ដល់ស្ពានទី ១២ ព្រំប្រទល់ខេត្តកណ្តាល ដែលមានប្រវែងប្រមាណជា ១៥គីឡូម៉ែត្រ ព្រោះផ្លូវនេះជាផ្លូវធំ ដើម្បីសម្រួលការធ្វើដំណើរ ឆ្ពោះទៅពហុកីឡដ្ឋានជាតិ មរតកតេជោ។ ការដ្ឋានផ្លូវជាតិលេខ៦សម្រេច លទ្ធផលបាន ៨០ភាគរយហើយ។ លោកបន្តថា ការងារមួយទៀត គឺកែលម្អមហាវិថី ឈ្នះ ឈ្នះ ចាប់ពីចំណុច ប្រសព្វផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ ដែលមានការកែលម្អទ្រង់ទ្រាយធំ ដូចជាជួសជុលផ្លូវ ដែលមានការខូចខាត ដោយចាក់បេតុងឡើងវិញ រៀបចំចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងផ្លូវជិះកង់។ រីឯនៅសងខាងផ្លូវធំ មានដាក់ប្រព័ន្ធលូធំៗឡើងវិញ មានការរៀបចំសួនច្បារ និងដាំដើមឈើធំៗជាច្រើន។

បន្ទាប់ពីចាក់បេតុងរួចរាល់ មហាវិថី ឈ្នះ ឈ្នះ នឹងអ៊ុតកៅស៊ូបន្ថែម ដើម្បីឱ្យផ្លូវមាន ភាពងាយស្រួលដល់ ការធ្វើដំណើរ និងមានតុបតែងភ្លើងពណ៌បន្ថែមទៀត ដើម្បីឱ្យមានសោភណភាព ស័ក្តិសមជាទីតាំងដែល ប្រារព្ធព្រឹត្តិការណ៍កីឡាដ៏ធំនេះ។ លោក ម៉េត មាសភក្ដី បានបន្ថែមថា ជាមួយគ្នានេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្ថាបនាផ្លូវថ្មី ទាំងស្រុងចំនួន ២ខ្សែទៀត ដើម្បីសម្រួលដល់ការធ្វើ ចរាចរណ៍ទូទៅផង និងការធ្វើដំណើរក្នុង ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផងដែរ។ ផ្លូវថ្មីទាំង២ខ្សែនេះ គឺស្ថាបនាស្របតាម ទន្លេសាបផ្នែកខាងកើត បែកខ្នែងជា២ផ្នែកឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ផ្លូវ ស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៨គីឡូ ម៉ែត្រ ដែលសម្រេចការសាងសង់បាន ១០០ភាគរយ ទាំងការងារធ្វើផ្លូវបេតុង ដាក់លូ របាពុះចែកទ្រូងផ្លូវ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។

ខ្សែផ្លូវទី២ គឺចាប់ពីផ្លូវ សម្តេច ជា ស៊ីម ជ្រោយចង្វារ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៥គីឡូម៉ែត្រ ដោយសម្រេចការសាងសង់បាន ៨៥ភាគរយហើយ នៅសល់ការដោះស្រាយផល ប៉ះពាល់ជាមួយ ប្រជាពលរដ្ឋបន្តិចបន្តួចប៉ុណ្ណោះ៕