ព្រែកជីក Suez រកប្រាក់ចំណូលបានជិត ៨ ពាន់លានដុល្លារ ពេញមួយឆ្នាំ ២០២២


ព្រែកជីក Suez ដែលជាច្រកទ្វារពាណិជ្ជកម្ម តាមផ្លូវទឹក ដ៏សំខាន់របស់ បណ្ដាប្រទេសជាច្រើន នៅក្នុងទ្វីបអឺរ៉ុប បានទទួលផលចំណេញជាច្រើន ចេញពីការប្រើប្រាស់ ផ្លូវទឹកមួយនេះ ពីសំណាក់កាប៉ាល់ ដឹកទំនិញធំៗជាច្រើន។ ជាក់ស្ដែង ពេញមួយឆ្នាំ២០២២ ប្រទេសដែលជាម្ចាស់ របស់ព្រែកជីកមួយនេះ រកប្រាក់ចំណូលបានជិត ៨ ពាន់លានដុល្លារអាមេរិកឯណោះ។

ប្រភពព័ត៌មានអន្តរជាតិ ចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ព្រែកជីក Suez របស់ប្រទេសអេហ្ស៊ីប កាលពីឆ្នាំ២០២២ កន្លងទៅនេះ បានរកប្រាក់ចំណូលបានជិត ៨ ពាន់លានដុល្លារអាមេរិក។ ការកើនឡើងជិត ៨ ពាន់លានដុល្លារ សម្រាប់រយៈពេល ១២ ខែ កន្លងទៅនេះ ក៏ដោយសារតែ ការតម្លើងតម្លៃប្រើប្រាស់ ផ្លូវទឹកមួយនេះ ច្រើនជាងមុន ២៥% កាលពីឆ្នាំ២០២១ ដែលធ្វើឱ្យមានអត្រាកំណើន កើនឡើងកាន់តែច្រើន ពោលគឺកើនពី ៦,៣ ពាន់លានដុល្លារ កាលពីឆ្នាំ២០២១។

តាមការបញ្ជាក់ របស់អាជ្ញាធរទទួលខុសត្រូវ លើប្រតិបត្តិការប្រចាំថ្ងៃ នៃព្រែកជីកនេះ បានឱ្យដឹងថា ជាប្រចាំថ្ងៃកប៉ាល់ដឹកទំនិញធំៗ ជាច្រើន មានប្រមាណជាង ៦៨ គ្រឿងបានឆ្លងកាត់ ដោយនាំយកទំនិញជាង ១.៤១ លានតោន តាមរយៈទូកុងទុយន័រ ចូលទៅកាន់ទ្វីបអឺរ៉ុប។ ជាលទ្ធផលចំនួនកប៉ាល់ដឹកទំនិញឆ្លងកាត់ ក្នុងពេលពេញមួយឆ្នាំ សម្រេចបាន ២៣ ៥៨៣ គ្រឿង ដែលកាលពីឆ្នាំ២០២១ មាន ២០ ៦៩៤ និងឆ្នាំ២០២០ មានត្រឹមតែ ១៨ ៨៣០ គ្រឿងប៉ុណ្ណោះ។

ជាមួយនឹងចរាចរណ៍ទំនិញ តាមផ្លូវទឹកកើនឡើងបែបនេះ បានជំរុញឱ្យការទទួលបាន នូវថ្លៃសេវាឆ្លងកាត់ របស់អេហ្ស៊ីបបន្តកើនឡើង ទោះបីជាឆ្នាំមុនមាន បញ្ហាផ្ទុះឡើងជុំវិញ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ។ សម្រាប់ឆ្នាំ២០២៣ ការប្រើប្រាស់ព្រែកជីក Zuez ត្រូវបានព្យាករណ៍ថា នឹងបន្តមានកំណើន ល្អប្រសើរដូចឆ្នាំមុនដូច្នោះដែរ ដែលថវិកាទទួលបាន នឹងយកទៅដោះស្រាយ បញ្ហាហិរញ្ញវត្ថុរបស់អេហ្ស៊ីប បានមួយចំនួន ពិសេសនៅពេលរូបិយប័ណ្ណបរទេស ជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិ៕