ប៉ូលសេដ្ឋកិច្ចទី៥ របស់កម្ពុជា អាចនឹងត្រូវបង្កើតនៅខាង ខេត្តភូមិភាគឦសាន ដោយផ្តោតលើ កសិ-ឧស្សាហកម្ម


ក្រោយពីការប្រកាស ដាក់ខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាព្យ័យ ដោយផ្សាភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគ ក្នុងនិងក្រៅប្រទេស មកចូលរួមជម្រុញផលិតកម្ម ការកែច្នៃ និងការនាំចេញ កសិផល វារីវប្បកម្ម និងបសុសត្វ ទៅកាន់ទីផ្សារចិន និងអន្តរជាតិរួចមកនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជានឹងអាចបង្កើត ប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន ដោយផ្តោតលើផ្នែកកសិ-ឧស្សាហកម្ម។

សម្ដេចតេជោបានថ្លែងដូច្នេះ ក្នុងពិធីបិទសន្និបាត បូកសរុបកាងារ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ នារសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងកសិកម្ម។

សម្ដេច ក៏បានដាក់ចេញនូវអនុសាសន៍ចំនួន ៦ចំណុច ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅអនុវត្តន៍ឱ្យទទួលបាន ប្រសិទ្ធភាពខ្ពស់ ក្នុងនោះរួមមាន៖

ទី១/ ត្រូវបន្តជម្រុញការអភិវឌ្ឍ វិស័យកសិកម្មប្រកបដោយ បរិយាប័ន្ន និងចីរភាព ព្រមទាំងធន់នឹង ការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះការអភិវឌ្ឍកសិកម្ម ត្រូវមានផែនការច្បាស់លាស់ ដែលឆ្លើយតបទៅនឹង តម្រូវការទីផ្សារជាក់ស្តែង។ ក្រសួងពាណិជ្ជកម្ម ត្រូវជួយវាយតម្លៃជាប្រចាំ នូវតម្រូវការទីផ្សារ និងសហការសម្រួលទីផ្សារ សម្រាប់កសិផលទាំងក្នុង និងក្រៅប្រទេស។ ការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយបរិយាប័ន្ន ត្រូវផ្តល់អាទិភាពទៅលើ គ្រួសារក្រីក្រឱ្យទទួលបាន លទ្ធភាពប្រកបមុខរបរកសិកម្ម ប្រកបដោយស្ថិរភាព តាមបែបប្រពលវប្បកម្ម។ ចំពោះចីរភាពកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវយកចិត្តទុកដាក់លើ ការថែរក្សាគុណភាពដី និងសន្សំសំចៃ ការប្រើប្រាស់ទឹក ដោយប្រើប្រព័ន្ធស្រោចស្រព មានប្រសិទ្ធភាពខ្ពស់ ផ្នែកថាមពល។ ចំពោះភាពធន់នឹង ការប្រែប្រួលអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយមត្រូវរៀបចំ ផែនការថែរក្សាទឹកសម្រាប់រដូវប្រាំង និងព្យាករណ៍ទឹកជំនន់ ឱ្យបានទាន់ពេលវេលា។ ដោយឡែកការអភិវឌ្ឍពូជសុទ្ធ (ទាំងរុក្ខជាតិ និងសត្វ) ដែលត្រូវនឹងតម្រូវការទីផ្សារ ធន់នឹងអាកាសធាតុ ធន់នឹងសមាសភាពចង្រៃ និងមានផលិតភាពខ្ពស់ គឺជាកត្តាចាំបាច់ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវវិនិយោគ។ ចំពោះការផលិតពូជស្រូវ សម្តេចបានណែនាំ ឱ្យជម្រុញបន្ថែមការផលិតស្រូវពូជសុទ្ធ ផ្ការំដួលឱ្យគ្រប់គ្រាន់ តាមតម្រូវការទីផ្សារ។

ទី២/ ត្រូវពន្លឿនការរៀបចំផែនការ និងការអនុវត្តគំនិតផ្តួចផ្តើម ប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយ័ព្យ ដោយផ្សារភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀរគរវិនិយោគិន ក្នុងនិងក្រៅប្រទេស មកចូលរួមជម្រុញផលិតកម្ម ការកែច្នៃ និងការនាំចេញ កសិផលវារីវប្បកម្ម និងបសុសត្វទៅកាន់ ទីផ្សារប្រទេសចិន និងអន្តរជាតិ។

ទី៣/ ត្រូវរៀបចំឱ្យបានម៉ត់ចត់ នូវផែនការជ្រើសរើស និងចាត់បញ្ជូន មន្រ្តីកសិកម្មទៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេសឱ្យបានឆាប់បំផុត បន្ទាប់ពីការបង្កើត រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះគឺជាគោលនយោបាយ ដែលគណបក្សប្រជាជន បានអនុម័តសម្រាប់ទ្រទ្រង់ បច្ចេកទេសកសិកម្ម ជូនប្រជាជននៅតាមជនបទសម្រាប់ អាណត្តិថ្មីក្រោយ ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោត នាពេលខាងមុខ។ អ្នកបច្ចេកទេសកសិកម្ម នឹងក្លាយទៅជាជនបង្គោល នៅមូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយបញ្ហាប្រឈម បានទាន់ពេលវេលាជូនកសិករ។

ទី៤/ ត្រូវរួមគ្នាអនុវត្តន៍ គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជា ទៅជាអធិរាជចន្ទី។ដើម្បីសម្រេចគោលដៅនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យតួនាទីភារកិច្ចរបស់ខ្លួន និងអនុវត្តន៍ការងារប្រកប ដោយសហថាមពល(Synegy) ពោលគឺត្រូវស្ថិតក្នុង ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលការអនុវត្តន៍ការងារត្រូវមាន កិច្ចសហប្រតិបត្តិការជិតស្និទ្ធ អនុវត្តន៍កិច្ចការព្រមគ្នា មានសង្គតិភាពជាមួយគ្នា និងមានការទទួលខុសត្រូវខ្ពស់។ ជាក់ស្តែងការក្តាប់បាន នូវបញ្ហាប្រឈមរបស់កសិករ និងផលិតករ ជាអាទិ៍ កង្វះទុនវិនិយោគ និងកង្វះបច្ចេកទេសនឹងត្រូវ ដោះស្រាយឱ្យបានទាន់ពេលវេលា ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទផ្ទាល់ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ការវិនិយោគលើការបើក ទីផ្សារចន្ទីកម្ពុជានៅបរទេស តាមរយៈការផ្សព្វផ្សាយ បង្ហាញផលិតផលនានា ត្រូវអនុវត្តន៍ដោយក្រសួងពាណិជ្ជកម្ម។ ដោយឡែកពាក់ព័ន្ធ ការស្រាវជ្រាវពូជល្អៗ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវយកចិត្តទុកដាក់ និងជម្រុញឱ្យអនុវត្តន៍ ដោយវិទ្យាស្ថានកាឌី និងវិស័យឯកជន និងត្រូវផ្តល់ការលើកទឹកចិត្ត តាមរយៈការចុះបញ្ជីពូជ ជូនឱ្យបានទាន់ពេលវេលា។

ទី៥/ ត្រូវជម្រុញការអភិវឌ្ឍន៍ វារីវប្បកម្មឱ្យកាន់តែទូលាយ ដោយប្រើប្រាស់ពូជវារីជាតិ ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច និងតម្រូវការទីផ្សារខ្ពស់ និងជួយពង្រឹងសមត្ថភាព វិស័យឯកជន លើស្តង់ដារគុណភាព និងសុវត្ថិភាព ដើម្បីអភិវឌ្ឍន៍ខ្សែច្រវាក់ តម្លៃជលផលសំដៅ ទៅរកការនាំចេញ ។ ជាមួយនេះត្រូវបង្កើនការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យចូលរួមអភិរក្ស ធនធានជលផល ប្រកបដោយចីរភាព ព្រមទាំងពង្រឹងការទប់ស្កាត់ បទល្មើសជលផល និងការអនុវត្តច្បាប់ ដោយពង្រឹង កិច្ចសហការល្អជាមួយ គ្រប់ភាគីពាក់ព័ន្ធ និងផ្តល់ជម្រើសមុខរបរផ្សេង ដល់ប្រជានេសាទ។

ទី៦/ ត្រូវជម្រុញឧស្សាហកម្មឈើដាំ សម្រួលការនាំចូលផលិតផលឈើ ដើម្បីផ្គត់ផ្គង់តម្រូវការ ប្រើប្រាស់ក្នុងស្រុក និងផ្តល់ជម្រើសមុខរបរផ្សេងៗ ដល់ប្រជាសហគមន៍ព្រៃឈើ ដើម្បីកាត់បន្ថយសម្ពាធ លើធនធានព្រៃឈើ ។ ជាមួយនេះក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹងកិច្ចសហការ ឱ្យបានខ្លាំងក្លា ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងការទន្ទ្រានដីព្រៃ ប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះអ្នកអនុវត្តន៍ច្បាប់ ត្រូវសហការគ្នាជាអន្តរស្ថាប័ន ដើម្បីស៊ើបអង្កេតកំណត់ ឱ្យបានច្បាស់នូវមុខសញ្ញា មេក្លោង និងខ្សែរយៈដែលនៅពីក្រោយ ការទន្ទ្រានដី និងការបំផ្លាញព្រៃឈើ យកមកដាក់ទោសតាមច្បាប់៕