នាព្រឹកថ្ងៃទី ៥ធ្នូឆ្នាំ២០២៥ នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺការបើកឱ្យដំណើរការជាផ្លូវការ នៃការធ្វើប្រតិបត្តិការ សេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជា ចាប់ពីឆ្នាំ២០២៦ តទៅ។

គូសសម្គាល់ផងថា សេវា 5G មិនមែនត្រឹមតែ “អ៊ីនធឺណិតល្បឿនលឿន” ប៉ុណ្ណោះទេ (ល្បឿនទិន្នន័យលឿនជាងសេវា 4G ប្រមាណ ១០ដង) តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះ សម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗ របស់ប្រជាជនកម្ពុជា។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា មុននឹងការប្រកាសដំណើរការ 5G ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ ២០២៦ នេះ ក្រសួងបានសិក្សាយ៉ាងស៊ីជម្រៅ អំពីវិធីសាស្ត្រលើការដាក់ដំណើរការនេះ ហើយបានប្រមូលធាតុចូល និងធ្វើការយ៉ាងជិតស្និទ្ធិ ជាមួយគ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរការជោគជ័យ នៅក្នុងប្រទេសយើង។
ប្រភព៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍