កម្ពុជា នាំចេញទំនេញទៅជប៉ុន ក្នុងទំហំទឹកប្រាក់ ១ ១៧០ លានដុល្លារ កាលពីឆ្នាំ២០២២


កាលពីឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ជប៉ុន សម្រេចបាននូវរង្វង់ទឹកប្រាក់ ១ ៩៤៨ លានដុល្លារ ដោយក្នុងនោះ កម្ពុជា បាននាំចេញទំនិញ ទៅប្រទេសជប៉ុនសរុប ១ ១៧៣ លានដុល្លារ បានកើនឡើងជាង ៧,២% ចំណែកការនាំចូលមកវិញ មានទំហំ ៧៧៤ លានដុល្លារ បានកើនឡើង ២១% ផងដែរ យោងតាមរបាយការពី អគ្គនាយកដ្ឋានគយ និងរដ្ឋករ។ 

តាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសម្ពោធបើក ការដ្ឋានសាងសង់ផែចំណតកុងតឺន័រ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីម្សិលមិញ បានបញ្ជាក់ថា ជប៉ុនជាដៃគូរពាណិជ្ជកម្ម ដ៏សំខាន់មួយរបស់កម្ពុជា ស្ថិតនៅលំដាប់ទី៤ ដែលបានក្ដោបយក ការនាំចេញប្រមាណ ៥,២២% នៃទំហំនាំចេញសរុប​ របស់កម្ពុជា ប្រមាណ ២២,៤ ពាន់លានដុល្លារ កាលពីឆ្នាំមុន។ នៅក្នុងខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាង កម្ពុជា-ជប៉ុន នៅក្នុងឆ្នាំនេះ យើងនឹងបង្កើនទំនាក់ទំនង អោយឈានដល់ដំណាក់កាល ថ្មីមួយទៀត ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។

របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហញថា ទំនិញដែលកម្ពុជា បាននាំចេញទៅ ប្រទេសជប៉ុន ភាគច្រើនមានដូចជា ផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង កាបូប ក្រដាស គ្រឿងសង្ហារឹម និងគ្រឿងបង្គុំអេឡិចត្រូនិកផ្សេងៗទៀត។ ចំណែក ទំនិញសក្ដានុពល នាំចូលមកវិញ មានដូចជា វាយនភ័ណ្ឌ ឥន្ធនៈរ៉ែ យានយន្ដ គ្រឿងម៉ាស៊ីនអេឡិចត្រូនិក និងផលិតផលប្លាស្ទិកជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញក្ដីសង្ឃឹមនៃ ការនាំចេញទំនិញពីកម្ពុជា ទៅកាន់ជប៉ុន នឹងមានការជំរុញបន្ថែមទៀត ក្នុងអាណត្តិរបស់ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា ស្របពេលដែលប្រទេសទាំងពីរ ជាសមាជិកនៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក្នុងតំបន់ (RCEP) និងអាចឈានទៅដល់ ការចចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី នាពេលអនាគតផងដែរ។

បន្ថែមពីនេះទៀត តាមរបាយការណ៍ពី ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ជប៉ុន ជាដៃគូវិនិយោគធំលំដាប់ទី៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី និងវៀតណាម ដោយភាគច្រើន វិនិយោគិនជប៉ុន បានវិនិយោគក្នុងវិស័យឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេសចរណ៍ សំណង់និងអចលនទ្រព្យ ជាពិសេសផ្សារទំនើប រួមមានហាងទំនិញលក់រាយ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗ។