ប៉េង ហួត គ្រុប ដឹកនាំព្រឹត្តិការណ៍បរិច្ចាគឈាម ជាលើកទី២ ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម


ដើម្បីឆ្លើយតបទៅនឹង តម្រូវការឈាមរបស់អ្នកជំងឺ និងចូលរួមលើកកម្ពស់សេវាសុខភាព ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និង មន្ទីរសម្រាកព្យាបាល សុខាសា ឡងជីវិធី រៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមសង្គ្រោះជីវិត ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់” ក្នុងគោលបំណងប្រមូលឈាម បម្រុងផ្ដល់ជូនមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមនៃក្រសួងសុខាភិបាល ដើម្បីយកទៅបន្តផ្ដល់ ទៅមន្ទីរពេទ្យនានាសម្រាប់ព្យាបាលអ្នកជំងឺ ដែលកំពុងសង្រ្គោះបន្ទាន់។     

ព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តឡើង នៅទីតាំងមន្ទីរសម្រាកព្យាបាល សុខាសា ឡងជីវិធី  ជាន់ផ្ទាល់ដី ខុនដូ ដឹស្តា ប៉ូឡារីស ២៣  ស្ថិតក្នុងបុរី  ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម  (បឹងស្នោ) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។     

ឈាមមានប្រភពតែមួយគត់គឺពីមនុស្ស រហូតមកដល់ពេលនេះ មិនទាន់មានរោងចក្រណា អាចផលិតឈាមបានទេ។ យោងតាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាម តម្រូវការឈាមក្នុងឆ្នាំ២០២៣ កន្លងមកនេះ យើងត្រូវការឈាមមួយប្លោក រៀងរាល់ ៥នាទីម្ដង ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺ។ តម្រូវការឈាមប្រចាំថ្ងៃសរុបមាន ៣០០ ទៅ ៣៥០ប្លោក នៅរាជធានីភ្នំពេញ។

តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១៤ម៉ឺនប្លោក/១ឆ្នាំ ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានធានាការផ្គត់ផ្គង់ ៧៥% នៃតម្រូវការឈាមទូទាំងប្រទេស។ ប៉ុន្តែការទទួលអំណោយឈាម តាមរយៈសប្បុរសជន ដោយស្ម័គ្រចិត្តមិនទទួលកម្រៃ ឆ្លើយតបបានតែ ១៩,៥% នៃតម្រូវការក្នុងប្រទេសយើង តែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត អាចផ្គត់ផ្គង់រហូតដល់លើសពី ៩០% នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក (WHO)។ ដូច្នេះការបរិច្ចាគឈាម របស់បងប្អូនសប្បុរសជន គឺជាការធ្វើអំណោយទានសម្រាប់ជីវិត ដល់អ្នកជំងឺដែលកំពុងសង្រ្គោះបន្ទាន់ ក្នុងមន្ទីរពេទ្យឱ្យរស់រាន មានជីវិតបន្តទៀត។  

ស្របតាមសសរស្តម្ភទាំង៣របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ខណៈព្រឹត្តិការណ៍បរិច្ចាគឈាមក្នុងថ្ងៃនេះ គឺជាការងារសង្គមនៃបង្គោលទី៣ ផ្ដោតលើការរួមចំណែក លើកកម្ពស់សុខុមាលភាព ដែលរួមមានការ បរិច្ចាគថវិការៀងរាល់ឆ្នាំ ដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ការបរិច្ចាគថវិកាទិញវ៉ាក់សាំង និងផ្ដល់ជាទីតាំងសម្រាប់ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ការបរិច្ចាគថវិកាសាងសង់ មន្ទីរពេទ្យកាល់ម៉ែត និងការដឹកនាំយុទ្ធនាការ ស្ម័គ្រចិត្តបរិច្ចាគឈាម។

ជាមួយគ្នានេះការងារសង្គម នៃបង្គោលទី៣នេះ ក៏ផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការយកចិត្តទុកដាក់ បរិច្ចាគដល់កន្លែងដែលមាន ជីវភាពខ្វះខាតដូចជា មនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា-ក្រីក្រជាដើម។