ត្រឹម ១៥ ថ្ងៃ ក្នុងខែកុម្ភៈ កម្ពុជា ទទួលបានទុនវិនិយោគខ្ទង់ ៤៤៤ លានដុល្លារ លើការអនុម័តគម្រោងចំនួន ២២ ដែលក្នុងនោះ គម្រោងឧស្សាហកម្មមានច្រើនជាងគេ!


ភ្នំពេញ៖ បើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ កុម្ភៈ កន្លងទៅនេះ បានឲ្យដឹងថា ត្រឹមរយៈពេល១៥ថ្ងៃ ក្នុងខែកុម្ភៈនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីៗចំនួន ២២គម្រោង មានតម្លៃប្រមាណ ៤៤៤លានដុល្លារ ខណៈការវិនិយោគលើ វិស័យឧស្សាហកម្ម មានគម្រោងច្រើនជាងគេ។

ជាកស្តែង បើតាមរបាយការណ៍ដដែល អ្វីដែលគួរឱ្យកត់សម្គាល់ សម្រាប់គម្រោងវិនិយោគទាំង ២២នេះ គឺមាន១៥គម្រោង បានហូរចូលក្នុង វិស័យឧស្សាហកម្ម, ៤គម្រោង ស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, និង ៣គម្រោងទៀត ស្ថិតក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម។ ដោយឡែក នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ទទួលបានចំនួនគម្រោងវិនិយោគ ច្រើនជាងគេ។

ទាំងនេះគឺជាគម្រោងវិនិយោគថ្មីទាំង ២២៖

១/ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
២/ គម្រោងវិនិយោគបង្កើត កសិដ្ឋានដាំដំណាំឈើហូបផ្លែ និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
៣/ គម្រោងវិនិយោគអាជីវកម្មរ៉ែដែក នៅស្រុកវៀង ខេត្តព្រះវិហារ។
៤/ គម្រោងវិនិយោគបង្កើត រោងចក្រផលិតកាបូប, ថង់យួរ,ស្រោមកង់រថយន្ត, គម្របសៀវភៅ, និងទ្រនាប់គ្រប់ប្រភេទ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។
៥/ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឍមណ្ឌលទិន្នន័យ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។
៦/ គម្រោងវិនិយោគបង្កើត កសិដ្ឋានចិញ្ចឹមជ្រូក និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
៧/ គម្រោងវិនិយោគសាងសង់ កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
៨/ គម្រោងវិនិយោគបង្កើត រោងចក្រផលិតឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះពីលោហធាតុកែច្នៃ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
៩/ គម្រោងវិនិយោគបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់, សម្លៀកបំពាក់ពេទ្យ, និងសម្លៀកបំពាក់សត្វចិញ្ចឹម នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
១០/ គម្រោងវិនិយោគបង្កើត រោងចក្រផលិតកេសកាតុង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
១១/ គម្រោងវិនិយោគបង្កើត រោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
១២/ គម្រោងវិនិយោគបង្កើត រោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
១៣/ គម្រោងវិនិយោគបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកបាទី ខេត្តតាកែវ។
១៤/ គម្រោងវិនិយោគបង្កើត រោងចក្រផលិតដើមណូអែល, អំពូលភ្លើងលំអ, និងគ្រឿងបន្លស់ដើមណូអែល នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
១៥/ គម្រោងវិនិយោគបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកសំរោង ខេត្តតាកែវ។
១៦/ គម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃផ្លែដូង នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
១៧/ គម្រោងវិនិយោគបង្កើត រោងចក្រផលិតតុក្តា និងសម្ភារៈសត្វចិញ្ចឹម នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
១៨/ គម្រោងវិនិយោគបង្កើត រោងចក្រផលិតគ្រឿងសង្ហារឹម, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ, នៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រិសស៍ ខេត្តស្វាយរៀង។
១៩/ គម្រោងវិនិយោគបង្កើត រោងចក្រផលិតអំពូលភ្លើងលំអ, ខ្សែភ្លើង, និងកេសកាតុង នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រិសស៍ ខេត្តស្វាយរៀង។
២០/ គម្រោងវិនិយោគបង្កើត រោងចក្រផលិតគ្រឿងសង្ហារឹម, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ, នៅតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រិសស៍ ខេត្តស្វាយរៀង។
២១/ គម្រោងវិនិយោគបង្កើត រោងចក្រផលិតសាឡុងគ្រប់ប្រភេទ និងគ្រឿងសង្ហារឹម នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
២២/ គម្រោងវិនិយោគបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់, ស្រោមដៃ,ស្រោមជើង, មួក,និងកាបូប នៅតំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូ ផ្លូវលេខ៦ ខេត្តកំពង់ចាម។