ឆ្នាំ២០២៣ កម្ពុជា សម្រេចគោលដៅបានប្រមាណជាង ៥៦% លើផែនការស្ថាបនានិងសាងសង់ ផ្លូវជាតិផ្លូវខេត្តចំនួន៨៥០ខ្សែ ដែលមានប្រវែងជាង ២ម៉ឺនគីឡូម៉ែត្រ!


ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ ដែលប្រារព្ធធ្វើ នៅទីស្ដីការក្រសួង ក្រោមប្រធានបទ «ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល»។

ជាក់ស្តែង ក្នុងសន្និបាតនោះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអញ្ជើញជាអធិបតី នៅក្នុងពិធីនោះ បានអានរបាយការណ៍សង្ខេបថា នៅឆ្នាំ២០២៣ ក្រសួងបានស្ថាបនានិងសាងសង់ផ្លូវជាតិ និងផ្លូវខេត្ត ៨៥០ខ្សែមានប្រវែង ២០ ០១៦គីឡូម៉ែត្រ ហើយបានក្រាលកៅស៊ូនិងបេតុងប្រវែង ១១ ២៨៥គីឡូម៉ែត្រ ឬស្មើនឹង ៥៦,៣៨% នៃប្រវែងផ្លូវសរុប។ នៅក្នុងនោះក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ចំនួន៩ខ្សែ មានប្រវែងសរុប ២២ ០៥៤គីឡូម៉ែត្រ ហើយបានក្រាលកៅស៊ូ និងបេតុងសម្រេចបាន ១០០%។

ឯកឧត្តម បានបន្ថែមថា៖ «ក្រសួងបានស្ថាបនានិងសាងសង់ ផ្លូវជាតិកម្រិត២ ចំនួន៧២ខ្សែ មានប្រវែងសរុប ៥១ ៣៥,៨៨គីឡូម៉ែត្រ ហើយបានក្រាលកៅស៊ូ និងបេតុងប្រវែង ៣ ៩៣១គីឡូម៉ែត្រ ឬស្មើនឹង៧៦,៥៤% នៃប្រវែងផ្លូវសរុប។ ក្រសួងបានស្ថាបនានិងសាងសង់ ផ្លូវខេត្តចំនួន ៧៦៩ខ្សែ មានប្រវែងសរុប ១២ ៦២៦គីឡូម៉ែត្រ ហើយបានក្រាលកៅស៊ូនិងបេតុង ៥ ១០០គីឡូម៉ែត្រ ឬស្មើនឹង ៤០,៣៩% នៃប្រវែងផ្លូវសរុប»។

យ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់ពីមូលហេតុ ដែលមិនសម្រេចតាមគោលដៅ ហើយក៏មិនបានបញ្ជាក់ពីថវិកាសរុបដែលបានចំណាយលើ គម្រោងស្ថាបនា និងជួសជុលផ្លូវទាំងនោះទេ ដោយគ្រាន់តែនិយាយថា គម្រោងស្ថាបនានិងសាងសង់ ផ្លូវស្ពានដោយប្រើប្រាស់ថវិកាជាតិ និងថវិកាដៃគូអភិវឌ្ឍន៍នានា។

គូសសម្គាល់ផងដែរថា បច្ចុប្បន្ននេះក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងដំណើរការសាងសង់គម្រោងផ្លូវស្ពាន ដោយប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍ ដូចជាគម្រោងប្រើប្រាស់ថវិកាប្រទេសចិន សម្រាប់ផ្លូវជាតិចំនួន៧ខ្សែ មានប្រវែងសរុប ៥៧៥,២៩គីឡូម៉ែត្រ រួមមាន កំណត់ផ្លូវជាតិលេខ៧ ប្រវែង៤៥,៤៨គីឡូម៉ែត្រ ផ្លូវជាតិលេខ១០ប្រវែង ១៩៨,៥១គីឡូម៉ែត្រ ផ្លូវជាតិលេខ៣១ប្រវែង៥៣,៣៩គីឡូម៉ែត្រ ផ្លូវជាតិលេខ៣៣ប្រវែង៥២,៥៧គីឡូម៉ែត្រ ផ្លូវជាតិលេខ៤១ប្រវែង៩៥..២៩គីឡូម៉ែត្រ ផ្លូវជាតិលេខ៧១សេប្រវែង១០១,៣៦គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ពីក្រុងក្រចេះប្រវែង៣១,៦៩គីឡូម៉ែត្រ។ គម្រោងប្រើប្រាស់ថវិកាប្រទេសចិន សម្រាប់សាងសង់ស្ពានចំនួនពីរ ប្រវែងសរុប ២៦០៦,៧០ម៉ែត្រ រួមមានស្ពានឆ្លងទន្លេក្រចេះប្រវែង ១៧៦១ម៉ែត្រ និងស្ពានចាក់អង្រែក្រោម-ព្រែប្រាប្រវែង ៨៤៥,៧០ម៉ែត្រ។

ដោយឡែក ក្រសួងកំពុងដំណើរការ គម្រោងសាងសង់ផ្លូវ ដោយប្រើប្រាស់ថវិកាប្រទេសជប៉ុន មានមួយខ្សែមានប្រវែង ៣៥,១៤គីឡូម៉ែត្រ គឺកំណត់ផ្លូវជាតិលេខ៥ ពីសិរីសោភ័ណទៅប៉ោយប៉ែត។ គម្រោងប្រើប្រស់ថវិកាប្រទេសកូរ៉េខាងត្បូង មានមួយខ្សែផ្លូវ គឺផ្លូវលេខជាតិ៤៨ប្រវែង១៤៨គីឡូម៉ែត្រ។

សម្រាប់គម្រោងប្រើប្រាស់ ថវិកាធនាគារអភិវឌ្ឍន៍អាស៊ី មានពីរខ្សែផ្លូវជាតិប្រវែងសរុប ៤៣,២០គីឡូម៉ែត្រ រួមមានផ្លូវជាតិលេខ២៣ប្រវែង១៩,៨៣គីឡូម៉ែត្រ និងផ្លូវខេត្តលេខ៣១២ប្រវែង ២៣,៣៧ គីឡូម៉ែត្រ។ ចំណែកគម្រោងប្រើប្រាស់ ធនាគារពិភពលោកមានប្រាំខ្សែផ្លូវប្រវែងសរុប ៣២៥,៧៥គីឡូម៉ែត្រ រួមមានផ្លូវជាតិលេខ៤ ប្រវែង១៩៦,១០គីឡូម៉ែត្រ កំណាត់ផ្លូវជាតិលេខ៧ប្រវែង៣១,២៥គីឡូម៉ែត្រ ផ្លូវជាតិលេខ៧៣ប្រវែង៤៩,៨១គីឡូម៉ែត្រ ព្រមទាំងផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧Aប្រវែង៤៨,៥គីឡូម៉ែត្រ។