ការវាយតម្លៃវិជ្ជមានពី UN៖ កម្ពុជា នឹងប្រាកដថា អាចចាកចេញពីប្រទេសដែលមាន ការអភិវឌ្ឍតិចតួច នៅក្នុងឆ្នាំ២០២៧


ភ្នំពេញ៖ អង្គការសហប្រជាជាតិ បានបង្ហាញការវាយតម្លៃបឋមជារបស់ខ្លួន សម្រាប់ការពិនិត្យឡើងវិញ រយៈពេលបីឆ្នាំដែល ឆ្នាំ ២០២៤ បានផ្តល់សញ្ញាវិជ្ជមានដល់កម្ពុជា ក្នុងការចាកចេញពី ប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ ជាមួយនឹងប្រាក់ចំណូលសរុប សម្រាប់មនុស្សម្នាក់ៗចំនួន ១ ៥៤៦ ដុល្លារ លើសពីកម្រិតដែលបានកំណត់ ត្រឹមតែ ១ ៣០៦ដុល្លារ។

មិនតែប៉ុណ្ណោះ កម្ពុជាក៏ទទួលបានពិន្ទុល្អចំនួន ៧៧,៧ លើសន្ទស្សន៍ទ្រព្យសម្បត្តិ (HAI) ដែលលើសពីកម្រិត ៦៦ ឬច្រើនជាងនេះ ព្រមទាំងវឌ្ឍនភាពល្អ នៅក្នុងសន្ទស្សន៍សេដ្ឋកិច្ច និងបរិស្ថាន (EVI) ផងដែរជាមួយនឹងពិន្ទុ ២៣,៣ (ពិន្ទុសម្រាប់ប្រភេទនេះគឺ៣២ ឬទាបជាងនេះ) នេះបើយោងតាមទិន្នន័យដែលបានបង្ហាញ នាពេលថ្មីៗនេះដោយ សេដ្ឋវិទូ Chandarany Ouch នៅការិយាល័យអ្នកសម្របសម្រួល លំនៅដ្ឋាន អង្គការសហប្រជាជាតិ នៅក្នុងវេទិកាពិភាក្សាតុមូល។

នៅឆ្នាំ២០២១ ក្នុងអំឡុងពេល ការវាយតម្លៃបីឆ្នាំកន្លងមក ប្រាក់ចំណូលសរុប សម្រាប់មនុស្សម្នាក់ៗនៅកម្ពុជាមានចំនួន ១ ៣៧៧ ដុល្លារ(កម្រិត $១ ២២២ ឬខ្ពស់ជាងនេះ), HAI នៃ ៧៤,៣ (កម្រិត៦៦ ឬខ្ពស់ជាងនេះ) និង EVI នៃ ៣០,៦ (កម្រិត៣២ ឬទាបជាងនេះ)។

ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យវាយតម្លៃឆ្នាំ២០២៤ នេះអាចត្រូវបានពិនិត្យ និងកែសម្រួលឡើងវិញ។ ការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយ គណៈកម្មាធិការសម្រាប់ គោលនយោបាយអភិវឌ្ឍន៍ (CDP) នៃអង្គការសហប្រជាជាតិ។ CDP គឺជាស្ថាប័នបុត្រសម្ព័ន្ធ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) ផងដែរ។

គួរបញ្ជាក់ដែរថា ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច គឺជាដំណើរការដែលត្រូវការ ពេលវេលាច្រើនឆ្នាំ ដែលចាប់ផ្តើមជាផ្លូវការ នៅពេលដែលប្រទេសណាមួយ បំពេញតាមលក្ខណៈវិនិច្ឆ័យ ជាលើកដំបូង នៅអំឡុងពេលវាយតម្លៃ រយៈពេលបីឆ្នាំរបស់ CDP។ CDP មានតួនាទីពិនិត្យឡើងវិញ ជារៀងរាល់បីឆ្នាំម្តង នូវបញ្ជីនៃប្រទេសអភិវឌ្ឍតិចតួច ដើម្បីអោយយោបល់ថា តើប្រទេសណាអាចចាកចេញ ពីប្រទេសអភិវឌ្ឍតិចតួចបាន។

បន្ទាប់ពីនេះ មហាសន្និបាតអង្គការសហប្រជាជាតិ នឹងពិចារណាលើអនុសាសន៍របស់ CDP (អនុម័តដោយ ECOSOC) សម្រាប់ប្រទេសកម្ពុជា ដែលនឹងចាកចេញពី ប្រទេសអភិវឌ្ឍតិចតួច នៅខែវិច្ឆិកាឆ្នាំនេះ ដែលការរៀបចំ នឹងចាប់ផ្តើមជាផ្លូវការ។

ការរំពឹងទុកគឺថា ប្រទេសកម្ពុជានឹងសម្រេចបាននូវ ឋានៈជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ឬលឿនជាងនេះ និងជាប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

គួរកត់សម្គាល់ថាកម្ពុជា បានបំពេញតាមលក្ខខណ្ឌ ជាលើកដំបូងក្នុងឆ្នាំ២០២១។ ខណៈដែលនេះជាសមិទ្ធផលដ៏ធំ សម្រាប់ប្រទេស នេះមានន័យថាកម្ពុជា នឹងបាត់បង់អត្ថប្រយោជន៍ពាណិជ្ជកម្ម ដែលក្រុមប្រទេសអភិវឌ្ឍទទួលបាន រួមទាំងប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប ផងដែរ។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជាគួរតែបន្តបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ (FTAs) ហើយធ្វើសកម្មភាពភ្លាមៗ ដើម្បីពន្លឿនកំណែទម្រង់ពាណិជ្ជកម្ម ដើម្បីដោះស្រាយ បញ្ហាប្រឈមដែលអាចកើតឡើងនៅពេល ដែលកម្ពុជាចាកចេញពី ប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៧។

គួររម្លឹកដែរថា កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួច ដែលបានបង្កើនការនាំចេញរបស់ខ្លួន ទៅកាន់សហភាពអឺរ៉ុប តាមរយៈការអនុគ្រោះពន្ធ និងច្បាប់នៃប្រភពដើម ដែលអនុញ្ញាតឱ្យផលិតផលរបស់ខ្លួន នាំចូលទៅកាន់អឺរ៉ុប ដោយមិនបង់ពន្ធ។

ប្រសិនបើគ្រប់គ្រងដោយ មិនប្រុងប្រយ័ត្នទេ ការបាត់បត់ប្រព័ន្ធអនុគ្រោះពន្ធទាំងនេះ អាចប៉ះពាល់ដល់ដំណើរការ នាំចេញរបស់កម្ពុជា នេះបើតាមការលើកឡើង ដោយទីប្រឹក្សាសេដ្ឋកិច្ច Gerald Pascua, Pramila Crivelli សេដ្ឋវិទូនៃនាយកដ្ឋាន ស្រាវជ្រាវសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ របស់ ADB និង Stefano Inama ប្រធានជំនួយបច្ចេកទេស នៅសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD)។

យ៉ាងណា ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ក្នុងទីក្រុងភ្នំពេញ កាលពីខែកញ្ញា មុនកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា លោកស្រី Cristina Novio-Garcia អ្នកគ្រប់គ្រងកម្មវិធីពាណិជ្ជកម្ម វិស័យឯកជន និងថាមពលនៃគណៈប្រតិភូ សហភាពអឺរ៉ុបប្រចាំកម្ពុជា បាននិយាយថា កម្ពុជាអាចស្នើសុំសម្បទានពន្ធ នៃ GSP Plus នៅពេលដែលចាកចេញពី ប្រទេសអភិវឌ្ឍតិចតួច ប៉ុន្តែចាំបាច់ត្រូវ អនុវត្តតាមលក្ខខណ្ឌបន្ថែមទៀត ស្តីពីសិទ្ធិមនុស្សផងដែរ។