ប្រជាជនសៀមរាប-អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីបានយ៉ាងខ្ជាប់ខ្ជួន ក្នុងនាមជាអ្នកថែរក្សា អភិរក្សការពារ អង្គរ និងប្រាង្គប្រាសាទនានា ក្នុងទឹកដីអង្គរ!


ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា មកដល់សព្វថ្ងៃនេះ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុល ប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញ តាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។

ជាក់ស្តែង ក្នុងនោះដែរ លោក ព្រាន ដូរ អាយុ៣២ឆ្នាំ និង លោក តប់ តង អាយុ៥៨ឆ្នាំ ជាអ្នកស្រុកអង្គរ ក្នុងចំណោមកម្មករជំនាញជាច្រើន កំពុងបំពេញតួនាទីរបស់ខ្លួន ជាអ្នកស្វែងរកថ្ម ដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្ម ដែលទទួលរង ការខូចខាត បាក់ស្រុតរលុះថ្មស្ទើរតែទាំងស្រុង ជាយូរមកហើយ ឱ្យបានឈររឹងមាំឡើងវិញ។

តាមបទយកការណ៍ លោក ព្រាន ដូរ បានឱ្យដឹងថា នៅការដ្ឋានជួសជុល ខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម មានកម្មករជំនាញចំនួន២នាក់ ហើយការស្វែងរក ថ្មប្រាសាទដែលរលុះធ្លាក់ និងចល័តខុសពីទីតាំងដើម យកមករៀបផ្គុំឱ្យត្រូវឡើងវិញ ជួបការលំបាកច្រើនណាស់ ដោយចំនួនថ្មនៃតួខ្លោងទ្វារមានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ។

ម៉្យាង ការស្វែងរកថ្មដែលរលុះធ្លាក់ទាំងនោះបាន ទៀមទារភាពអំណត់ ទាល់តែមានចិត្តព្យាយាម រកឱ្យឃើញផ្នែកណាមួយ ជាមុនសិន ទើបមានមូលដ្ឋាន ស្វែងរកថ្មទៅតាមល្បាក់ ជាបន្តបន្ទាប់។ លោក ព្រាន ដូរ បញ្ជាក់ថា ក្នុងចំណោមថ្មប្រាសាទ ដែលងាយស្រួលស្វែងរក គឺថ្មដែលមានក្បាច់។

ដោយឡែកសម្រាប់ លោក តប់ តង អាយុ៥៨ឆ្នាំ ជាកម្មករជំនាញស្វែងរកថ្មម្នាក់ទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការរកថ្មសម្រាប់យកទៅ ជួសជុលប្រាសាទឱ្យត្រូវ តាមទីតាំងដើម និងបានពេញទម្រង់ដើមឡើងវិញ មានសារៈសំខាន់ណាស់ ដើម្បីរក្សាភាពដើមរបស់ប្រាសាទផង និងធ្វើឱ្យសំណង់រឹងមាំឡើងវិញផង។

លោក តប់ តង បានបង្ហាញឆន្ទៈមុតមាំថា ក្នុងនាមលោកជាអ្នក ទទួលខុសត្រូវលើការងាររកថ្ម គឺលោកនឹងខិតខំប្រើជំនាញ និងទេពកោសល្យ ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះ ខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដែលកំពុងដួលបាក់បែក ឱ្យឈរដូចដើមវិញ នៅពេលខាងមុខ។

សូមបញ្ជាក់ឲ្យដឹងផងថា ក្នុងចំណោមអ្នកស្រុកអង្គរ ដែលបានចូលរួមជួសជុល ថែរក្សាប្រាសាទបុរាណកន្លងមក អ្នកខ្លះមានវង្សត្រកូល ជាអ្នកជួសជុលអង្គរ អស់ជាច្រើនជំនាន់មកហើយ ដោយបន្តតាំងពីជំនាន់ជីតា ដល់ឪពុក រហូតកូនៗ ហើយពួកគាត់សប្បាយចិត្ត នឹងការផ្ទេរចំណេះដឹង ដល់អ្នកជំនាន់ក្រោយ ដើម្បីរួមគ្នាថែរក្សា កេរដូនតាឱ្យនៅគង់វង្ស ជាបន្តទៀតបន្ត ពីមួយជំនាន់ទៅមួយជំនាន់។

ប្រភពពីអាជ្ញាធរជាតិអប្សរា