សាកលវិទ្យាល័យអង់គ្លេសដំបូងបំផុត នៅកម្ពុជា (De Montfort University Cambodia) គ្រោងនឹងបើកដំណើរការជាផ្លូវការ នូវថ្នាក់កម្រិតបរិញ្ញា និងបរិញ្ញាបត្រជាន់ខ្ពស់ នៅក្នុងខែកញ្ញា ខាងមុខនេះហើយ!


ភ្នំពេញ៖ កាលពីចុងឆ្នាំ ២០២៣ កន្លងទៅ សាកលវិទ្យាល័យដឺម៉ុងហ្វ័រ (De Montfort University- DMU) នៃក្រុង Leicester ចក្រភពអង់គ្លេស បានធ្វើការប្រារព្ធពិធីសម្ពោធ ជាផ្លូវការរបស់ខ្លួន ដើម្បីបើកសាខាសាកលវិទ្យាល័យ នៃចក្រភពអង់គ្លេសដំបូងគេ នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាំ។ គួរឲ្យដឹងដែរថា សាកលវិទ្យាល័យចំណាស់មួយនេះ មានអាយុកាលជាង ១៥០ ឆ្នាំមកហើយ ដោយបានផ្តល់ការបង្រៀនបំផុសគំនិតដល់និស្សិត ហើយកំពុងនាំមកនូវ ការផ្តោតអារម្មណ៍លើឧត្តមភាព និងនាំមកនូវសាកលវិទ្យាល័យ ស្តង់ដាអន្តរជាតិ ដល់ប្រទេសកម្ពុជា ផងដែរ។

យ៉ាងណា ចាប់តាំងពីការប្រកាស បើកដំណើរការជាផ្លូវការមក DMU Cambodia ត្រៀមនឹងចាប់ផ្តើមបង្រៀន និស្សិតថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតដំបូងរបស់ខ្លួន នៅចុងខែកញ្ញា ឆ្នាំ២០២៤។ ដំណឹងនេះ កំពុងមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់និស្សិត និងមាតាបិតារបស់និស្សិតជាច្រើន ដោយមាននិស្សិតបានចុះឈ្មោះ ចូលរៀនលើមុខជំនាញ ជាបន្តបន្ទាប់ មកហើយដែរ។

ជាក់ស្តែង និស្សិតអាចជ្រើសរើស កម្មវិធីថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ ធុរកិច្ច និងព័ត៌មានវិទ្យា ដែលពេញនិយមចំនួនប្រាំបីដំបូង រួមមានការគ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ និងហិរញ្ញវត្ថុ និងវិទ្យាសាស្ត្រកុំព្យូទ័រជាដើម។ ដោយឡែក សម្រាប់និស្សិតថ្នាក់អនុបណ្ឌិត អាចចុះឈ្មោះសម្រាប់កម្មវិធី Global MBA ។

និស្សិតទាំងអស់នឹងត្រូវបាន បង្រៀនផ្ទាល់ ដោយក្រុមសិក្សាអន្តរជាតិ ជាមួយស្តង់ដារសិក្សារបស់ចក្រភពអង់គ្លេស ពិតប្រាកដដូច DMU នៅចក្រភពអង់គ្លេស ផងដែរ។ សញ្ញាបត្រដែលទទួលបាន ក៏នឹងត្រូវបានផ្តល់ដោយ DMU នៅចក្រភពអង់គ្លេសទៀតផង និងមានតម្លៃស្តង់ដាអង់គ្លេស និងក្នុងកម្រិតអន្តរជាតិ។

សម្រាប់វគ្គសិក្សាថ្នាក់បរិញ្ញាបត្រ មានអាហារូបករណ៍សម្រាប់និស្សិត ដែលទទួលលទ្ធផលល្អ ក្នុងការសិក្សា ឧត្តមភាពកីឡា សហគមន៍និងសិល្បៈច្នៃប្រឌិត និងឥទ្ធិពលក្នុងសង្គម។ សម្រាប់អ្នកដាក់ពាក្យចូលរៀនថ្នាក់អនុបណ្ឌិត មានផ្តល់ជូននូវអាហារូបករណ៍ អ្នកដឹកនាំសកល និងសហគ្រិនស្ត្រី។ អាហារូបករណ៍ទាំងអស់ត្រូវបានផ្តល់ ជូនសម្រាប់និស្សិតសិក្សា គ្រប់ឆ្នាំនៅ DMU Cambodia។

ក្នុងនោះដែរ នាយកប្រតិបត្តិនៃ DMU Cambodia លោក Sakina Zafar មានប្រសាសន៍ថា “DMU Cambodia ផ្តល់ជូននិស្សិតកម្ពុជា នូវកម្រិតសញ្ញាប័ត្រចក្រភពអង់គ្លេស ដែលទទួលស្គាល់ទូទាំងពិភពលោកដោយមិនចាំបាច់ទៅរៀននៅបរទេស។ DMU Cambodia យល់ពីសារៈសំខាន់ នៃការគាំទ្រអ្នកដឹកនាំនាពេលអនាគត និងអ្នកច្នៃប្រឌិតថ្មី ហើយមិនចង់ឱ្យឧបសគ្គ ផ្នែកហិរញ្ញវត្ថុរារាំងនរណាម្នាក់ ពីការសម្រេចគោលដៅរបស់ពួកគេឡើយ។ នោះហើយជាមូលហេតុ នៃការផ្តល់អាហារូបករណ៍ ដ៏គួរឱ្យទាក់ទាញជាច្រើន ដើម្បីជួយនិស្សិតដែលមាន ទេពកោសល្យពីគ្រប់មជ្ឈដ្ឋាន ឱ្យទទួលបានការអប់រំ ដែលពួកគេត្រូវការ។”

គូសសម្គាល់ថា សាកលវិទ្យាល័យរបស់អង់គ្លេសមួយនេះ នឹងបើកសាខារបស់ខ្លួន ដោយមានទីតាំងនៅកោះពេជ្រ រាជធានីភ្នំពេញ អគារសិក្សាថ្មីនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ DMU Cambodia ក្នុងការផ្តល់នូវការអប់រំ ដែលមានគុណភាពខ្ពស់ ដែលងាយស្រួល ក្នុងការទទួលបាន។

មួយវិញទៀត អ្វីដែលពិសេសនៃ ការផ្តល់ជូននិស្សិតនៅ DMU Cambodia គឺជាឱកាសដើម្បីផ្ទេរនិស្សិត ទៅរៀននៅសាខារបស់ DMU នៅក្រៅប្រទេស រួមទាំងចក្រភពអង់គ្លេស ក្នុងអំឡុងពេលសិក្សារបស់ពួកគេ។ ជម្រើសនេះនឹងមាន សម្រាប់និស្សិតទាំងអស់ បន្ទាប់ពីពួកគេបានបញ្ចប់ ការសិក្សាឆ្នាំទី១ នៅ DMU Cambodia។ DMU គឺមានលក្ខណៈពិសេស នៅក្នុងប្រទេសកម្ពុជា ដែលជាសាកលវិទ្យាល័យតែមួយគត់ របស់ចក្រភពអង់គ្លេស ដែលអាចផ្តល់ជូននូវជម្រើស ផ្ទេរពីសាកលវិទ្យាល័យ នៅចក្រភពអង់គ្លេសដោយផ្ទាល់ទៅកាន់ស្នាក់ការធំ នៅក្នុងចក្រភពអង់គ្លេសតែម្តង។

ក្រៅពីការផ្តល់ជូននូវស្តង់ដារសិក្សា និងការបង្រៀនរបស់ចក្រភពអង់គ្លេស លំដាប់ពិភពលោក បុគ្គលិកទាំងអស់នៅ DMU Cambodia ប្តេជ្ញាបង្កើតបរិយាកាស ដែលផ្តោតលើសុខភាព និងសុខុមាលភាពរបស់សិស្ស ដើម្បីជួយពួកគេឱ្យរស់នៅ ប្រកបដោយសុខភាពល្អ និងប្រកបដោយផលិតភាព ទៀតផង។