២ ខែដំបូងក្នុងឆ្នាំនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានដំណើរការ នាំចេញ-ចូល កើនឡើងខ្ទង់ ៣៨,៣% (កំណើនសរុបចំនួន ៦២៨ លានដុល្លារ) បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣!


ព្រះសីហនុ៖ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងនាពេលថ្មីៗនេះថា ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៤ ការនាំចេញនិងនាំចូលទំនិញ ដោយសហគ្រាសផលិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មធំ និងដំណើរការយូរជាងគេបំផុតមួយ របស់ប្រទេសកម្ពុជា មានកំណើនសរុបចំនួន ៦២៨ លានដុល្លារ។ ជាក់ស្តែង សមិទ្ធិផលនេះមានការកើនឡើង ៣៨,៣% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ហើយបានបង្ហាញពីសន្ទុះ ដែលកំពុងបន្តសម្រាប់ តំបន់សេដ្ឋកិច្ចពិសេសនេះ ដោយបានឃើញទិន្នផល កើនឡើងពេញមួយឆ្នាំមុន។

បន្ថែមពីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងទៀតថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានស្វាគមន៍សហគ្រាសថ្មីចំនួន ៨ ក្នុងអំឡុងពេលពីរខែដើមឆ្នាំឆ្នាំនេះ ដែលធ្វើអោយចំនួនអាជីវកម្មអន្តរជាតិសរុប ដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់នេះ កើនពី១៨០ ដល់១៨៨។

របាយការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីដើមឆ្នាំនេះ SSEZ បានបន្តលើកកម្ពស់ ការប្រកួតប្រជែងផ្នែកឧស្សាហកម្ម នៃតំបន់របស់ខ្លួន ដោយផ្តោតលើការទាក់ទាញ ការវិនិយោគក្នុងវិស័យផលិតកម្មដូចជា គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់រថយន្ត សំបកកង់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យថ្មី ជាដើម។ ទន្ទឹមនឹងការចាប់ផ្តើមដ៏រឹងមាំ សម្រាប់ឆ្នាំ២០២៤ SSEZ បានឃើញការកើនឡើងយ៉ាងខ្លាំង នៃអត្រាចំណូលពេញមួយឆ្នាំមុន។

ដោយឡែក ទំហំនៃការនាំចេញ-នាំចូលរួម នៃរោងចក្រ និងសហគ្រាសទាំងអស់ នៅក្នុង SSEZ សរុបមានចំនួន ៣ ៣៦២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលតំណាងឱ្យការកើនឡើង ៣៤,៨៦% ធៀបនឹងរយៈពេលមួយឆ្នាំ ពីប្រាក់ចំណូល ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ តម្លៃពាណិជ្ជកម្មនៃតំបន់នេះ បានរួមចំណែកដល់ប្រហែល ៧,១៨% នៃពាណិជ្ជកម្មសរុបរបស់កម្ពុជាកាលពីឆ្នាំមុន។ ការបណ្តាក់ទុនរួមគ្នាដោយ វិនិយោគិនចិន និងកម្ពុជា SSEZ តំណាងឱ្យគម្រោងដ៏លេចធ្លោមួយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) ។

គួររម្លឹកដែរថា SSEZ គឺជាតំបន់ឧស្សាហកម្មដ៏ធំបំផុត របស់ប្រទេសកម្ពុជា ទាក់ទងនឹងទំហំ និងការកាន់កាប់ ហើយត្រូវបានបើកដំណើរការអាជីវកម្ម របស់ខ្លួនដំបូង ក្នុងឆ្នាំ២០០៨ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលសហការដៃគូ ជាមួយក្រុមហ៊ុនចិន Jiangsu Taihu Cambodia International Economic Cooperation Investment Co Ltd និងក្រុមហ៊ុន Cambodia International Investment Development Group Co Ltd (CIIDG)។

គិតត្រឹមឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចទំហំ១១គីឡូម៉ែត្រការ៉េ បានទាក់ទាញការវិនិយោគសរុបចំនួន ២,២៧ ពាន់លានដុល្លារ ដោយមានសហគ្រាសមកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ីអាគ្នេយ៍ ព្រមទាំងប្រទេស និងតំបន់ផ្សេងទៀត។ SSEZ ក៏បានបង្កើតការងារជាង ៣០ ០០០កន្លែង ផងដែរ។

យ៉ាងណា កំណើនពាណិជ្ជកម្មរបស់ SSEZ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ក៏ឃើញមាននិន្នាការកើនឡើង ទូទាំងប្រទេសផងដែរ។ យោងតាមរបាយការណ៍បណ្តោះអាសន្ន ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ក្នុងខែនេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា បានលើសពី ៨ ពាន់លានដុល្លារ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៤។

យ៉ាងណា ក្នុងរយៈពេលខែមករា និងកុម្ភៈ ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាបានលើសពី ៣,៩ ពាន់លានដុល្លារ កើនឡើង ២២ ភាគរយធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចូលសរុបមានជាង ៤,១ពាន់លានដុល្លារ ដែលបង្ហាញពីការកើនឡើង ១៦,១%។

ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបរិក្ខារផ្សុំសម្លៀកបំពាក់ ក៏មានការកើនឡើងគួរឱ្យ កត់សម្គាល់ផងដែរ ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ បន្ទាប់ពីមានការធ្លាក់ចុះ មួយចំនួន ក្នុងឆ្នាំ២០២៣។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា គឺនាំមុខដោយប្រទេសចិន និងតាមពីក្រោយដោយវៀតណាម និងអាមេរិក។