ព្រលានយន្ដហោះតូចបំផុតទាំង ១០ លើពិភពលោក


នៅពេលនិយាយពីអាកាសយានដ្ឋាន យើងតែស្រមៃឃើញពី ទីលានចុះចតយន្ដហោះធំ មានផ្លូវហោះហើរប្រវែងវែង និងទីលានចំណតយន្ដហោះ ស្ថានីយ៍អ្នកដំណើរ និងហេដ្ឋារចនាសម្ព័ន្ធធ្វើដំណើរ ដ៏ធំទូលាយ។ យ៉ាងណាមិញ ព្រលានយន្ដហោះ មិនប្រាកដថាទំហំធំទាំងអស់ នោះទេ ពីព្រោះព្រលានយន្ដហោះ ដ៏តូចបំផុតលើលោក មានផ្លូវហោះហើរ ប្រវែងត្រឹមតែ ៤០០ ម៉ែត្រប៉ុណ្ណោះ។

ដូចនេះ យើងនឹងមកស្គាល់ ព្រលានយន្ដហោះតូចៗបំផុតទាំង ១០ នៅជុំវិញពិភពលោក។

១. ព្រលានយន្ដហោះ Juancho E. Yrausquin Airport៖ ស្ថិតនៅតំបន់ប្រជុំកោះ Saba ប្រទេសហូឡង់ គឺជាព្រលានយន្ដហោះពាណិជ្ជកម្ម មានផ្លូវហោះហើរខ្លីបំផុត ប្រវែងត្រឹមតែ ៤០០ ម៉ែត្រប៉ុណ្ណោះ។ ព្រលាននេះ បានសាងសង់រួចរាល់តាំងពីឆ្នាំ ១៩៦៣ និងបានប្រតិបត្តិការដោយ ក្រុមហ៊ុនអាកាសចរណ៍ Winair ដោយប្រើប្រាស់ប្រភេទយន្ដហោះខ្នាតតូច។

២. ព្រលានយន្ដហោះ Charles Kirkconnell International Airport៖ ស្ថិតនៅលើកោះ Cayman Brac នៅតំបន់ប្រជុំកោះ Caribbean ទ្វីបអាមេរិក ព្រលានយន្ដហោះនេះ មានផ្លូវហោះហើរប្រវែង ១,៨ គីឡូម៉ែត្រ ទទឹង ៤៥ ម៉ែត្រ អ្នកដំណើរអាចទស្សនាផ្ទៃសមុទ្រដ៏ស្រស់ស្អាត នៅសមុទ្រ Caribbean។ យ៉ាងណាមិញ ព្រលានយន្ដហោះនេះ បម្រើការហោះហើរយន្ដហោះខ្នាតតូច ត្រឹមតែ ៤ ជើងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

៣. ព្រលានយន្ដហោះ Moshoeshoe I Airport៖ ព្រលានយន្ដហោះនេះ មានទំហំតូច ប៉ុន្តែមានផ្លូវហោះហើរចំនួន ២ ខ្សែ ដោយមានប្រវែង ៣ ២០០ x ៤៥ ម៉ែត្រ និង ១ ០១០ x ២៣ ម៉ែត្រ គឺជាច្រកធ្វើដំណើរយ៉ាងសំខាន់ចូលទៅកាន់ប្រទេស Lesotho ដែលស្ថិតនៅតំបន់ភ្នំ មានកម្ពស់ ១ ៦៣០ ម៉ែត្រលើនេវ៉ូទឹកសមុទ្រ នៅឯទ្វីបអាហ្វ្រិកខាងត្បូង។

៤. ព្រលានយន្ដហោះ Barra Airport៖ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ១៩៧៨ ស្ថិតនៅឆ្នេរសមុទ្រ Traigh Mhor តំបន់ចុងកោះ Barra ប្រទេសស្កុតឡេន គេជឿជាក់ថា នេះគឺព្រលានយន្ដហោះតែមួយគត់ លើលោក ដែលប្រើប្រាស់ឆ្នេរសមុទ្រ ជាផ្លូវហោះហើររបស់យន្ដហោះ ហើយមានគោលដៅ ធ្វើដំណើរតែមួយគត់ គឺហោះហើរពីទីក្រុង Glasgow ប្រទេសស្កុតឡេន។

៥. ព្រលានយន្ដហោះ Morgantown Municipal Airport៖ មានទំហំត្រឹមតែ ២០០ ហិកតា ស្ថិតនៅរដ្ឋ West Virginia សហរដ្ឋអាមេរិក ព្រលានយន្ដហោះនេះ មានផ្លូវហោះហើរប្រវែង ១ ៥៨៥ ម៉ែត្រ x ៤៦ ម៉ែត្រ។ ត្រូវបានហោះហើរដំបូង កាលពីឆ្នាំ ១៩៤៩ ព្រលានយន្ដហោះនេះ បានទទួលអ្នកដំណើរប្រមាណ ១ ម៉ឺននាក់ក្នុងមួយឆ្នាំ។

៦. ព្រលានយន្ដហោះ Tenzing-Hillary Airport ឬ Lukla Airport៖ គឺជាព្រលានយន្ដហោះ ដ៏គ្រោះថ្នាក់បំផុត និងទំហំតូចបំផុតមួយ លើពិភពលោក ដោយសារតែស្ថិតនៅជុំរំជើងភ្នំ Everest (Everest base camp) មានកម្ពស់ ២ ៨៤៦ ម៉ែត្រ លើនេវ៉ូទឹកសមុទ្រ និងមានផ្លូវហោះហើរប្រវែងត្រឹមតែ ៥២៧ ម៉ែត្រ វាគឺជាព្រលានយន្ដហោះ មានកម្ពស់ខ្ពស់បំផុតលើលោក ដែលព័ទ្ធជុំវិញដោយជួរភ្នំ។ យ៉ាងណាមិញ យើងអាចហោះហើរទៅកាន់ព្រលានយន្ដហោះនេះ ដោយការធ្វើដំណើរក្នុងស្រុក នៃប្រទេសនេប៉ាល់ប៉ុណ្ណោះ។

៧. ព្រលានយន្ដហោះហ្លួងព្រះបាង៖ បើកដំណើរការកាលពីឆ្នាំ២០១៣ នេះគឺជាព្រលានយន្ដហោះអន្តរជាតិ ដែលមានទំហំតូច និងមានផ្លូវហោះហើរប្រវែង ២ ៥០០ ម៉ែត្រ ប៉ុន្តែមានសមត្ថភាព អាចទទួលជើងហោះហើរអន្តរជាតិ មកពីច្រើនគោលដៅ ដូចជា៖ សៀមរាប បាងកក ហាណូយ វៀងច័ន្ទន៍ ឈៀងម៉ៃ ប៉ាកសេ និងពីប្រទេសចិនផងដែរ។

៨. ព្រលានយន្ដហោះ Dawson Community Airport៖ ស្ថិតនៅរដ្ឋ Montana សហរដ្ឋអាមេរិក បានបើកដំណើរការកាលពីឆ្នាំ១៩៧០ ព្រលានយន្ដហោះនេះ មានប្រតិបត្តិការយន្ដហោះតែ ១ គ្រឿងគត់របស់ក្រុមហ៊ុន Cape Air ហោះហើរពីព្រលានយន្ដហោះ Billings Logan International Airport ដោយមានអ្នកដំណើរប្រមាណ ៤ ៣៣០ នាក់ក្នុងមួយឆ្នាំ។

៩. ព្រលានយន្ដហោះ St. Barts Airport៖ បានបើកដំណើរការក្នុងឆ្នាំ ១៩៨៤ ស្ថិតនៅលើកោះ Saint Barthélemy មានផ្លូវហោះហើរ ប្រវែង ៦៤៦ ម៉ែត្រ x ២០ ម៉ែត្រ ស្ថិតក្នុងចំណោម ព្រលានយន្ដហោះផ្លូវរត់ខ្លីបំផុតមួយ និងទំហំតូចបំផុតមួយលើលោក ដែលមានសមត្ថភាព ទទួលយន្ដហោះខ្នាតតូច អាចដឹកអ្នកដំណើរ បានត្រឹមតែ ៤៨ នាក់ប៉ុណ្ណោះ។

១០. ព្រលានយន្ដហោះ Svalbard Airport៖ បានបើកដំណើរក្នុងឆ្នាំ ១៩៧៥ ស្ថិតនៅតំបន់ដាច់ស្រយាលមួយ ក្នុងប្រទេសន័រវ៉េស ព្រលានយន្ដហោះនេះ មានផ្លូវហោះហើរប្រវែង ២ ៤៨០ ម៉ែត្រ ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Finnair ឬ Norwegian Shuttle Airlines ដែលទទួលអ្នកដំណើរបាន ១៥០ ០០០ នាក់ក្នុងមួយឆ្នាំ។

 

ប្រភព៖ My Fly Right