វត្តទួលទំពូង នឹងមានទីធ្លាសួនបៃតង លក្ខណៈទំនើប ដែលនឹងប្រើជាកន្លែងលំហែកម្សាន្ត ហាត់ប្រាណ និងសកម្មភាពជួបជុំផ្សេងៗ!


ភ្នំពេញ៖ កាលពីថ្ងៃទី ២៩ធ្នូឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានអញ្ជើញអមដំណើរ ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះសិក្សា និងសម្រេចយក គម្រោងរៀបចំកែលម្អ ទីធ្លាវត្តមុន្នីរតនារាម (ហៅវត្តទួលទំពូង) ដែលនឹងប្រែក្លាយជាសួនបៃតង ក្នុងរាជធានី មានលក្ខណៈទំនើប អាចប្រើប្រាស់សម្រាប់ លំហែកម្សាន្ត ការហាត់ប្រាណ និងសកម្មភាពការជួបជុំផ្សេងៗ ជាដើម។

វាត្រូវបានស្គាល់ថាជា សួនសាមគ្គី គឺជាគម្រោងដែលផ្តោតទៅលើ ទីលានបៃតងខ្នាតតូច ដើម្បីលើកកម្ពស់សុខមាលភាព ទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្តប្រកប ដោយសុខដុមរមនា និងសាមគ្គីភាព នៅក្នុងសង្គម ដើម្បីជាការអនុវត្ត ឱ្យស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ប្រសាសន៍របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពីការរៀបចំ និងកែលម្អលំហសាធារណៈ និងលំហបៃតង តាមបណ្តារាជធានី-ខេត្ត ទាំង២៥។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយ និងគាំទ្រ ដោយក្រុមហ៊ុន ជីប ម៉ុង ចុះសិក្សា និងសម្រេចយក គម្រោងរៀបចំកែលម្អ ទីធ្លាវត្តមុន្នីរតនារាម (ហៅវត្តទួលទំពូង) ជាដំណាក់ការនៃការចាប់ផ្តើម Pilot Project ក្នុងការកែប្រែសោភ័ណភាពទីក្រុងឱ្យបានប្រសើរឡើង សម្រាប់ការគោរពបូជារបស់ពុទ្ធសាសនិក និងបន្ថែមមុខងារថ្មី គឺប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់នេះ អាចប្រើប្រាស់សម្រាប់ សកម្មភាពការជួបជុំ លំហែកម្សាន្ត ការហាត់ប្រាណ ជាដើម។

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា លំហសាធារណៈ និងលំហបៃតង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងទីក្រុង។ ជាក់ស្តែង ការបង្កើត និងការកែលម្អលំហសាធារណៈ និងលំហបៃតងនេះ បានរួមចំណែកលើកកម្ពស់ សោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សម្តៅធ្វើទីក្រុងក្លាយជា ទីកន្លែងទាក់ទាញការវិនិយោគ ទេសចរណ៍ និងបរិស្ថានល្អ ជាទីសុខដុមសម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋផងដែរ។

ប្រភព៖ គណនីផ្លូវការ ឯ. រដ្ឋលេខាធិការ ផារ៉ា មង្គល