ប្រលាយបង្ហូរទឹកកង្វក់នៅក្រុងតាខ្មៅ ទទួលបានការស្ថាបនាថ្មីដើម្បីរក្សាអនាម័យល្អ និងសុខុមាលភាព!

ការត្រួតពិនិត្យទៅលើបញ្ហាប្រព័ន្ធលូបង្ហូរទឹកកង្វក់ឲ្យបានត្រឹមត្រូវ ក៏បានចាត់ទុកជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយសម្រាប់ទីក្រុង និងទាក់ទាញការវិនិយោគមួយផ្នែកផងដែរ ព្រោះប្រព័ន្ធលូសម្រាប់បង្ហូរទឹកកង្វក់ បានដើរតួនាទីយ៉ាងចាំបាច់ក្នុងការរំដោះទឹកភ្លៀងមិនឲ្យមានបញ្ហាលិច ថែរក្សាអនាម័យ និងរក្សាសណ្ដាប់ធ្នាប់ក្នុងទីក្រុង។ ហេតុដូចនេះទើប មន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានបន្ដរចុះអនុវត្តការងារប្រចាំថ្ងៃ ដោយព្យាយាមដាក់លូតាមបណ្ដោយប្រឡាយត្រពាំងរលួស និងជ្រលងសេក, ធ្វើការស្តារប្រឡាយខ្សែទី ៣ (ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ក្នុងក្រុងតាខ្មៅ), និងធ្វើការសម្អាតស្ថាននីយបូមទឹកកខ្វក់ព្រែករាំងផងដែរ។  

ចំពោះប្រឡាយបង្ហូរទឹកទី ១ នៅក្រុងតាខ្មៅនេះ គឺមានប្រវែង ១,៤០០ ម៉ែត្រ បំពាក់ដោយលូប្រវែង ២ ម៉ែត្រការ៉េ មានចំនួន ២ ខ្សែស្ថិតនៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលក្រុមអ្នកជំនាញព្យាករណ៍ថាអាចនឹងបញ្ចប់រួចរាល់ មុនចូលឆ្នាំខ្មែរខាងមុខនេះ។ ប្រឡាយបង្ហូរទឹកកង្វក់នេះ ត្រូវបានចុះត្រួតពិនិត្យជាក់ស្ដែង នៅព្រឹកថ្ងៃទី ០១ វិច្ឆិកា ២០១៩ នេះពីសំណាក់ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន មានឯកឧត្តម ស៊ុន ចាន់ថុល ជាថ្នាក់ដឹកនាំ ដើម្បីតាមដាននូវផ្នែកបច្ចេកទេស និងវឌ្ឍនភាពនៃការសាងសង់ប្រកបដោយប្រសិទ្ធភាព ដើម្បីធានានូវគុណភាពសំណង់ដែលអាចឆ្លើយតបទៅនឹងការអភិវឌ្ឍន៍តំបន់នោះ។ ប្រឡាយនេះនឹងចូលរួមចំណែកក្នុងការបង្កើននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ, អនាម័យល្អ, បរិស្ថានស្រស់បំព្រង, ការពារទឹកជំនន់, និងការទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាវិនិយោគិនជាតិ និងអន្ដរជាតិផងដែរ។ 

គោលបំណងនៃការស្តារ និងស្ថាបនាប្រឡាយបង្ហូរទឹកកង្វក់នេះ មិនមែនត្រឹមតែអនុវត្តន៍នៅក្នុងក្រុងតាខ្មៅតែមួយនោះទេ ព្រោះគឺត្រូវអនុវត្តនៅតាមបណ្ដាក្រុងនានាទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើតប្រសិទ្ធភាពការរំដោះទឹកភ្លៀង និងថែរក្សាអនាម័យទីក្រុងទាំងអស់ឲ្យមានសណ្ដាប់ធ្នាប់ផ្នែកបង្ហូរទឹកកង្វក់។