អតីតព្រះវិហារនៅទីក្រុងប៉េកាំង បានក្លាយជាភោជនីយដ្ឋានល្អបំផុតនៅលើ TripAdvisor!

ស្ថិតនៅកណ្តាលរដ្ឋធានីប៉េកាំង ប្រទេសចិន ព្រះវិហារសាសនាបុរាណមួយបានប្រែក្លាយទៅជាភោជនីយដ្ឋានទំនើប ដែលបំរើនូវអាហារបែបអឺរ៉ុប ផ្សំជាមួយគ្រឿងទេសរបស់ចិន កំពុងតែល្បីល្បាញខ្លាំងបំផុតនៅក្នុងទីក្រុងប៉េកាំង និងទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើ TripAdvisor ពីការឲ្យពិន្ទុរបស់ភ្ញៀវទេសចរណ៍រាប់លាននាក់នៅលើពិភពលោក។ ភោជនីយដ្ឋាននេះមានឈ្មោះថា TRB Hutong ដែលត្រូវគេដាក់ឈ្មោះនៅលើ TripAdvisor ថាកន្លែងល្អបំផុតសម្រាប់អាហារពេលល្ងាចដោយនៅលើមីនុយមានអាហារជាច្រើនប្រភេទប៉ុន្តែឈុតដែលពេញនិយមគឺមានតម្លៃចាប់ពី៦៨៨យ័នឬ៩៧ដុល្លារឡើងទៅសម្រាប់ម្ហូបឈុតមាន៥មុខរួមជាមួយស្រាល្បីៗជាង៩៥០ប្រភេទទៀត។

លោក Ignace Lecleir ជាម្ចាស់ភោជនីយដ្ឋានផ្ទាល់ បានផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CNN Travel ថាលោកពិតជាសប្បាយចិត្តនៅពេលដែលភោជនីយដ្ឋានរបស់លោកទទួលបានមតិវិជ្ជមានច្រើនបែបនេះនៅលើ TripAdvisor ដែលធ្វើឲ្យចំនួនអតិថិជនកើនឡើងជាលំដាប់ផងដែរ។ភោជនីយដ្ឋានរបស់លោកគឺបើកដំបូងនៅក្នុងឆ្នាំ២០១២ដែលត្រឹមតែរយៈពេល៧ឆ្នាំប៉ុណ្ណោះវាអាចឡើងមកដល់ចំណុចកំពូលបានហើយគំនិតនៃការបើកភោជនីយដ្ឋាននេះគឺការរៀបចំជាភោជនីយដ្ឋានទំនើបបែបអឺរ៉ុបប៉ុន្តែស្ថិតនៅក្រោមរូបភាពនៃវប្បធម៌របស់ចិនដែលទាក់ទាញប្លែកពីភោជនីយដ្ឋានផ្សេងទៀត។

កាលពីឆ្នាំ ២០១៨ កន្លងទៅភោជនីដ្ឋាន TRB Hutong បានស្ថិតនៅចំណាត់ថ្នាក់លេខ ៧ លើ TripAdvisor ដែលណែនាំដោយភ្ញៀវរាប់លាននាក់ ប៉ុន្តែឆ្នាំនេះបានឡើងដល់លេខ ១ ជាភោជនីយដ្ឋានទទួលបានមតិវិជ្ជមានច្រើនជាងគេ ហើយភាពជោគជ័យកើតឡើងដោយសារការបម្រើសេវាកម្មល្អ ដែលភ្ញៀវដែលបានចូលមកគឺត្រូវបានបម្រើជា VIP (very important person) តែម្ដង, ទាំងការរៀបចំទីតាំង ជាផ្នែកមួយនៃវប្បធម៌, គុណភាពនៃមុខម្ហូបទាំងអស់, ហើយត្រូវប្រាកដថាភ្ញៀវដែលបានចេញទៅមិនពេញចិត្តលើចំណុចណាមួយឡើយ។ ជាងនេះទៅទៀត ភោជនីយដ្ឋាន TRB Forbidden City ដែលជាសាខានៃភោជនីយដ្ឋាននេះក៏ជាប់ជាភោជនីយដ្ឋានល្អដាច់គេនៅទីក្រុងប៉េកាំងប្រទេសចិនផងដែរ។

ចំពោះភោជនីយដ្ឋានដែលស្ថិតនៅលើតារាងកំពូល ដែលមានការណែនាំពីភ្ញៀវច្រើនជាងគេបំផុតទាំង ១០ កន្លែងនៅលើ TripAdvisor ពេលនេះរួមមាន៖ 

. ភោជនីយដ្ឋាន TRB Hutong ក្រុងប៉េកាំង ប្រទេសចិន

. ភោជនីយដ្ឋាន Epicure ក្រុងប៉ារីស ប្រទេសបារាំង

. ភោជនីយដ្ឋាន Ristorante Villa Crespi ទីក្រុង Orta San Giulio ប្រទេសអ៊ីតាលី

. ភោជនីយដ្ឋាន Benazuza ទីក្រុង Cancun ប្រទេសម៉ិចស៊ិចកូ

. ភោជនីយដ្ឋាន The Jane ទីក្រុង Antwerp ប្រទេសប៊ែលហ្ស៊ិក

. ភោជនីយដ្ឋាន Le Brouillarta ទីក្រុង Saint-Jean-de-Luz ប្រទេសបារាំង

. ភោជនីយដ្ឋាន David’s Kitchen ទីក្រុងឈៀងម៉ៃ ប្រទេសថៃ

. ភោជនីយដ្ឋាន El Celler de Can Roca ទីក្រុង Girona ប្រទេសអេស្ប៉ាញ

. ភោជនីយដ្ឋាន Aramburu ទីក្រុង Bueno Aires ប្រទេសអាហ្សង់ទីន

១០. ភោជនីយដ្ឋាន Adam’s ទីក្រុង Birmingham ចក្រភពអង់គ្លេស