កម្ពុជានឹងទទួលរបបទឹកភ្លៀងមួយរយៈទៀត ស្ដីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទិ ០៧ ដល់ថ្ងៃទី ១៣ វិច្ឆកា ឆ្នាំ ២០១៩

ជាធម្មតា ស្ថានភាពអាកាសធាតុក្នុងប្រទេសកម្ពុជាជាតំបន់ត្រូពិច រដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើនព្រោះរបបខ្យល់មូសុងបក់ពីទិសនិរតី និងត្រូវបញ្ចប់នៅត្រឹមខែតុលា ហើយនៅខែវិច្ឆិកាទៅខ្យល់ត្រជាក់នឹងចាប់ផ្ដើមចុះមក ចំណែកឯទឹកភ្លៀងក៏ទទួលបានច្រើនដូចមុនផងដែរ។ ប៉ុន្តែក្នុងមួយរយៈពេលនេះ អាកាសធាតុត្រូវបានដំណើរការមិនប្រក្រតីដោយសារការទទួលរងឥទ្ធិពលព្យុះម្យ៉ាង ដែលកម្ពុជាបានឲ្យឈ្មោះថា ណាគ្រី (NAKRI) ជាព្យុះទី ២៤ កកើតឡើងដោយសារបាតុភូត សម្ពាធទាបសកម្មស្ថិតនៅក្នុងក្បែរប្រទេសវៀតណាម អស់រយៈពេល ២-៣ ថ្ងៃមកហើយ បានបង្កើនឥទ្ធិពលទៅជាវិសម្ពាធ (TD)។ 

យោងតាមសេចក្ដីចុះផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា ព្យុះ ណាគ្រី នឹងបក់ចូលប្រទេសវៀតណាមនៅចំណុចលើខេត្តញ៉ត្រាង នៅយប់ថ្ងៃទី ០៩ ឆ្លងចូលថ្ងៃទី ១០ ខែវិច្ឆិកា ហើយឥទ្ធិពលរបស់វានឹងថមថយជាបន្តបន្ទាប់ចូលមកដល់ប្រទេសកម្ពុជាយើង ក្នុងកម្រិតជាសម្ពាធទាប (Low) នៅយប់ថ្ងៃទី ១០ ឆ្លងចូលថ្ងៃទី ១១ ខែវិច្ឆិកា។ 

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១- ចាប់ពីថ្ងៃទី ០៧-១៣ ខែវិច្ឆិកា៖ បណ្ដាខេត្តក្រុងនានានៅភាគខាងក្រោម និងតំបន់មាត់សមុទ្រ និងអាចមានភ្លៀងតិចតួច។ 

២- ចាប់ពីថ្ងៃទី ០៧-០៩ ខែវិច្ឆិកា៖ បណ្ដាខេត្តនៅភាគកណ្ដាលខាងជើង និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងតិចតួច។ បន្ទាប់មកនៅថ្ងៃទី ១០-១១ ខែវិច្ឆិកា នឹងអាចមានភ្លៀងតិចទៅមធ្យម។ 

យ៉ាងណាមិញ នេះមិនមែនជាព្យុះកាចដែលធ្វើឲ្យយើងព្រួយបារម្ភឡើយ ពោលនេះគ្រាន់តែជាបាតុភូតមួយដែលធ្វើឲ្យស្ថានភាពអាកាសធាតុនៃតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាយើងដំណើរការមិនប្រក្រតីប៉ុណ្ណោះ និងបង្កជាភ្លៀងធ្លាក់បន្ដិចបន្ដួចឬមធ្យមទៅតាមតំបន់ ដែលប្រជាជនកម្ពុជាយើងគួរដឹងជាមុន នៅពេលដែលធ្វើដំណើរកម្សាន្ដ នាថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ប្រពៃណីជាតិ ខាងមុខនេះ។