ភ្នំពេញ៖ រាជធានីភ្នំពេញ កំពុងតែមានការវិវឌ្ឍន៍ខ្ពស់ ហើយការអភិវឌ្ឍនេះគឺជាកត្តា ដែលជម្រុញឲ្យមានការមម៉ាញឹកទៅលើការធ្វើដំណើរ មិនថាផ្លូវគោកប៉ុណ្ណោះទេ ផ្លូវអាកាស ក៏កំពុងតែមានការកើនឡើងផងដែរ។ អាស្រ័យហេតុនេះ ការផ្គត់ផ្គង់នាពេលបច្ចុប្បន្ន នៃអាកាសយានដ្ឋានភ្នំពេញ នៅមិនទាន់អាចឆ្លើយតបបានទៅនឹងសេចក្ដីត្រូវការបច្ចុប្បន្ននៅឡើយទេ ទើបបានជាដូច្នេះហើយ កាលពីសប្ដាហ៍ទីមួយ នៃខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airports ទើបតែសម្ភោធដាក់ឲ្យប្រើប្រាស់នូវចំណតយន្តហោះប្រភេទ C ថ្មីមួយ អាចធ្វើជាចំណតសម្រាប់យន្តហោះ ១២ គ្រឿង ស្ថិតក្រោមការចំនាយប្រមាណជា ៨ លានដុល្លារអាមេរិក។
មិនតែប៉ុណ្ណោះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports បានឲ្យដឹងបន្ថែមទៀតថា ចំណតសម្រាប់យន្តហោះ នឹងធ្វើការសាងសង់ បង្កើនចំនួនបន្ថែមទៀត នៅក្នុងខែធ្នូ ខាងមុខនេះ ដែលចំនួនចំណតទាំងមូល នឹងមានការកើនឡើងរហូតដល់ ៣០ កន្លែង សម្រាប់យន្តហោះខ្នាតមធ្យមប្រភេទ C។ ការបង្កើនទីតាំងសម្រាប់ចតយន្តហោះថ្មីនេះ ត្រូវបានឲ្យដឹងបន្ថែមទៀត វានឹងជួយដោះស្រាយបញ្ហាកកស្ទះ និងពន្លឿនការហោះហើរបានកាន់តែឆាប់រហ័ស និងធ្វើឲ្យចំនួនសរុប នៃទីតាំងចុះចតមានការកើនឡើងដល់ចំនួន ៤២ កន្លែង ដោយសង្ឃឹម និងជឿជាក់ ថានឹងជួយដោះស្រាយចរាចរណ៍ នៃជើងហោះហើរតាមផ្លូវអាកាសបានមួយកម្រិតទៀត នាឆ្នាំ ២០២០ ខាងមុខ។
Cambodia Airports បានបញ្ជាក់បន្ថែមទៀតថា ចំណតទាំងនេះនឹងត្រូវដាក់ប្រើជាចម្បងសម្រាប់ចតយន្តហោះដែលត្រូវការចតរយៈពេលយូរ ដោយចំណតថ្មីទាំងនោះ នឹងប្រើសម្រាប់យន្តហោះប្រភេទ C ដូចជា A320 និង B737 ដែលជាប្រភេទយន្តហោះចាប់ពីខ្នាតតូច រហូតដល់ មធ្យម។ ដោយសារតែប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ភាគច្រើនប្រើសម្រាប់យន្តហោះខ្នាតតូចនិងមធ្យម ម្យ៉ាង គម្រោងព្រលានយន្តហោះថ្មី របស់រាជធានីភ្នំពេញតម្លៃដល់ទៅ ១,៥ ពាន់លានដុល្លារ ស្ថិតក្នុងខេត្តកណ្តាល និងតាកែវ ដែលមានផ្ទៃក្រឡារហូតដល់ទៅទ ២,៦០០ ហិចតា ក៏កំពុងចាប់ផ្ដើមក្នុងការសាងសង់ដែរ ដែលនៅទីនោះ នឹងបើកសិទ្ធិកាន់តែសំបូរបែបសម្រាប់យន្តហោះខ្នាតយក្ស និងធំៗធ្វើការចុះចតបានយ៉ាងងាយស្រួល ផ្ដល់នូវភាពបត់បែន និងបង្កើនជើងហោះហើរបានកាន់តែច្រើនបន្ថែមទៀត។
បច្ចុប្បន្ន ប្រលានយន្តហោះទាំង ៣ របស់កម្ពុជា រួមមានព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះសៀមរាប និងនៅខេត្តព្រះសីហនុ បានហោះហើរទៅកាន់ទីតាំង ប្រមាណជា ៥៥ គោលដៅ សរុបប្រមាណ ៧០០ ជើងហោះហើរក្នុង ១សប្តាហ៍។ ដោយនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ទើបបានជាដូច្នេះហើយ ការពង្រីកជើងហោះហើរកាន់តែច្រើន គឺជាកត្តាចាំបាច់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរនៅកម្ពុជា។
ប្រភព៖ Cambodia Airports