ភ្នំពេញ៖ បច្ចុប្បន្នស្ថានភាព មន្ទីរពេទ្យកាលម៉ែត្រ កំពុងស្ថិតក្នុងកិច្ចដំណើរការសាងសង់អគារថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គម ដែលកំពុងមានការអភិវឌ្ឍឥតឈប់ឈរ និងមានតម្រូវការកើនឡើងខ្ពស់។ ជាក់ស្ដែង អ្វីដែលយើងមើលឃើញ គឺកិច្ចដំណើការ នៃការសាងសង់នោះ គឺមិនទាន់សម្រេចបានជោគជ័យនៅឡើយទេ ខណៈពេលដែលក្រសួង សុខាភិបាល ខ្វះលទ្ធភាព ខាងថវិការ ក្នុងការជម្រុញឲ្យការកសាងសំណង់អគារ រលូនទៅមុខ ដើម្បីរួចរាល់ឲ្យបានឆាប់រហ័ស បើកបម្រើសេវាកម្មជូនប្រជាពលរដ្ឋ។
ស្របពេលនេះដែរ យោងតាមសេចក្ដីប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមហ្វេសបុកមុននេះបន្តិច ឃើញថា ជុំវិញការយកចិត្តទុកដាក់នូវសុខទុក្ខរបស់ប្រជារាស្ត្រ និងស្របពេល ដែលសម្ដេច បានចំនាយពេលដ៏មានតម្លៃចំនួន ៣ ថ្ងៃ សម្រាប់កំដរម្ដាយក្មេក ដែលបានសំរាក ព្យាបាល នៅមន្ទីពេទ្យកាលម៉ែត្រ សម្ដេចបានពិនិត្យ មើលឃើញនូវតួនាទីយ៉ាងសំខាន់របស់ការពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាជន។ ក៏ប៉ុន្តែ ផលវិបាកនោះគឺថា ក្រសួងសុខាភិបាល មានកង្ខះខាតផ្នែកថវិការ ទើបបានជាដូច្នេះហើយ សម្ដេច បានសម្រេចបញ្ចេញថវិការរដ្ឋចំនួន ៣០ លានដុល្លារ ដើម្បីជួយជ្រុមជ្រែង បន្តធ្វើការសាងសង់អគារកម្ពស់ ១២ ជាន់ ឲ្យបានលឿន និងឆាប់រហ័ស នៅពេលដែល មន្ទីពេទ្យកាលម៉ែត្រ បានសាងសង់ជោគជ័យបាន ១៧% ក្នុងការចំនាយសរុប ៣៩ លាន និង ៧ សែនដុល្លារអាមេរិក។
ថ្លែងក្នុងសេចក្ដីប្រកាសនោះ សម្ដេច ក៏បានប្រកាសឲ្យមានចលនាសប្បុរសជនចូលរួម ជួយដល់ជីវិតមនុស្ស ដែលគិតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៤ ល្ងាចនេះ គឺមានចំនួនរហូតដល់ទៅ ៥៣ លានដុល្លារអាមេរិកហើយ ដែលទឹកប្រាក់ បានពីការជួយបរិច្ចាកនោះ នឹងត្រូវយកទៅប្រើប្រាស់ និងទិញសម្ភារៈបរិក្ខារសម្រាប់អគារថ្មី និងអគារចាស់ ដើម្បីបម្រើដល់វិស័យសុខាភិបាល។ សម្ដេចសង្ឃឹមយ៉ាងមុតម៉ាំថា នឹងមានសប្បុរសជន ចូលរួមបន្ថែមទៀត ដើម្បីធ្វើទំនើបកម្មមន្ទីពេទ្យកាលម៉ែត្រនេះ ឲ្យក្លាយទៅជាមន្ទីពេទ្យបង្អែករបស់ជាតិកម្ពុជាយើង ដែលការអំពាវនាវនេះ គឺធ្វើឡើងតាមពាក្យស្លោករបស់សម្ដេច (បរិច្ចាគដើម្បីជួយដល់ជីវិតមនុស្ស)។ ជាចុងក្រោយសម្ដេច បានថ្លែងអំណគុណ និងកោតសរសើចំពោះវេជ្ជបណ្ឌិត គ្រូពេទ្យគ្រប់ជំនាញ និងបុគ្គលិកនៅក្នុងមន្ទីពេទ្យទាំងអស់ ដែលបានបំពេញការងារ ប្រកបទៅដោយការទទួលខុសត្រូវខ្ពស់ ក្នុងការជួយសង្គ្រោះជីវិតម្ដាយក្មេងរបស់សម្ដេច ទោះស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់ក្ដី ដែលនៅពេលនេះ លោកយាយនៅបន្តរស់នៅជាមួយកូនចៅមួយរយៈពេលទៀត៕
ប្រភព៖ គេហទំព័រហ្វេសបុកសម្ដេចតេជោ ហ៊ុន សែន