បន្ទាប់ពីបានធ្វើការពន្យាពេល និងមានការតស៊ូមតិជុំវិញការស្ថាបនាផ្លូវដែកល្បឿនលឿនក្នុងប្រទេសថៃអស់ជាច្រើនឆ្នាំមកនេះ នៅទីបំផុតប្រទេសនឹងមានរថភ្លើងលឿនជាផ្លូវការនៅត្រឹមឆ្នាំ ២០២៣ ខាងមុខនេះ។ ពេលនេះ ប្រទេសថៃបានចេញជាផ្លូវការនូវការស្ថាបនាផ្លូវដែកល្បឿនលឿន high-speed rail (HSR) និងធ្វើការទិញរថភ្លើងល្បឿនលឿន Bullet Train ពីបរទេស ដែលមានល្បឿនដល់ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាគឺជាការផ្លាស់ប្ដូរដ៏ធំបំផុតលើវិស័យដឹកជញ្ជូនប្រចាំទំព័រប្រវត្តិសាស្ត្រថៃ យោងតាមសម្ដីលោក Thanet Sorat ជាទីប្រឹក្សាគណៈកម្មាធិការដឹកជញ្ជូនប្រទេសថៃ និងជាស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូន V-Serve។
គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (HSR) នឹងត្រូវធ្វើតាមបច្ចេកទេសចុងក្រោយរបស់ចិន ស្ថិតនៅក្នុងកម្ចីរបស់ចិន ហើយផ្លូវដែកនេះក៏ស្ថិតនៅក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់នឹងផ្លូវ (Belt and Road Initiative) ហៅកាត់ថា BRI សង្ឃឹមក្នុងការភ្ជាប់ផ្លូវដែកទាំងមូលនៅប្រទេសជាសមាជិកអាស៊ាន ជាមួយមហាយក្សចិន។ ចំណុចសំខាន់ៗរបស់ផ្លូវដែកល្បឿនលឿននេះមានចំនួន ៤ ចំណុច ដែលអ្នកគួរដឹង៖
១. បាងកក-ផាតាយ៉ា ក្នុងរយៈពេល ៤៥ នាទី
ផ្លូវដែកល្បឿនលឿនដំបូងគឺចាប់ផ្ដើមពី បាងកក-ផាតាយ៉ា ភ្ជាប់នៅស្ថានីយចំណាស់ ១០៣ ឆ្នាំ Hua Lamphong Station ទីក្រុងបាងកក (ក្នុងសង្កាត់ Bang Sue) ដែលនឹងផ្ដល់សេវាដឹកជញ្ជូនយ៉ាងធំជូនទីក្រុងទាំង ២ ក្នុងរយៈពេលរហ័សត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ លើចំងាយដីប្រហែល ១២០ គីឡូម៉ែត្រ ដោយគេរំពឹងថានឹងបញ្ជប់ការសាងសង់នៅក្នុងឆ្នាំ ២០២១។
ការចុះហត្ថលេខារវាង ក្រុមហ៊ុន CP Group (Charoen Pokphand Group) ជាមួយរដ្ឋបាលផ្លូវដែកថៃ State Railway of Thailand (SRT) កាលពីថ្ងៃ ២៤ តុលាកន្លងទៅ ក្រុមហ៊ុន CP Group នឹងស្ថាបនាផ្លូវដែកភ្ជាប់អាកាសយានដ្ឋានចំនួន ២ ក្នុងទីក្រុងបាងកកគឺ Suvarnabhumi និង Don Muang ទៅកាន់ខេត្តចំនួន ៣ នៅភាគខាងកើត ហើយគម្រោងនេះនឹងប្រើប្រាស់ផ្លូវដែកចាស់ Airport Rail Link ដែលចេញពីអាកាសយានដ្ឋាន Suvarnabhumi ទៅកាន់ Don Muang។ ផ្លូវមកភាគខាងត្បូងវិញ ចេញពីអាកាសយានដ្ឋាន Don Muang កាត់តាមសង្កាត់ Bang Sue នឹងឈប់នៅ Makkasan មុនចេញដំណើរបន្ដរទៅខេត្ត Chachoengsao, ខេត្តឈុនបុរី, ខេត្តស្រីរាជា, រហូតដល់ក្រុងផាតាយ៉ា និងភ្ជាប់ទៅកាន់អាកាសយានដ្ឋាន U-Tapao ទីក្រុងផាតាយ៉ា។ គម្រោងដឹកនាំដោយក្រុមហ៊ុន CP Group សហការជាមួយក្រុមហ៊ុនសាងសង់ China Railway Construction Corp. ដែលវិនិយោគទឹកប្រាក់ ២២៤,០០០ លានបាត (ប្រហែល ៧,៤០០ លានដុល្លារ) ហើយក្រុមហ៊ុន CP Group បានទទួលសិទ្ធប្រតិបត្តិការលើផ្លូវរយៈពេល ៥០ ឆ្នាំ។
២. មហិច្ឆតាផ្លូវដែកក្នុងប្រទេសថៃ
គម្រោងបន្ទាប់គឺភ្ជាប់ពីបាងកកទៅកាន់ភាគខាងជើង Khorat អាចជិះរថភ្លើងរយៈពេល ៧៧ នាទី ដែលចំណាយទឹកប្រាក់ប្រហែល ១៧៩,០០០ លានបាត (ប្រហែល ៥,៩០០ លានដុល្លារ) រំពឹងថានឹងបញ្ជប់ការសាងសង់ក្នុងឆ្នាំ ២០២៣។ ហើយមហិច្ឆតាផ្លូវផ្សេងៗទៀតជាច្រើនកំពុងសាងសង់នៅក្នុងប្រទេសថៃ នឹងភ្ជាប់ទៅពីបាងកកកាន់ Trat ព្រំដែនកម្ពុជា, Nong Khai ព្រំដែនឡាវ, ឈៀងម៉ៃ ព្រំដែនមីយ៉ាន់ម៉ា, និង Hat Yai ភាគខាងត្បូងជ្រោយម៉ាឡាកាផងដែរ។
ផ្លូវដែកភ្ជាប់ បាងកក-Khorat ត្រូវបានស្ថាបនាដោយទឹកប្រាក់របស់ថៃ មិនមែនប្រើប្រាស់កម្ចីរបស់ចិននោះទេ ហើយផ្លូវនេះនឹងចាប់ផ្ដើមចេញពីស្ថានីយ៍ Bang Sue ដែលនឹងត្រូវឈប់នៅអាកាសយានដ្ឋាន Don Muang Airport និងបន្ដរដំណើរទៅកាន់ក្រុងប្រវត្តិសាស្ត្រអយុធ្យា កាត់តាមខេត្ត Saraburi និង Pak Chong នឹងទៅដល់ទីក្រុង Khorat។
មិនត្រឹមតែប៉ុណ្ណោះ ផ្លូវនេះក៏នឹងភ្ជាប់ទៅកាន់ខេត្ត Nong Khai ទៀតដែលមានចំងាយ ៦០០ គីឡូម៉ែត្រ ដែលអ្នកដំណើរអាចឆ្លងទៅកាន់ទីក្រុងវៀងច័ន្ទ៍ប្រទេសឡាវ និងកាត់តាមទន្លេមេគង្គ ជាមួយស្ពានមិត្តភាពថៃ-ឡាវ ដែលសាងសង់ថ្មី។ ហើយផ្លូវដែកថ្មីរបស់ឡាវ នឹងត្រូវស្ថាបនាភ្ជាប់ទៅកាន់តំបន់ Kunming ខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន។
៣. ការប្រកួតប្រជែងវិស័យដឹកជញ្ជូន
ការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក និងផ្លូវអាកាសរបស់ថៃមានលំនឹងល្អ តើផ្លូវដែកល្បឿនលឿននេះអាចដំណើរការល្អឬទេ? បញ្ហដែលផ្លូវដែកល្បឿនលឿនត្រូវប្រកួតប្រជែងខ្លាំងបំផុត គឺត្រូវធ្វើយ៉ាងណាឲ្យវាដំណើរការបានជោគជ័យមានការគាំទ្រពីសំណាក់ប្រជាជនក្នុងស្រុក និងភ្ញៀវអន្ដរជាតិជាមុនសិន។ ដូចគេបានដឹងស្រាប់ហើយថា ផ្លូវដែក SRT និងរថយន្ដក្រុង ដែលរត់ដោយរដ្ឋ កំពុងតែប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍ខ្លាំងបំផុត ដូចជាក្រុមហ៊ុន Air Asia និង Nok Air ដោយគេត្រូវចំនាយពេលខ្លះត្រឹមតែ ២០ ដុល្លារប៉ុណ្ណោះក្នុងការជិះពីទីក្រុងបាងកកទៅខេត្តដទៃទៀត។ ម្យ៉ាងវិញទៀត ប្រសិនបើវត្តមានរថភ្លើងល្បឿនលឿនបើកដំណើរការ តើវានឹងមានតម្លៃប៉ុន្មាន? ប្រសិនបើប្រៀបធៀបជាមួយប្រជាជនថៃ ដែលមានប្រាក់ចំណូលខ្ទង់ ៣០០ បាតក្នុងមួយថ្ងៃ។
តាមប្រភពមិនទាន់ច្បាស់ការ គេបង្ហាញថា រថភ្លើងល្បឿនលឿននេះ សម្រាប់ Middle-class ប្រជាជនថៃអាចនឹងចំណាយចាប់ពី ៣៣០ បាត ពីទីក្រុងបាងកក ទៅកាន់អាកាសយានដ្ឋាន U-Tapao ទីក្រុងផាតាយ៉ា ចំណែកឯផ្លូវពីទីក្រុងបាងកក ទៅកាន់ Khorat វិញអាចចំណាយ ៥០០ បាត ប៉ុន្តែសម្រាប់ជនបរទេសគឺអាចថ្លៃជាងនេះ។ ដូចនេះប្រសិនបើធៀបជាមួយរថយន្ដក្រុង និងរថយន្ដតាក់ស៊ី គេសម្គាល់ឃើញថាវាមានតម្លៃខុសគ្នាស្ទើរ ២ ទៅ ៣ ដងឯណោះ ឬរថភ្លើងធម្មតា SRT ថោកជាងពាក់កណ្ដាល។
៤. ប្រទេសថៃក៏ចង់ដូចជប៉ុនដែរ
ប្រទេសថៃ មានគោលដៅអភិវឌ្ឍន៍ក្លាយជាមជ្ឈមណ្ឌលផ្លូវដែកធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ដែលនេះគឺជាគោលដៅនៅក្នុងរយៈពេល ២០ ឆ្នាំក្រោយរបស់លោក Thanet Sorat ហើយពេលនោះ ប្រទេសថៃនឹងមានការផលិតរថភ្លើងក្នុងប្រទេសរបស់ខ្លួន មិនចាំបាច់ទិញរថភ្លើងល្បឿនលឿនពីប្រទេសធំៗដូចជាចិន និងជប៉ុនឡើយ ដូចនេះការសាងសង់ និងការផលិតក្នុងស្រុក ធ្វើការធ្វើដំណើរនឹងមានតម្លៃទាបជាងមុន ហើយលើកកម្ពស់ដល់ការធ្វើដំណើរទូទៅតាមរថភ្លើងឲ្យបានច្រើនដូចប្រទេសជប៉ុនអញ្ចឹង។ ចំណែកឯគោលដៅនៃមជ្ឈមណ្ឌលផ្លូវដែកធំបំផុតនៅអាស៊ីអាគ្នេយ៍ ប្រទេសថៃចង់ភ្ជាប់ផ្លូវដែកឲ្យទៅដល់ស្ថានីយ៍ផ្លូវដែកប្រទេសចិន សិង្ហបុរី និងអាចឈានទៅដល់អាស៊ីកណ្ដាល និងអឺរ៉ុបផងដែរនៅពេលខាងមុខ។