កម្ពុជានឹងមានអាកាសធាតុចុះត្រជាក់បំផុត នៅថ្ងៃទី ៥-៩ ខែធ្នូនេះ!

ខែធ្នូ គឺជាខែដែលមានអាកាសធាតុចុះត្រជាក់ខ្លាំងបំផុតជុំវិញពិភពលោក ដោយសារតែព្រះអាទិត្យជះពន្លឺឆ្ពោះទៅរកបន្ទាត់អេក្វាទ័រ និងមានលំអៀងបញ្ឆិតផែនដី ដូចនេះធ្វើឲ្យអាកាសធាតុចុះត្រជាក់ខ្លាំង ជាពិសេសនៅតំបន់អត្ដគោលខាងជើងនិងខាងត្បូងមានព្រិលធ្លាក់ ហើយពេលថ្ងៃក៏មានរយៈពេលខ្លីជាងពេលយប់ផងដែរ។ ចំពោះបាតុភូតនៃការចុះត្រជាក់នេះ ក៏បានជះឥទ្ធិពលដល់ប្រទេសជិតខាងផងដែរ ជាក់ស្ដែងប្រទេសកម្ពុជានឹងមានអាកាសធាតុចុះខ្លាំងបំផុតប្រចាំឆ្នាំ ចន្លោះពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែធ្នូនេះ តាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា ដោយសារតែឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាននឹងកំពុងជះមកដល់ប្រទេសកម្ពុជា ដែលនឹងបណ្ដាល់ឲ្យរាជធានីខេត្ត មួយចំនួនចុះត្រជាក់ជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖

1. ខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី៖ 

• សីតុណ្ហភាពអប្បរមា ចាប់ពី ១៦ ទៅដល់ ១៨ អង្សាសេ

• សីតុណ្ហភាពអតិបរមា ចាប់ពី ២៥ ទៅដល់ ២៧ អង្សាសេ

2. ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និងកោះកុង៖ 

• សីតុណ្ហភាពអប្បរមា ចាប់ពី ១៨ ទៅដល់ ២០ អង្សាសេ

• សីតុណ្ហភាពអតិបរមា ចាប់ពី ២៦ ទៅដល់ ២៨ អង្សាសេ

3. រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង៖ 

• សីតុណ្ហភាពអប្បរមា ចាប់ពី ២១ ទៅដល់ ២៣ អង្សាសេ

• សីតុណ្ហភាពអតិបរមា ចាប់ពី ២៦ ទៅដល់ ២៨ អង្សាសេ

4. ខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុ៖ 

• សីតុណ្ហភាពអប្បរមា ចាប់ពី ២២ ទៅដល់ ២៤ អង្សាសេ

• សីតុណ្ហភាពអតិបរមា ចាប់ពី ២៧ ទៅដល់ ២៩ អង្សាសេ

យោងការស្ថានភាពអាកាសធាតុចុះត្រជាក់ខ្លាំង ដោយសារទទួលឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ពីតំបន់ត្រជាក់ប្រទេសចិននេះហើយ សូមបងប្អូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាទាំងអស់ មេត្តាប្រុងប្រយ័ត្ន បង្ការ និងថែរក្សាសុខភាព ដើម្បីជៀងផុតពីជំងឺផ្សេងៗ។