យើងបានដឹងរួចមកហើយថា ការធ្វើដំណើរឆ្លងប្រទេស ឬឆ្លងទី្វបប្រាកដជាត្រូវចំណាយពេលយូរម៉ោងណាស់ នៅលើយន្តហោះ។ ដូច្នេះបើសិនជាអ្នកត្រូវធ្វើដំណើរបែបនេះមែន តើអ្នកត្រូវនឹងធ្វើអ្វីខ្លះនៅក្នុងពេលហោះហើរនោះ? មនុស្សភាគច្រើន គាត់នឹងសម្រាកនៅក្នុងពេលហោះហើរ ប៉ុន្តែការសម្រាករបស់ពួកគាត់មិនប្រាកដថា នឹងអាចមានផាសុកភាព ឬបានស្កប់ស្កល់ឡើយ។ វាអាចនឹងធ្វើឲ្យពួកគាត់ ឈឺរោយស្រពន់ខ្លួន ឬអាចជាប់ក ជាប់សរសៃតាមគន្លាក់ឆ្អឹងបាន។
នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញប្រិយមិត្តទាំងអស់គ្នា ជាជំនួយទៅលើការគេងលក់ស្រួលប្រកបដោយផាសុកភាព នៅលើយន្តហោះសម្រាប់ធ្វើដំណើរតាមជើងហោះហើរ ដែលអាចនឹងចំណាយពេលយូរម៉ោង។
1. ជ្រើសរើសកន្លែងអង្គុយដ៏ល្អមួយ
បើយោងតាមលោក John Breese នៃគេហទំព័រ Happysleepyhead.com បានណែនាំថា “កៅអីជាប់មាត់បង្អួចគឺជាជំរើសល្អបំផុត ព្រោះអ្នកអាចផ្អែកលើជញ្ជាំងបង្អួច និងធ្វើឱ្យរាងកាយរបស់អ្នកសម្រាកបានច្រើន។ លើសពីនេះទៅទៀតអ្នកមិនចាំបាច់ ក្រោកឈរឡើងទេ នៅពេលអ្នកដែលអង្គុយជាប់អ្នក ចង់ទៅបន្ទប់ទឹក"។
ប្រសិនបើអ្នកអង្គុយនៅពីជួរមុខយន្ដហោះ សូមតម្រង់ទៅបង្អួចនោះ ជៀសវាងច្រកផ្លូវ។ ប្រសិនបើអ្នកស្ថិតនៅផ្នែកពាក់កណ្តាលយន្ដហោះ សូមតម្រង់រកកៅអីកណ្តាល។
ព្យាយាមជៀសវាងរើសយក ផ្នែកជួរខាងក្រោយនៃយន្តហោះ ប៉ុន្តែប្រសិនបើអ្នកគ្មានជម្រើស ហើយត្រូវជ្រើសរើសយកមួយនោះ ចាំបាច់ណាស់ត្រូវតែរើសយកកៅអីជាប់បង្អួចជាដាច់ខាត។ កុំយកកៅអីកណ្តាល! វិធីនេះអ្នកអាចកាត់បន្ថយសំលេងរំខានឲ្យនៅតិចបំផុត និងពញ្ញាក់ការគេងរបស់អ្នក។”
2. ញ៉ាំទឹកឲ្យបានច្រើន
លោក Brett Manders ដែលជាអ្នកបើកយន្តហោះថ្នាក់អន្តរជាតិ និងជាអ្នកនិពន្ធមួយរូបនោះក៏បានប្រាប់មកថា “ទឹកគឺជាមិត្តដ៏ល្អបំផុត នៅក្នុងពេលធ្វើដំណើរលើអាកាស”។ ជៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង ព្រោះវាអាចនឹងរំខានដល់ខួរក្បាល និងដំណេករបស់អ្នកបាន។ នៅពេលដែលយន្តហោះ ហោះដល់ចំណុចខ្ពស់មួយនៅលើអាកាស វានឹងធ្វើឲ្យប្រព័ន្ធអុកស៊ីសែនចុះខ្សោយ កើនកម្តៅ និងធ្វើឲ្យខ្លួនមនុស្សបាត់បង់ជាតិទឹកច្រើន ត្រូវប្រាកដថា អ្នកទទួលទានទឹកបានគ្រប់គ្រាន់ក្នុងពេលហោះហើរ និងមានទឹកនៅជាប់ខ្លួនជានិច្ច ប៉ុន្តែកុំទទួលទានទឹកច្រើនពេក វានឹងប៉ះពាល់ដំណេករបស់អ្នកដូចគ្នា ដោយនឹងធ្វើឲ្យអ្នកចូលបន្ទប់ទឹកញឹកញាប់មិនខាន។
3. ស្លៀកសម្លៀកបំពាក់ដែលមានផាសុកភាព
លោក Breese បានបន្ថែមថា “ប្រសិនជាអ្នកចង់គេងលក់ស្រួល គប្បីកុំស្លៀកខោខូវប៊យធ្ងន់ៗ ដែលនឹងរឹបក្បាលពោះរបស់អ្នកឡើយ។” អ្នកគួរស្លៀកសម្លៀកបំពាក់ស្រាល រលុងៗ ដែលវានឹងផ្តល់ផាសុកភាពដល់អ្នកក្នុងពេលគេង។ ប្រសិនបើអ្នកជាមនុស្សចាញ់ត្រជាក់ អ្នកគួរតែស្លៀកខោអាវវែងៗ និងស្រោមជើងមួយគូទៀតជាការស្រេច។
4. យកឧបករណ៍ ឬគ្រឿងជំនួយក្នុងពេលគេងមកជាមួយ
បើធ្វើបាន គួរតែយកខ្នើយតូចៗចំនួនពីរមកជាមួយ សម្រាប់ទ្រ ក និងមួយទៀតសម្រាប់ទ្រាប់ខ្នង។ របាំងបិទភ្នែកក៏មានគុណប្រយោជន៍ក្នុងការបាំង និងទប់ស្កាត់ពន្លឺរបស់យន្តហោះ និងអាចឲ្យអ្នកទទួលបានភាពស្ងប់ស្ងាត់ ក្នុងដំណេករបស់អ្នកផងដែរ។
5. ព្យាយាមធ្វើសមាធិ និងប្រមូលអារម្មណ៍
អាចស្តាប់ចម្រៀងបែបអន្លង់អន្លោច ជាមួយនឹងកាសជាប់ត្រចៀក ប្រមូលអារម្មណ៍ឲ្យមូលឈប់គិតអ្វីទាំងអស់ និងសម្ងំគេង។ សម្លេងស្ងប់ស្ងាត់ធម្មជាតិ ក៏អាចជាជំនួយក្នុងការគេងដែរ។
6. ញ៉ាំថ្នាំងងុយគេងកម្រិតស្រាល
បើសិនជាអ្នកធ្វើគ្រប់យ៉ាងតាមដែលបានបង្ហាញនៅខាងលើហើយ អ្នកនៅតែមិនងងុយគេង ឬមិនអាចសមាធិក្នុងការគេងបាន អ្នកគួរតែជ្រើសរើសថ្នាំងងុយគេងកម្រិតស្រាល សម្រាប់ជម្រុញហើយ។ លោក Andrew Steinberg ជាអ្នកដំណើរមួយរូប ក៏បានផ្តល់យោបល់ឲ្យជ្រើសរើសថ្នាំប្រភេទ Ativan ជាជំនួយសម្រាប់ការគេងលក់បានស្កប់ស្កល់ផងដែរ។