ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត នឹងស្ថាបនាផ្លូវមួយខ្សែចូលសហគមន៍ទេសចរណ៍ព្រៃកោងកាង ត្រពាំងសង្កែ!

ខេត្តកំពត៖ សហគមន៍ទេសចរណ៍ព្រៃកោងកាងត្រពាំងសង្កែ ជាសហគមន៍នៃជម្រកព្រៃកោងកាងចុងក្រោយគេ ស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលយើងអាចធ្វើដំណើរទៅកម្សាន្ដបានតាមកំណាត់ផ្លូវជាតិលេខ ៣៣ (ផ្លូវភ្ជាប់ខេត្តកំពតនិងខេត្តកែប)។ សហគមន៍ទេសចរណ៍ត្រពាំងសង្កែ ទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមិនដាច់ឡើយ ព្រោះតែសម្រស់នៃព្រៃកោងកាងនិងទិដ្ឋភាពបៃតងនៅអមនឹងមាត់ព្រែកត្រពាំងសង្កែ ហើយក្នុងសហគមន៍នោះ យើងអាចជិះទូកកាណូតទស្សនាព្រៃកោងកាងតាមព្រែក និងមានបម្រើសេវាស្នាក់នៅ សេវាកម្មម្ហូបអាហារ និងអាចទិញដើមកោងកាងយកទៅទុកដាំជាអនុស្សាវរីយ៍ផងដែរ។ 

ចំពោះការយកចិត្តទុកដាក់ទៅលើការរក្សាការពារសហគមន៍ព្រៃកោងកាង និងលើកកម្ពស់បន្ថែមដល់អេកូទេសចរណ៍នោះ ទើបក្រសួងទេសចរណ៍បានចុះរៀបចំពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍ត្រពាំងសង្កែ ដើម្បីសួរសុខទុក្ខ និងស្វែងយល់ពីផលវិជ្ជមាន ឬអវិជ្ជមានដែលមានក្នុងសហគមន៍ កាលពីថ្ងៃម្សិលមិញនេះ។ លើសពីនេះ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងសម្រួលដល់ការធ្វើដំណើរចូលសហគមន៍ត្រពាំងសង្កែរបន្ថែមទៀតនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឯកភាពក្នុងការកសាងផ្លូវមួយខ្សែប្រវែងប្រមាណ ៤០០ ម៉ែត្រ ដែលកាត់ពីផ្លូវជាតិលេខ ៣៣ ចូលទៅកាន់សហគមន៍នោះ ក្នុងគម្រោងថវិកា ៧០,០០០ ដុល្លារ ដែលនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ។

លោក ស៊ឹម ហៀម ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែ បានសម្ដែងសេចក្ដីអំណរសាទចំពោះការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ហើយលោកបានលើកឡើងថា បច្ចុប្បន្ននេះសហគមន៍ទេសចរណ៍នេះ មានសារសំខាន់ណាស់សម្រាប់តំបន់ព្រៃកោងកាងក្នុងខេត្តកំពត ដែលយើងកំពុងតែខិតខំអភិរក្ស និងដាំកូនកោងកាងឡើងវិញឲ្យច្រើនបន្ថែមទៀត។

លើសពីនេះទៀត ព្រៃកោងកាងមានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតដូចជា៖

• ព្រៃកោងកាងគឺជាគម្របកាបូន ដែលធ្វើឲ្យបរិស្ថានមានបរិយាកាសបរិសុទ្ធល្អ

• ព្រៃកោងកាង ជួយជាជម្រកដល់ជីវៈចម្រុះគ្រប់ប្រភេទ ដូចជាក្ដាម បង្គារ ត្រី បង្កើនមច្ឆាជាតិក្នុងសមុទ្រ និងបង្កើនផលនេសាទសម្រាប់ប្រជាសហគមន៍

• ព្រៃកោងកាង ជួយការពារមិនឲ្យមានការបាក់ស្រុតច្រាំងនៅឆ្នេរ ឬព្រែក និងជួយធ្វើឲ្យគុណភាពទឹកមានសភាពថ្លាល្អ និងផាសុកភាពបរិស្ថាន

• ព្រៃកោងកាង ជួយបង្កើនចំណូលដល់សហគមន៍ តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា និងជិះកាណូតកម្សាន្ដនៅតំបន់ព្រៃកោងកាងនេះ។

 

ប្រភព៖ ក្រសួងទេសចរណ៍