ឯកឧត្ដម​ ជាសុផារ៉ា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំអាលលក់ដីនៅខេត្តព្រះសីហនុ

កាលពីពេលថ្មីៗកន្លងទៅនេះឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ ដែលមានដីនៅខេត្តព្រះសីហនុ កុំទាន់អានឆាប់លក់ដីលឿនពេក ដែលអាចនឹងធ្វើឲ្យខូចខាតផលប្រយោជន៍ធំនាថ្ងៃអនាតត។

ក្នុងឱកាសពិធីបទសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងខេត្តត្បូងឃ្មុំកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ឯកឧត្ដម​ ជា សុផារ៉ា មានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូលថា “កុំលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរបស់យើងលក់ដីអី តែយល់ល្អឲ្យពួកគាត់យកដីទាំងនោះជួលវិញល្អជាង” ឯកឧត្ដមបានបន្តទៀតថា “ឥឡូវអ្នកនៅខេត្តព្រះសីហនុ​ ខ្ញុំក៏មានការអំពាវនាវឲ្យអ្នកនៅមន្ទីដើរប្រាប់ជាដំណឹង កុំទាន់ឲ្យលក់ដី តែឲ្យពួកគាត់ជួលវិញ ដោយជួលរយៈពេល ២០ឆ្នាំ ហើយអ្នកដែលគេយកទៅធ្វើអាជីវកម្មតែ​ ១៥ឆ្នាំ គេប្រគល់ឲ្យយើងវិញហើយ ដោយយើងនឹងបានទាំងសំណង់ ហើយសំណង់នោះ​ នឹងទុកដល់តកូនតចៅ តែបើលក់វាចប់”។

ការលើកឡើងរបស់ឯកឧត្ដមបែបនេះ គឺដោយហេតុថា តម្លៃដីនៅក្នុងខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានការលោតឡើងថ្លៃហួសយ៉ាងខ្លាំង និងឆាប់រហ័សបំផុត ដោយសារតែអ្នកវិនិយោគទន់ធំៗរបស់ចិន បានជះសាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើការលើគម្រោងអាគារជាច្រើន ដើម្បីអភិវឌ្ឍន៍ក្រុងកំពុងសោម​ ទៅជាទីក្រុងទំនើប សំបូរទៅដោយអាគារខ្ពស់ៗ មិនចាញ់ប្រទេសជិតខាង។ ឯកឧត្ដមបានបន្ថែមខ្លីចុងក្រោយអំពីតម្លៃដីឲ្យដឹងថា “កាលពីមួយឆ្នាំកន្លះមុន តម្លៃដីក្នុង ១ម៉ែត្រការ៉េ ត្រឹមតែ ២៧​ដុល្លារអាមេរិក តែបច្ចុប្បន្នដីនៅកន្លែងដដែល បានកើនឡើងដល់ទៅ ៤៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។

ការស្ទុះឡើងថ្លៃយ៉ាងលឿនបែបនេះ ក៏បានជះឥទ្ធិពលអាក្រក់ផងដែរទៅដល់ខេត្តនេះ ព្រោះថា ទីណាមានការអភិវឌ្ឍន៍លឿន ទីនោះក៏មានវិបត្តិផងដែរ ហើយសារនេះ​គឺជូនទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យទទួលជ្រាបជាដំណឹង ជាជាងការលក់ដីខ្វះការពិចារណាវែងឆ្ងាយ ព្រោះកំពុងសោមនៅពេលនេះ គឺមិនចាញ់ភ្នំពេញនោះទេ ហើយតម្លៃដីនៅតែបន្តឡើងឥតឈប់ឈរ ទោះដីនៅជាយក្រុងក៏ដោយ។