វៀតណាម៖ សមាគមឧស្សាហកម្មជាតិរបស់វៀតណាម កាលពីម្សិលមិញនេះបានលើកឡើងថា ឧស្សាហកម្មស្បែកជើង ក៏ដូចជាកាបូបជាច្រើនប្រភេទ ដែលមានរោងចក្រផលិត នៅក្នុងប្រទេសវៀតណាម នឹងអាចរកប្រាក់ចំណូលបានកាន់តែច្រើនបន្ថែមទៀត បើធៀបទៅនឹងឆ្នាំ ២០១៩ កន្លងទៅ។
យោងតាមប្រភពព័ត៌មានក្នុងស្រុករបស់វៀតណាមបានចេញផ្សាយឲ្យដឹងថា វិស័យឧស្សាហកម្ម ដែលផ្ដោតសំខាន់តែទៅលើផ្នែកស្បែកជើង និងកាបូបរបស់វៀតណាម នឹងបន្តមានការកើនឡើង ដោយឆ្នាំនេះ នឹងអាចកើនឡើងយ៉ាងតិចណាស់ក៏ ២ ពាន់លានដុល្លារបន្ថែមទៀតដែរ ខណៈឆ្នាំ ២០១៩ កន្លងទៅ វៀតណាម រកប្រាក់ចំណូលពីឧស្សាហកម្មស្បែកជើង និងកាបូបគ្រប់ប្រភេទបាន ២២ ពាន់លានដុល្លារអាមេរិក។ លោក Nguyen Duc Thuan អគ្គនាយកក្រុមហ៊ុន Lefaso ដែលជាអ្នកវិនិយោគបរទេស នៅក្នុងប្រទេសវៀតណាមបានឲ្យដឹងដូច្នេះថា វិនិយោគបរទេសនៅក្នុងប្រទេសនេះ នៅតែជាកត្តាជម្រុញដ៏សំខាន់សម្រាប់ឧស្សាហកម្មស្បែកជើង និងកាបូប ដោយលើកឡើងពីស្ថិតិថា ក្រុមហ៊ុនវិនិយោគបរទេសមានចំនួន ៧៥,៨% នៃចំណូលនាំចេញរបស់ប្រទេស ក្នុងវិស័យនេះកាលពីឆ្នាំ ២០១៩ កន្លងទៅ។
វិស័យស្បែកជើង និងកាបូបរបស់វៀតណាម នឹងបន្តមានភាពរីកចម្រើនបន្តិចបន្តួច សម្រាប់ការផលិតនៅក្នុងស្រុកនាឆ្នាំថ្មីនេះ នៅពេលឆ្នាំកន្លងទៅប្រាក់ចំនេញស្មើនឹង ២៤,២% ឆ្នាំ២០១៨ មាន ២១,៦% និង ២០១៧ មានចំនួន ១៩,៧%។ ជុំវិញរឿងនេះ លោកអនុរដ្ឋមន្ត្រី នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម Cao Quoc Hung បានលើកឡើងថា រដ្ឋាភិបាលវៀតណាម នឹងបន្តផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ទៅដល់ក្រុមហ៊ុនស្បែកជើង និងកាបូប ក្នុងការជួយពង្រីកទីផ្សារ និងបង្កើនសមត្ថភាព នៃផលិតកម្មឲ្យកាន់តែល្អជាងមុន។ ក្រសួង បានបង្កើតនូវយុទ្ធសាស្ត្រទីផ្សារ ក្នុងការធ្វើឲ្យទីផ្សារស្បែកជើង និងកាបូប មានលទ្ធភាពកាន់តែប្រសើរ ក្នុងការនាំចេញទៅក្រៅប្រទេស។
ម្យ៉ាងវិញទៀត ក្រសួងក៏បានលើកទឹកចិត្ត និងជម្រុញឲ្យក្រុមហ៊ុនវិនិយោគអន្តរជាតិ នៅក្នុងប្រទេសវៀតណាមទាំងអស់ឲ្យ យកឱកាស និងផលប្រយោជន៍ទាក់ទងនឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី របស់វៀតណាម សម្រាប់ធ្វើការប្រកួតប្រជែងពីការអភិវឌ្ឍពាណិជ្ជកម្មពិភពលោក និងតំបន់ដែលមិនទាន់ប្រាកដប្រជា។ ម្យ៉ាងក្រុមហ៊ុនវិនិយោគទាំងអស់គប្បីបញ្ចេញសកម្មភាពឲ្យសកម្មជាងមុន ក្នុងការកែលម្អនូវបច្ចេកវិទ្យា និងបង្កើនសមត្ថភាពនៃផលិតកម្មរបស់ខ្លួន ដោយផ្ដោតទៅលើការសិក្សាស្រាវជ្រាវទីផ្សារ និងការអភិវឌ្ឍន៍ឲ្យប្រសើរជាងឆ្នាំមុន ដើម្បីជម្រុញឲ្យគុណភាព និងផលិតភាព មានភាពល្អប្រសើរ។ គួរបញ្ជាក់ថា ទីផ្សារធំបំផុតរបស់វៀតណាម ក្នុងការនាំចេញផលិតផលស្បែកជើង និងកាបូប គឺសហរដ្ឋអាមេរិក ដោយឆ្នាំ ២០១៩ វៀតណាមបានប្រមូលប្រាក់ចំនេញបាន ៧.៤១ ពាន់លានដុល្លារ ចន្លោះពីខែមករា ដល់ខែកញ្ញា និងចំនួន ៥.៤១៨ ពាន់លានដុល្លារផ្សេងទៀតពីប្រទេសនៅទ្វីបអឺរ៉ុប ខណៈចិនមានចំនួន ១.១៧៧៦ ពាន់លានដុល្លារ៕