ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី ៧ (គ.ស ១១២២-១២១៨) ការកសាងប្រាសាទបុរាណ បានចាប់ផ្ដើមនៅរាជធានីអង្គរធំ ក្នុងនោះអង្គរធំ ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ប្រហែលជាយើងបានគេស្គាល់ច្រើនជាងគេ ព្រោះស្ថិតនៅតំបន់រមណីយដ្ឋានអង្គរបានបន្សល់ទុកមកទល់សព្វថ្ងៃ ជាមួយសំណង់ដែលឈរនៅយ៉ាងរឹងមាំ ជាទីល្អប្រសើរសម្រាប់អភិរក្ស។ ផ្ទុយទៅវិញ មនុស្សជាច្រើនមិនងាយបានទៅដល់ ឬក៏មិនទាន់បានស្វែងយល់ច្រើនអំពីប្រាសាទបន្ទាយឆ្មារប៉ុន្មានទេ បើទោះជាការកសាងប្រាសាទនេះ ប្រហាក់ប្រហែលនឹងប្រាសាទល្បីៗខាងលើ ក្រោមស្នាព្រះហស្ថព្រះបាទជ័យវរ្ម័នទី ៧ ក៏ដោយ។ អញ្ចឹងថ្ងៃនេះ គេហទំព័រ Cambodia Property Report សូមនាំអារម្មណ៍លោកអ្នកមកស្វែងយល់ខ្លះៗអំពីប្រាសាទបន្ទាយឆ្មារ។
ប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយឆ្មារ ស្រុកបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលយើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៦ មានចំងាយប្រហែល ៧ គីឡូម៉ែត្រពីទីប្រជុំជនស្រុកថ្មពួក ឬប្រហែល ៥៩ គីឡូម៉ែត្រពីទីរួមខេត្ត ឬប្រហែល ៤១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទបន្ទាយឆ្មារ ត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី ១២ និងដើមសតវត្សទី ១៣ ដោយមានរចនាបថបាយ័ន ជាមួយការសាងសង់ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា និកាយមហាយាន ហើយក្នុងនោះក៏បានសាងសង់ទីសក្ការៈបូជា ដើម្បីឧទ្ទិសជូនដល់ព្រះបុត្រារបស់ព្រះអង្គ និងមេទ័ព ៤ នាក់ ដែលបានពលីក្នុងសមរភូមិជាមួយជនជាតិចាម នៅក្នុងគ.ស ១១៧៧ ផងដែរ។
មិនខុសពីប្រាសាទបាយ័នប៉ុន្មាននោះទេ បើគេសម្លឹងមើលប្រាសាទបន្ទាយឆ្មារ នៅតាមថែវ នៅលើជញ្ជាំង ឬរបងខាងក្នុងទី១ ឬខាងក្រៅបន្ទាប់ពីរោងទង គឺគ្មានផ្ទាំងថ្មមួយដុះណាដែលមានចម្លាក់នោះទេ ពោលនៅតាមជញ្ជាំងនានា សុទ្ធសឹងតែបានឆ្លាក់យ៉ាងយកចិត្តទុកដាក់បំផុត បង្ហាញទាំងរូបចម្លាក់ចម្រុះមានដូចជា ព្រះព្រហ្ម ព្រះនរាយណ៍ ព្រះសិវៈ និងតួអង្គសំខាន់ៗជាច្រើនទៀតក្នុងព្រហ្មញ្ញសាសនា ហើយក៏មានចម្លាក់បែបព្រះពុទ្ធសាសនាផងដែរ ប៉ុន្តែនៅបន្សល់ទុកតិចតួចព្រោះតែការបាក់បែក ពោលយើងនឹងបានឃើញរូបអវតាលោកេស្វរៈព្រហស្ថ ៣២ ជាពោធិសត្វ នៃព្រះពុទ្ធសាសនា និងចម្លាក់រូបអវតាព្រះហស្ថ ១៦ ដែលសល់តែ ១ រូបប៉ុណ្ណោះ។
លើសពីនេះ គឺស្រដៀងទៅនឹងប្រាសាទបាយ័ន យើងក៏បានឃើញរូបចម្លាក់ជីវភាពប្រជាជន និងក្នុងមន្ត្រីរាជការ ដូចជាបង្ហាញពីចម្បាំងនៃកងទ័ពដំរី កងទ័ពជើងទឹក (ទូក) មានចម្លាក់ផ្កាភ្ញីសក្ការៈ ផ្កាភ្ញី និងរុក្ខជាតិព្រៃ រុក្ខជាតិឱសថ ដំណាំចំការ និងមានការបង្ហាញពីការអភិរក្សាសត្វព្រៃ និងព្រៃឈើផងដែរ។ បន្ថែមទៀត យើងក៏ឃើញមានចម្លាក់រូបស្ដីពីការប្រកបរបរត្បាញ របរកសិកម្ម ការគាំពារមាតា និងទារក ការសម្រាលកូន កីឡាប្រជល់មាន់ កីឡាចំបាប់ដ៏ខ្លាំងពូកែ (ស្រដៀងកីឡាចំបាប់សូម៉ូរបស់ជប៉ុន) និងមានទាំងសត្វម្រឹគីម្រឹគា សត្វស្លាប សត្វល្មូន មច្ឆជាតិ ដែលជាសត្វព្រៃរហូតដល់សត្វស្រុក សត្វពាហនៈ សត្វចិញ្ចឹមសម្រាប់ប្រើប្រាស់ក្នុងផ្ទះ -ល- ចំណែកអ្នកស្រាវជ្រាវមួយចំនួនរកឃើញរូបចម្លាក់យ័ន្ឌគាថា សម្រាប់ពាក់ជាដើម។
វង្សប្រាសាទបន្ទាយឆ្មារ បែមុខទៅទិសខាងកើត ព័ទ្ធជុំវិញដោយគូទឹកប្រវែង ៨៥០ ម៉ែត្រ x ៨០០ ម៉ែត្រ ដែលមកទល់ពេលនេះរីកទឹកអស់ទៅហើយ ចំណែកឯនៅទិសខាងកើតទៀតសោត ក៏មានបារាយណ៍ដែលរីកស្ងួតអស់ដូចគ្នា គេហៅថាបារាយណ៍មេបុណ្យ មានទំហំប្រហែល ១,៦០០ ម៉ែត្រ x ៨០០ ម៉ែត្រ។
អ្វីដែលពិសេសនោះ គឺកាលពីថ្ងៃទី ០៣ ខែកុម្ភៈ ២០២០ កន្លងទៅនេះ ការធ្វើកំណាយឡើងវិញនៅមាត់កំពង់ទឹកបារាយណ៍មេបុណ្យនោះ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ បានប្រទះឃើញនូវចម្លាក់សត្វតោ ដែលបានកប់នៅក្នុងដីជម្រៅប្រហែល ១ ម៉ែត្រហើយក្រុមការងារបច្ចេកទេសកំពុងតែព្យាយាមធ្វើកំណាយបន្ថែមទៀត ដើម្បីរៀបចំកំពង់ទឹកបារាយណ៍នេះឲ្យចេញជារូបរាងឡើងវិញ ទុកជាសម្បត្តិបេតិកភ័ណ្ឌជាតិដល់កូនចៅជំនាន់ក្រោយបានស្គាល់ ក្រោមជំនួយឧបត្ថមរបស់លោជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។
ជាសរុបមកវិញ ទាំងអស់នេះគឺជាព័ត៌មានមួយចំនួនរបស់ប្រាសាទបន្ទាយឆ្មារ ហើយយើងក៏បានដឹងផងដែរ នូវមូលហេតុជាច្រើនយ៉ាងណាស់ ដែលភ្ញៀវទេសចរណ៍ និងប្រជាជនខ្មែរមិនងាយបានទៅស្គាល់ដល់ប្រាសាទបន្ទាយឆ្មារ បើទោះជាវាត្រូវបានសាងសង់ក្នុងរាជរបស់ព្រះមហាក្សត្រដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រក៏ដោយ ទីមួយគឺការបែកបាក់ ដោយសារកត្តាធម្មជាតិ កត្តាសង្គ្រាម និងអំពើអត្មានិយមដែលមានជនខិលខូចបានលួចយករូបចម្លាក់ទៅលក់នៅបរទេស គួបផ្សំជាមួយការវាយបំផ្លាញ ចំណែកទីពីរគឺទីតាំងដែលនៅឆ្ងាយពីវង្សប្រាសាទដ៏ទៃទៀត និងទីបីគឺដោយសារតែប្រាសាទបន្ទាយឆ្មារ មិនទាន់បានធ្វើកំណាយរៀបចំជួសជុលឡើងវិញឲ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។