ទំហំវិនិយោគសណ្ឋាគារក្នុងប្រទេសថៃ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់!

កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ប្រទេសថៃទទួលបានការវិនិយោគសណ្ឋាគារចំនួនត្រឹមតែ ៣.៧ ពាន់លានបាត (ប្រហែល ១១៨ លានដុល្លារ) ប៉ុណ្ណោះ បើធៀបជាមួយ ទំហំវិនិយោគ ២០.៥ ពាន់លានបាត (ប្រហែល ៦៥៧ លានដុល្លារ) ដែលគេទទួលបាន កាលពីឆ្នាំ ២០១៨ មានទំហំខុសគ្នាឆ្ងាយ។ បើយោងតាមការមើលឃើញរបស់ក្រុមហ៊ុន JLL Hotels and Hospitality Group បានឲ្យដឹង បច្ចុប្បន្ននេះទីក្រុងមានភាពចង្អៀត និងមានសណ្ឋាគារវិនិយោគច្រើនរួចទៅហើយ ដូចនេះទំហំវិនិយោគក៏បានធ្លាក់ចុះទៅតាមហ្នឹងដែរ ប៉ុន្តែសម្រាប់នៅតំបន់ទេសចរណ៍ល្បីៗនៅតែមានចន្លោះសម្រាប់វិនិយោគជានិច្ច។ 

ក្រុមហ៊ុន JLL Hotels បានបង្ហាញថា ចំពោះទីក្រុងបាងកក សណ្ឋគារជាច្រើនត្រូវបានវិនិយោគនៅក្បែរតំបន់សម្រាប់កម្សាន្ដល្បីៗក្នុងទីក្រុង ជាក់ស្ដែងនៅតាមមាត់ទន្លេ Chao Phraya River ជាដើម ប៉ុន្តែពេលនេះស្ទើរតែមិនមានទីធ្លារល្អសម្រាប់វិនិយោគបន្ថែមទៀតនោះទេ។ ជាក់ស្ដែង ចំនួនសណ្ឋាគារដែលទំនេរមិនទទួលបានភ្ញៀវទេសចរណ៍ កាលពីឆ្នាំ ២០១៩ មានចំនួន ៥.៦% ត្បិតបើទីក្រុងបាងកក មានកំណើនភ្ញៀវទេសចរណ៍ច្រើនក៏ដោយ។ ម្យ៉ាងទៀតសណ្ឋាគារល្បី Sheraton Bangkok ដែលមាន ២៦៨ បន្ទប់ និងទទួលបានចំណូលច្រើន ក៏ត្រូវលក់ភាគហ៊ុនរបស់ខ្លួនទៅក្រុមហ៊ុន TA Global Berhad របស់ប្រទេសម៉ាឡេស៊ីចំនួន ២.២៥ ពាន់លានបាត (ប្រហែល ៧២ លានដុល្លារ) ផងដែរ។

ផ្ទុយទៅវិញ ក្រុមហ៊ុនសណ្ឋាគារអន្តរជាតិនានា បានផ្ដោតការវិនិយោគរបស់គេនៅតាមតំបន់ទេសចរណ៍សមុទ្រល្បីៗវិញ តួយ៉ាងនៅតំបន់ទេសចរណ៍ភូកេត កោះសាម៊ុយ និងតំបន់ឈៀងម៉ៃ ជាដើម។ បើតាមសម្ដីលោក Chakkrit Chakrabandhu Na Ayudhya អនុប្រធានក្រុមហ៊ុន JLL Hotels and Hospitality Group ការវិនិយោគសណ្ឋាគារនៅគោលដៅទេសចរណ៍ ហាក់មានស្ថេរភាពល្អជានៅទីក្រុង សម្រាប់ប្រទេសថៃ ព្រោះរាជរដ្ឋាភិបាលថៃ តែងតែយកចិត្តទុកដាក់លើការរៀបចំសណ្ដាប់ធ្នាប់តំបន់ទេសចរណ៍ និងលើកតម្កើងឧស្សាហកម្មទេសចរណ៍ជាវិស័យអទិភាពមួយប្រចាំប្រទេសថៃ។ លើសពីនេះទៀត គោលដៅទេសចរណ៍នៅប្រទេសថៃ ទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍យើង ឈរនៅលំដាប់កំពូលជាមួយប្រទេសឥណ្ឌូនេស៊ី ចំណែកសណ្ឋាគារក៏មិនសូវមានភាពប្រកួតប្រជែងខ្លាំង ដូចនៅទីក្រុងដែរ។ យ៉ាងណាមិញ គម្រោងវិនិយោគសណ្ឋាគារមួយចំនួននៅក្នុងប្រទេសថៃ កាលពីឆ្នាំ ២០១៩ ក៏បានចុះបញ្ជី និងចេញជាគម្រោងជាផ្លូវការនៅឆ្នាំ ២០២០ នេះ ដូចនេះសម្រាប់ឆ្នាំនេះ ទំហំនៃការវិនិយោគសណ្ឋាគារក្នុងប្រទេសថៃ រំពឹងឡើងដល់ ១០ ទៅ ១២ ពាន់លានបាត។

គូសបញ្ជាក់ផងដែរថា សម្រាប់នៅក្នុងទ្វីបអាស៊ីទាំងមូលវិញ ការវិនិយោគសណ្ឋាគារកាលពីឆ្នាំ ២០១៨ គឺមានទំហំ ៧.២ ពាន់លានដុល្លារ ហើយទំហំនេះបានកើនឡើងដល់ ១២ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩។ នេះគឺជាសញ្ញាដ៏ល្អប្រសើរមួយសម្រាប់អចលនទ្រព្យបដិសណ្ឋារកិច្ចនៃទីផ្សារអាស៊ី ក្នុងនោះប្រទេសសិង្ហបុរីមានកំណើនឡើងខ្លាំងជាងគេ ដែលទំហំវិនិយោគ ១២៨ លានដុល្លារ ក្នុងឆ្នាំ ២០១៨ បានកើនឡើងដល់ ១,៤០០ លានដុល្លារក្នុងឆ្នាំ ២០១៩។