របស់ពីរយ៉ាងដែលពេញនិយមនៅក្នុងប្រទេសថៃនោះ មួយគឺអាហារតាមដងផ្លូវដែលមានឳជារសឈ្ងុយឆ្ងាញ់ ធូរថ្លៃ និងមួយទៀតនោះគឺជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ប៉ុន្តែពិតជាគួរឲ្យសោកស្តាយណាស់ដែលជនជាតិថៃជាអ្នកលក់ដូរនេះ ជាធម្មតាទៅហើយ ជារឿយៗពួកគាត់តែងតែប្រើថង់ប្លាស្ទិក ក្នុងការខ្ចប់់ឲ្យអ្នកទិញ ហើយវាពិតជាជះឥទ្ធិពលមិនល្អដល់បរិស្ថាន និងវិស័យទេសចរណ៍របស់ខ្លួន។
ដោយសារតែប្រទេសថៃជាប្រទេស តែងតែប្រើប្លាស្ទិកនេះហើយ ទើបធ្វើឲ្យថៃក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ 6 ក្នុងការបំពុលដែនសមុទ្រដ៏ខ្លាំងបំផុត។ ប្រទេសនេះបង្កើតសំរាមប្លាស្ទិក 5 ពាន់តោនក្នុងមួយថ្ងៃ ដែល ¾ នៃសំរាមទាំងនោះ ត្រូវបានចាក់ចោល។ ហេតុដូច្នេះហើយទើប រដ្ឋាភិបាលថៃបានសម្រេចចិត្តរឹតបន្តឹង ដោយសន្យាថានឹងលុបបំបាត់ចោល នូវថង់ប្លាស្ទិកដែលប្រើប្រាស់ត្រឹមតែមួយម្តង ត្រឹមឆ្នាំ 2021 ហាមឃាត់ខ្សែប្លាស្ទិចនៅឆ្នាំ 2022 និងកែច្នៃគ្រឿងប្លាស្ទិកទាំងនោះ ដែលនៅសល់នៅឆ្នាំ 2027។
អ្នកលក់រាយធំៗ ដូចជាក្រុមហ៊ុន CP All Pcl's 7-Eleven បានចុះកិច្ចព្រមព្រៀងដំបូង ដោយសន្យាថានឹងបញ្ឈប់ការចែកចាយថង់ប្លាស្ទិក ដែលចាប់ផ្តើមពីថ្ងៃទី 1 មករាឆ្នាំនេះ ប៉ុន្តែសម្រាប់អ្នកលក់តាមដងផ្លូវវិញ ការផ្លាស់ប្តូរនេះគឺមិនសាមញ្ញ ឬជារឿងធម្មតាសម្រាប់ពួកគាត់ទេ។
លោកស្រី Penjawan Pongkanmoon ជាអាជីវករលក់ទាចំហុយនៅផ្លូវ Yaowarat ក្នុងទីក្រុងបាងកក បាននិយាយកាលពីថ្ងៃទី 10 មករាថា “គ្មានជំរើសណាផ្សេងក្រៅពីការប្រើប្លាស្ទិក សម្រាប់ស៊ុបក្តៅទេ។”
អតិថិជនរបស់គាត់ប្រហែល 1/5 បានកុម្ម៉ង់ខ្ចប់ម្ហូប គាត់ដាក់ស៊ុបទាចំហុយក្តៅ ក្នុងថង់ប្លាស្ទិក ហើយបន្ទាប់មកដាក់វា នៅក្នុងថង់យួរប្លាស្ទិក មួយទៀត។ បាយវិញ គាត់ដាក់ក្នុងកន្ត្រកមួយទៀត ដែលជាផលិតផលធ្វើពីដើមអំពៅទោះបីវាថ្លៃជាងថង់ប្លាស្ទិកក៏ដោយ។
អ្នកលក់រាប់រយនាក់ផ្សេងទៀត ដែលតម្រង់ជួរនៅតាមដងផ្លូវធំ ក្នុងបរិវេណ Chinatown មានថង់ប្លាស្ទិកធំ ដែលក្នុងនោះ ពោពេញទៅដោយស៊ុប គុយទាវស៊ុបថៃ ម្ហូបនិងបង្អែមជាច្រើនមុខទៀត ដែលត្រៀមនឹងលក់ជូនដល់អតិថិជនរបស់ខ្លួន។
ខណៈពេលដែលរដ្ឋាភិបាល បានប្រាប់ដល់អាជីវករឱ្យបញ្ឈប់ការប្រើប្រាស់ ថង់ប្លាស្ទិកនោះ វិធានការណ៍នេះនៅមិនទាន់បានអនុវត្ត ឬចាំឃ្លាំមើលដោយ ប៉ូលីសឬបានផាកពិន័យអីទេ។ លោក Varawut Silpa-archa រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានមានប្រសាសន៍ថា មន្ត្រីកំពុងសិក្សាច្បាប់ពីបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសកេនយ៉ា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក ដើម្បីពិនិត្យមើលថា តើការដាក់ទណ្ឌកម្មខ្ពស់ ការបន្ថែមថ្លៃឈ្នួល ឬវិធានការណ៍ផ្សេងទៀតមានប្រសិទ្ធភាពបំផុតឬយ៉ាងណា? ការហាមឃាត់ពេញលេញអាចចាប់ផ្តើមនៅឆ្នាំក្រោយនេះ។
នៅក្នុងបទសម្ភាសន៍តាមទូរសព្ទ លោក Varawut បាននិយាយថា “ឥឡូវនេះយើងនឹងធ្វើឲ្យពលរដ្ឋមានអារម្មណ៍ថា ខ្មាស់អៀនចំពោះការប្រើប្រាស់ប្លាស្ទិក ។ គោលដៅគឺដើម្បីកាត់បន្ថយបរិមាណសំរាម នៅក្នុងប្រទេសថៃ មិនត្រឹមតែថង់ប្លាស្ទិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្នោ ចានស្នោនិង ពែងស្នោថែមទៀតផង។”
ការព្រួយបារម្ភអំពីផលប៉ះពាល់ នៃកាកសំណល់នេះ ត្រូវបានជម្រុញដោយការស្លាប់របស់កូនផ្សោត កាលពីខែសីហាកន្លងទៅ ដែលបានប្រទះឃើញនៅលើឆ្នេរសមុទ្រថៃ ហើយការស្លាប់នេះ បានក្លាយជាប្រធានបទក្តៅគគុក ក្នុងការបង្ហាញអារម្មណ៍សោកស្តាយ និងរឹតតែខ្លោចផ្សា នៅតាមអ៊ិនធឺរណែត នៅពេលដែលសត្វត្មាត កំពុងហែកស៊ីសាកសពរបស់វា។ បន្ទាប់ពីវាបានស្លាប់ ពួកគេបានរកឃើញ បំណែកសំរាមប្លាស្ទិក រារាំងប្រព័ន្ធរំលាយអាហារ នៅក្នុងពោះវៀនរបស់នាង។ ការព្រួយបារម្ភរបស់សាធារណជនបានកើនឡើង ជាមួយនឹងការរកឃើញសារធាតុប្លាស្ទិកតូចៗបំផុតនៅក្នុងស្រុក។
ខណៈពេលដែលការកំណត់ពេលវេលា របស់រដ្ឋាភិបាលអាចមានការគាំទ្រច្រើន ការផ្លាស់ប្តូរនេះ បានជំរុញឱ្យសហគ្រិនទូទៅ និងអ្នកផលិតផ្លាស្ទិកព្យាយាមរិះរកដំណោះស្រាយឲ្យ បានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
លោក Weerachat Kittirattanapaiboon នាយកប្រតិបត្តិក្រុមហ៊ុន Biodegradable Packaging for Environment Co ដែលមានមូលដ្ឋាននៅទីក្រុងបាងកកបាននិយាយថា “យើងបានធ្វើការលើកកម្ពស់បេសកកម្មនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបតែចាប់ផ្តើមកត់សំគាល់ពីការផ្លាស់ប្តូរដ៏ធំមួយប៉ុណ្ណោះ”។ ក្រុមហ៊ុនដែលផលិតអាហារកំប៉ុង ឬប្រអប់ទុកបានក្នុងរយៈពេល 45 ថ្ងៃនេះ បានបន្តការរីកចម្រើនក្នុងរយៈពេល 10 ឆ្នាំ ពីការធ្វើអាហារចាប់ពីចំនួន 1 ម៉ឺនប្រអប់ លោតដល់ទៅ 2 លានប្រអប់ក្នុងមួយថ្ងៃ ដែលមានអតិថិជននៅ 31 ប្រទេសផ្សេងទៀត រួមមានសហរដ្ឋអាមេរិក និងជប៉ុន។ វាមានគម្រោងផលិតចំនួន 10 លានប្រអប់ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល 5 ឆ្នាំទៅមុខទៀត។
ដោយឡែក លោក Weerachat ធ្លាប់ជាវេជ្ជបណ្ឌិតឱសថសាស្ត្រម្នាក់ គាត់បានប្រើផលិតផលកាកសំណល់ពីអំពៅ យកមកច្នៃប្រើប្រាស់ឡើងវិញ។ លោកក៏បាននិយាយថា “បញ្ហាសុខភាពនិងបរិស្ថានគឺជាបញ្ហាតែមួយ។ បរិស្ថានមិនល្អគឺមិនល្អសម្រាប់សុខភាពទេ”។
កាកសំណល់អំពៅមិនមែនជាអនុផលកសិកម្មតែមួយគត់ ដែលចូលរួមជាមួយដៃគូអាហាររបស់ខ្លួន នៅក្នុងភោជនីយដ្ឋាននោះទេ។ Navarat Phinyo គឺជាអនុប្រធាននាយកប្រតិបត្តិ និងជាប្រធានអភិវឌ្ឍន៍អាជីវកម្មនៅក្រុមហ៊ុនPhinyovanich Co., ដែលជាអាជីវកម្មលក្ខណៈគ្រួសារ ដែលធ្វើចានពីស្លឹកត្នោត។
ស្លឹកត្នោតជ្រុះជាច្រើន នៅក្នុងតំបន់ palm estates ដែលជាធម្មតាត្រូវបានគេបោះបង់ចោល ត្រូវបានប្រែទៅជាចាន ចំនួនប្រហែល 7 ម៉ឺនចាន ក្នុងមួយខែ។ នៅឆ្នាំនេះក្រុមហ៊ុនមានផែនការបង្កើនទិន្នផលគុណនឹងបីដង ដើម្បីឆ្លើយតបនឹងតម្រូវការដែលមានផលិតផលជាច្រើនទៀត ដូចជាពែងចំបើង និងប្រអប់អាហារពីស្លឹកត្នោត។
Navarat បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់នឹងត្រូវការពេលខ្លះ ប៉ុន្តែឥឡូវនេះប្រជាជនបានយល់ដឹងដោយខ្លួនឯង កាន់តែច្រើនហើយ។ ពួកគេកំពុងចាប់ផ្តើមទទួលយកថ្លៃដើម ផលិតផលខ្ពស់ជាងមុន ដែលជាតម្លៃសម្រាប់ការថែរក្សាបរិស្ថាន” ។
ជាមួយនឹងប្លាស្ទិកធ្វើឡើងពីចំបើង និងស្លឹកត្នោត គោលដៅបន្ទាប់ Vatistam Pruangviriya កំពុងលក់បំពង់បឺត ដែលអាចប្រើឡើងវិញបាន ធ្វើពីដើមឫស្សីដែលមានអង្កត់ផ្ចិតតូច។ អតិថិជនភាគច្រើនរួមបញ្ចូលទាំងអាជីវកម្មទេសចរណ៍ ដូចជារមណីយដ្ឋានមុជទឹក និងកន្លែងចិញ្ចឹមដំរី ដែលមានមនុស្សជាច្រើនផ្តល់ ឬលក់វាទុកជាអនុស្សាវរីយ៍។ ប៉ុន្តែនៅពេលការហាមឃាត់កើនឡើង លោកគ្រោងនឹងពង្រីកការលក់ ដល់ហាងកាហ្វេក្នុងស្រុកទៀតផង។
ផលិតផលទាំងនេះ មិនត្រឹមតែជារបស់ប្រើប្រាស់ប៉ុណ្ណោះទេ។ លោក Vatistam នាយកក្រុមហ៊ុន Success Connection Co បានមានប្រសាសន៍ថា “ទាំងនេះគឺជាផលិតផលនៃការផ្លាស់ប្តូរ ដែលបង្ហាញថាអ្នកយកចិត្តទុកដាក់លើបរិស្ថាន។ វានឹងធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់ប្រព័ន្ធជាច្រើនសម្រាប់មនុស្សជាច្រើន នៅពេលដែលការហាមឃាត់នៃការប្រើប្រាស់ប្លាស្ទិក ចូលជាធរមាន ប៉ុន្តែទីបំផុតអ្នករាល់គ្នា នឹងស៊ាំជាមួយវាបាន ហើយអាចប្រើប្រាស់វាជាធម្មតា។”