បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អមដំណើរដោយឯកឧត្ដម ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដើម្បីសម្ភោធដាក់ឲ្យប្រើប្រាស់នូវកំណត់ផ្លូវជាតិលេខ ៥៨ ជាផ្លូវការ ស្ថិតក្រោមការចូលរួមពីសំណាក់មន្ត្រីរាជការ ពាក់ព័ន្ធផ្សេងៗទៀត។
ផ្លូវជាតិលេខ ៥៨ គឺជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ដ៏សំខាន់ ដែលមានប្រវែងសរុបប្រមាណជា ១៧៤ គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ស្ថិតក្នុងគម្រោងសាងសងផ្លូវមួយខ្សែនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ផ្លូវមួយខ្សែនេះ បានចំនាយទឹកប្រាក់សាងសង់សរុបអស់ប្រមាណជា ១២២,៩៨ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន និងរួមជាមួយនឹងបដិភាគរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។
រដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនសំណង់ចិន សៀងហៃគ្រុប ធ្វើការសាងសង់ផ្លូវមួយខ្សែនេះ ដោយមានការត្រួតពិនិត្យពីលើបន្ថែមទៀតដោយក្រុមហ៊ុនបច្ចេកទេស ក្វាងចូវ វ៉ានអាន ដោយបានប្រើប្រាស់សាងសង់អស់រយៈពេល ៤៣ ខែ គិតចាប់ពីខែមិថុនា ឆ្នាំ ២០១៥ មកដល់ខែមករា ឆ្នាំ ២០២០ កន្លងទៅ។ ព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវជាតិលេខ ៥៨ ត្រូវបានសាងសង់ស្របទៅតាមស្ដង់ដារផ្លូវថ្នល់កម្រិត ៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទទឹងសរុប ១២ ម៉ែត្រ ក្រាលដោយកៅស៊ូពីរស្រទាប់ ជាប្រភេទ (DBST) និងមានទទឹង ១០ ម៉ែត្រ ធ្វើការតភ្ជាប់ទៅកាន់តំបន់ ៤៧ កន្លែង។
ស្ថិតក្នុងឱកាសនោះ សម្ដេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា “ផ្លូវជាតិលេខ ៥៨ ដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធសាស្ត្រមួយ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចផង និងការពារអធិបតេយ្យភាពជាតិផង និងជួយទ្រទ្រង់យ៉ាងរឹងមាំនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសថៃ ពីព្រោះផ្លូវនេះបានតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅនឹងខេត្តឧត្ដរមានជ័យស្របទៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលឆ្លងកាត់ទីក្រុងប៉ោយប៉ែត ដែលជាទីក្រុងមានសក្ដានុពល និងជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏សំខាន់។ ផ្លូវជាតិនេះ អាសម្រួលដល់ការផ្លាស់ប្ដូរផលិតផល សកម្មភាពពាណិជ្ជកម្ម និងសុខាភិបាល រវាងពលរដ្ឋថៃ និងកម្ពុជា ហើយក៏អាចសម្រួលទៅដល់វិស័យទេសចរណ៍ពីប្រទេសថៃ មកទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាបផងដែរ”។ សម្ដេចបានបន្ថែមទៀថា “ឆ្នាំនេះ គឺជាខូបទី១០ នៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បន្ទាប់ពីសម្ដេចបានចុះហត្ថលេខាជាមួយមិត្តចិន កាលពីឆ្នាំ ២០១០។ ជាចុងបញ្ចប់សម្ដេច ក៏បានផ្ដែផ្ដាំទៅដល់ប្រជាជន និងអ្នកធ្វើដំណើរទាំងអស់ឱ្យចូលរួមថែរក្សាស្នាដៃមួយនេះ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី០៩ ខែមីនា ខាងមុខនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនឹងចូលរួមធ្វើការសម្ភោធផ្លូវជាតិលេខ ៥៥ និងបើកការរដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ បន្ថែមទៀត ដែលតភ្ជាប់ពីសំឡូងទៅកាន់ខេត្តកោះកុង នៅក្នុងថ្ងៃទី០៩ ខែមីនា ខាងមុខនេះ ជាមួយនឹងមិត្តចិន។
ប្រភព៖ គេហទំព័រហ្វេសប៊ុកសម្ដេចតេជោ