ឆ្នេរខ្សាច់ពណ៌ផ្កាឈូកដ៏ស្រស់ស្អាតទាំង ១០ កន្លែង ជុំវិញពិភពលោក!

ឆ្នេរសមុទ្រ ជាទូទៅយើងប្រហែលជាធ្លាប់ឃើញតែពណ៌សក្បុស និងពណ៌ត្នោតប៉ុណ្ណោះ ដោយសារតែនេះគឺជាអ្វីៗដែលកើតឡើងដោយធម្មជាតិ ប៉ុន្តែក៏មានដែរនូវករណីលើកលែងមួយចំនួនដែរ ដូចជានៅតំបន់ប៉ូលខាងជើង ប្រទេស IceLand មានឆ្នេរខ្សាច់ពណ៌ខ្មៅ ហើយតំបន់ឆ្នេរមួយចំនួនទៀតមានខ្សាច់ពណ៌ផ្កាឈូក ដែលផ្ដល់នូវទេសភាពដ៏កម្រ កាន់តែទាក់ទាញមួយកម្រិតទៀត។ សម្រាប់ថ្ងៃនេះ យើងនឹងមកស្គាល់នូវឆ្នេរខ្សាច់ពណ៌ផ្កាឈូកដ៏ស្រស់ស្អាតបំផុតទាំង ១០ កន្លែងនៅជុំវិញពិភពលោក។

 

១. Pink Beach កោះ Komodo ប្រទេសឥណ្ឌូនេស៊ី

នេះគឺជាទិសដៅជិតបំផុតសម្រាប់យើងដែលរស់នៅប្រទេសកម្ពុជា ហើយចង់ទៅកម្សាន្ដនៅទីនោះ ដែលកោះ Komodo ជាកោះដ៏ស្រស់ស្អាតនិងទទួលបានភ្ញៀវទេសចរណ៍ដ៏ច្រើនបំផុតមួយនៅប្រទេសឥណ្ឌូនេស៊ី ជាពិសេសគឺទឹកសមុទ្រថ្លា ឆ្នេរពណ៌ផ្កាឈូកដ៏ស្រស់ស្អាត វាស្មៅនៅលើភ្នំដ៏បៃតង និងមានសត្វត្រកួត Komodo ដ៏កម្រទៀតផង។

 

២. Elasfonisi Beach កោះ Crete ប្រទេសក្រិច

នៅឆ្នេរ Elafonisi Beach ជាឆ្នេរដ៏ល្បីល្បាញមួយដែលគេឃើញមានខ្សាច់ពណ៌ផ្កាឈូកដ៏ស្រស់ស្អាត ហើយនៅទីនោះក៏មានរីសតស្អាតសម្រាប់ស្នាក់នៅ ថែមទាំងមានកន្លែងជប់លៀង ឬរៀបចំពិធីនៅលើឆ្នេរនោះផងដែរ។

 

៣. Playa de Ses Illetes កោះ Formentera ប្រទេសអេស្ប៉ាញ

នៅពេលដែលគេនិយាយដល់ឆ្នេរ Playa de Ses Illestes គេនឹងនឹកឃើញដល់សមុទ្រដ៏ស្រស់ស្អាតរបស់ប្រទេសអេស្បាញ ដែលមានខ្សាច់ផ្កាឈូក នៅមិនឆ្ងាយពីដីគោក ដែលគេអាចកម្សាន្ដដោយជិះកាណូតដ៏ប្រណិតដើរលេងសមុទ្រ ជាមួយកន្លែងស្នាក់នៅ និងភោជនីយដ្ឋានល្អ។

 

៤. Horseshoe Bay Beach កោះ Bermuda ទឹកដីចក្រភពអង់គ្លេស

កោះ Bermuda ជាទឹកដីរបស់ចក្រភពអង់គ្លេស នៅឯនាយសមុទ្រ ដែលស្ថិតនៅកណ្ដាលមហាសមុទ្រអាត្លង់ទិចខាងជើង ដែលសម្បូរទៅដោយឆ្នេរខ្សាច់ស្រស់ស្អាត និងមានប្រជាជនរស់នៅតិច តែភ្ញៀវទេសចរណ៍ច្រើន។ ឆ្នេរខ្សាច់នៅកោះនោះ ត្រូវបានគេហៅថា Pale Pink ចំណែកទឹកសមុទ្រគឺ Crystal clear ពិសេសគឺនៅឆ្នេរ Horseshoe Bay Beach ភាគខាងត្បូងតែម្ដង ដែលពេញនិយមបំផុតសម្រាប់ការជិះទូកដំណើរកម្សាន្ដ និងសំរាកថ្ងៃវិស្សមកាល។

 

៥. ឆ្នេរ Spiaggia Rosa កោះ Isola Buddelli ប្រទេសអ៊ីតាលី

ដោយសារតែនេះ ជាឆ្នេរខ្សាច់ដ៏កម្រនៅប្រទេសអ៊ីតាលី ទើបគេបានកំណត់ចំនួនទេសចរណ៍យ៉ាងជាក់លាក់នៅកោះ Isola Buddeli មិនឲ្យលើសកម្រិតនិងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនោះទេ ជាក់ស្ដែងគេពុំអាចលេងទឹក នៅឆ្នេរនោះបានទេ គឺបានត្រឹមតែជិះទូកមើល ឬមើលពីលើភ្នំតែប៉ុណ្ណោះ ក្នុងរយៈពេលចុងក្រោយនេះ។

 

៦. ឆ្នេរ Pfeiffer Beach រដ្ឋកាលីហ្វញ៉ា

នៅសហរដ្ឋអាមេរិច បើនិយាយពីឆ្នេរសមុទ្រគេប្រហែលជានឹងឃើញដល់រដ្ឋកាលីហ្វញ៉ាហើយ ហើយបើនិយាយឆ្នេរខ្សាច់ពណ៌ផ្កាឈូកនោះ គេនឹងស្គាល់ Pfeiffer Beach ដែលជាផ្នែកមួយនៃតំបន់ឆ្នេរ Big Sur coastline។ ក្រៅពីមានឆ្នេរផ្កាឈូក៏កម្រហើយ Pfeiffer Beach ក៏មានទឹកធ្លាក់កម្ពស់ ២៥ ម៉ែត្រជាមួយកន្លែងកម្សាន្ដឡើងភ្នំថ្ម និងរូងភ្នំសមុទ្រដើម្បីរុករកផងដែរ។

 

៧. ឆ្នេរនៅកោះ Harbour Island ប្រទេស Bahamas

ស្ថិតនៅភាគខាងជើងនៃប្រទេស Bahamas តំបន់សមុទ្រ Caribbean ទ្វីបអាមេរិច កោះ Harbour Island មានភាពល្បីល្បាញដោយសារតែឆ្នេរខ្សាច់ផ្កាឈូកប្រវែង ៥.៦ គីឡូម៉ែត្ររបស់វាតែម្ដង ជាមួយនឹងជីវៈចម្រុះដែលមានពណ៌ប្លែកៗ និងទឹកសមុទ្រដ៏ថ្លាយង់។ ភ្ញៀវទេសចរណ៍មកដល់ទីនោះមិនស្គាល់ពាក្យថាអផ្សុកនោះទេ ព្រោះគេអាចមានសកម្មភាពជាច្រើនដើម្បីកម្សាន្ដដូចជា ងូតទឹក មុជទឹកមើលជីវៈចម្រុះ ជិះទូកក្ដោង -ល-។

 

 

៨. Crane Beach ប្រទេស Barbados 

Crane Beach ប្រទេស Barbados ក៏ស្ថិតនៅតំបន់សមុទ្រ Caribbean ដែរ ដោយនៅទីនោះមានឆ្នេរខ្សាច់ពណ៌ផ្កាឈូក និងមានទឹករលកល្អ ងាយស្រួលកម្សាន្ដនិងធ្លាប់ជាប់ឈ្មោះជាឆ្នេរល្អបំផុតនៅតំបន់សមុទ្រ Best Caribbean Beach ទៀតផង កាលពីឆ្នាំ ២០១៥។

 

 

៩. ឆ្នេរផ្កាឈូក នៅកោះ Rangiroa ប្រទេស French Polynesia

ស្ថិតនៅចន្លោះពីបឹងខៀវ Blue Lagoon ប្រទេស French Polynesia តំបន់ឆ្នេរ Les Sables Roses ជាឆ្នេរខ្សាច់សមុទ្រពណ៌ផ្កាឈូកដ៏កម្រ ហើយក៏ជាតំបន់មានផ្កាថ្មធំជាងគេបំផុតលំដាប់ទី ២ ផងដែរ និងជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់អ្នកធ្វើដំណើរផ្សងព្រេង។

 

១០. ឆ្នេរ Tikehau កោះ Tahiti ប្រទេស French Polynesia 

នៅឆ្នេរ Tikehau ក៏ជាតំបន់ខ្សាច់ផ្កាឈូកក្នុងប្រទេស French Polynesia ផងដែរ ដោយឆ្នេរនោះមានរាងជាពងក្រពើជុំវិញកោះ ទឹកថ្លាឆ្វេង ជាតំបន់ល្អបំផុតសម្រាប់មុជទៅបាតសមុទ្រ ជិះទូកចែវ និងស្ទូចត្រីជាដើម ហើយតំបន់សមុទ្រនោះក៏សម្បូរទៅដោយជីវៈចម្រុះផ្កាថ្ម សត្វត្រីឆ្លាម និងត្រីដូហ្វីន ដែលគេអាចកម្សាន្ដនៅច្រើនថ្ងៃជាមួយរីសតលើទឹក Tikehau Pearl Beach Resort