នៅក្នុងទីក្រុងបាងកក មានអគារខ្ពស់ៗជាច្រើនកន្លែង ហើយមានអគារដល់កម្ពស់ជាង ៣០០ ម៉ែត្រទៀតផង ដែលសុទ្ធសឹងកើតចេញពីការវិនិយោគរបស់ក្រុមហ៊ុនធំៗ ដូចជាអគារ Waterfront Residence, អគារ King Power Mahanakhon, អគារ Santhorn Unique Tower, អគារ Baiyoke Tower ជាដើម។ ចំណែកឯថ្មីៗនេះ មហាសេដ្ឋីមានបំផុតនៅប្រទេសថៃ លោក Charoen Sirivadhanabhakdi បានដាក់គម្រោងវិនិយោគថ្មីរបស់ខ្លួនចុះបញ្ជី ជាមួយក្រុមហ៊ុនអចលនទ្រព្យ Asset World Corp របស់គាត់ ដើម្បីត្រៀមសាងសង់អគារខ្ពស់ជាងគេបំផុតក្នុងទីក្រុងបាងកក។
សូមបញ្ជាក់បន្ដិចថា បច្ចុប្បន្ននេះអគារខ្ពស់បំផុតនៅទីក្រុងបាងកក គឺអគារ Wanterfront Residence នៅឯ IconSiam ដែលមានកម្ពស់ដល់ ៣១៨ ម៉ែត្រ បានបញ្ចប់ការសាងសង់កាលពីឆ្នាំ ២០១៨។ ចំណែកឯអគារដែលត្រូវនិយោគក្រោមនេះ មិនទាន់ដឹងច្បាស់ថាមានកម្ពស់ប៉ុន្មាននោះទេ ប៉ុន្តែតាមការអះអាងជាក់ស្ដែង វាជាគម្រោងអគារខ្ពស់ដាច់គេក្រុងទីក្រុង ដែលនឹងលេចចេញជារូបរាងនៅឆ្នាំ ២០២៥ ស្ថិតនៅក្បែរគម្រោងតម្លៃ ៩៤៨ លានដុល្លារនៅមុខទន្លេរ Chao Phraya River របស់ក្រុមហ៊ុន Asset World Corp។
កូនស្រីរបស់លោក Charoen ឈ្មោះថា Wallapa Traisorat ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Asset World Corp បានឲ្យដឹងថា និន្នាការថ្មីនេះការវិនិយោគអគារខ្ពស់ក្នុងទីក្រុងបាងកក បានចាប់ផ្ដើមប្រកួតប្រជែងខ្លាំងហើយ ដូចនេះអគារខ្ពស់នឹងលើពិន្ទុនៃក្រុមហ៊ុនវិនិយោគលើឆាកអន្តរជាតិ ដូចនេះហើយទើបគម្រោងថ្មីនេះ បានលេចរូបរាងឡើង។ ម្យ៉ាងទៀត នេះក៏មិនមែនជាលើកទីមួយរបស់ក្រុមហ៊ុនគាត់នោះទេ ព្រោះក្រុមហ៊ុន Asset World Corp ធ្លាប់សហការជាមួយក្រុមហ៊ុនស្ថាបត្យកម្ម Adrian Smith + Gordon Gill Architecture នៅពីក្រោយការសាងសង់អគារខ្ពស់បំផុតលើលោក Burj Khalifa កាលពីជាង ១០ ឆ្នាំមុនរួចមកហើយ។
ក្រុមហ៊ុន Asset World Corp ក៏បានបង្ហើបផងដែរថា នៅក្នុងគម្រោងយក្ស Flagship របស់ខ្លួន អគារនេះនឹងមានទៅដោយបណ្ដុំហាងទំនិញ Riverside mall, Asiatique, សណ្ឋាគារ, និងការិល័យ, ថែមទាំងការប្រើប្រាស់ថាមពលផ្ទាំងសូឡាជាច្រើនផងដែរ។ លើសពីនេះ ក្រុមហ៊ុន Asset World Corp ក៏បានសហការជាមួយក្រុមហ៊ុនវិនិយោគសណ្ឋាគារ Marriott និង Hilton រួចមកហើយដែរ ជាមួយការត្រៀមវិនិយោគសណ្ឋាគារលើអគារនេះ ឬគម្រោងថ្មីផ្សេងទៀត ដែលក្រុមហ៊ុន Asset World ក៏ត្រៀមវិនិយោគសណ្ឋាគារធំបំផុតនៅទីក្រុងសមុទ្រ Pattaya នៅឆ្នាំ ២០២៥ ជាមួយបន្ទប់ដល់ ៤,០០០ ជាមួយការវិនិយោគជាង ៣,០០០ លានដុល្លារ។
សរុបមកវិញ ថ្វីបើគម្រោងនេះមិនទាន់បានបង្ហាញចេញឲ្យបានជាក់លាក់ ច្បាស់លាស់នៅឡើយ អគារមិនទាន់បង្ហាញឈ្មោះនៅឡើយ ប៉ុន្តែលោកស្រី Wallapa នាយកក្រុមហ៊ុន Asset World បានបង្ហាញចំណាប់អារម្មណ៍ឲ្យដឹងថា ការវិនិយោគនេះគឺផ្ដោតទៅលើទីតាំងនៃមុខទន្លេ Chao Phraya River ដែលជាទីតាំងល្អសម្រាប់សណ្ឋាគារ នឹងទទួលបានភ្ញៀវស្នាក់នៅគ្រប់រដូវ ជាពិសេសវាជាការបើកទំព័រនៃសំណង់អគារខ្ពស់ថ្មីនៅតំបន់មាត់ទន្លេ Chao Phraya River នោះ។