ភ្នំពេញ៖ តម្រូវការថាមពលអគ្គិសនីនៅកម្ពុជា នៅតែបន្តមានការកើនឡើង ដោយការឆ្លើយតប រោងចក្រផលិតថាមពលអគ្គិសនីជាច្រើន ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់នៅតាមតំបន់សំខាន់ៗ ក៏ដូចជាតាមបណ្ដាខេត្តនានា។ ក្នុងនោះ រោងចក្រផលិតថាមពលអគ្គិសនី ដោយប្រើប្រាស់កាកសំណល់ តាមបច្ចេកវិទ្យាចុងក្រោយ គ្រោងនឹងចាប់កំណើតនៅកម្ពុជា នេះបើយោងតាមកិច្ចប្រជុំរបស់ក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗកន្លងទៅនេះ។
ប្រភពព័ត៌មានចេញផ្សាយដោយ ក្រសួងរ៉ែ និងថាមពល ដែលបានបើកកិច្ចប្រជុំ ពិភាក្សាទៅលើប្រធានបទស្ដីពី “ការរៀបចំ ការអភិវឌ្ឍន៍គម្រោងបំលែងសំណល់រឹងទីប្រជុំជននៅទីលានចាក់សំរាមរបស់រាជធានីភ្នំពេញ” ដែលដឹកនាំដោយឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីប្រចាំក្រសួង និងតំណាងឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ដូចជាមន្ត្រីពាក់ព័ន្ធនានា។ កិច្ចប្រជុំពិភាក្សានោះ បានផ្ដោតសំខាន់ទៅលើ ៣ ចំនុចធំៗរួមមានដូចជា៖
១. ការអនុញ្ញាតឱ្យទីប្រឹ្សាបច្ចេកទេស ADB និង Infrastructure of Asia Singapore ចូលរួមក្នុងការសហការផ្ដល់យោបល់
២. ការអនុញ្ញាតឱ្យមានការសិក្សាបឋម Desk Study ដើម្បីជ្រើសរើសយកជម្រើសណាមួយសមស្រប
៣. ការកំណត់សមាសភាពសំរាមនៅទីលានចាក់សំរាមខណ្ឌដង្កោជាទីតាំងគោល។
យោងតាមរបាយការណ៍ពីក្រសួងបរិស្ថានបង្ហាញថា រាជធានីភ្នំពេញ មានកាកសំណល់ប្រមាណ ២.៨០០ តោន ក្នុងមួយថ្ងៃ។ ជាក់ស្ដែង គម្រោងបំប្លែងសំណល់រឹង ឱ្យទៅជាថាមពលធ្វើឡើង ស្របពេលដែលរដ្ឋាភិបាល បានកំពុងរៀបចំគោលនយោបាយជាតិស្តីពីការគ្រប់គ្រង និងកែច្នៃកាក់សំណល់ ខណៈពេលដែលកំណើនកាក់សំណល់កំពុងកើនឡើងជាបន្តបន្ទាប់។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គម្រោងបំប្លែងសំរាមទៅជាថាមពល ផ្តល់ផលប្រយោជន៍ច្រើនណាស់ដោយសារវាជួយដោះស្រាយបញ្ហាគ្រប់គ្រងសំរាមផង និងជួយបង្កើតប្រភពថាមពលអគ្គិសនីថែមទៀតផង។
បច្ចុប្បន្ននេះ ក្រសួង កំពុងតែបន្តជំរុញ ឲ្យមានការវិនិយោគលើគម្រោងបំប្លែងកាកសំណល់ទៅជាថាមពលអគ្គិសនី ដោយសារមានក្រុមហ៊ុនវិនិយោគច្រើន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងមួយនេះ ដែលសង្ឃឹមថា វាអាចនឹងចាប់កំណើតនាពេលអនាគតដ៏ខ្លីខាងមុខ៕
ប្រភព៖ ក្រសួងរ៉ែ និងថាមពល