ថ្ងៃ 13 មីនាត្រូវបានគេចាត់ទុកថាជាទិវាពិភពលោកសម្រាប់ការគេង ដែលពាក្យផ្លូវការនោះគឺ “World Sleep Day” ដែលទិវានេះ មានគោលបំណងបង្ហាញពីសារៈសំខាន់នៃការគេង និងជួយឲ្យយើងបង្កើននូវសមត្ថភាពសតិអារម្មណ៍បានកាន់តែខ្លាំង។
បច្ចុប្បន្ននេះ ការគេង ត្រូវបានគេដឹងថាគឺជាចំណែកមួយ ដ៏សំខាន់ក្នុងការជម្រុញសុខភាពឲ្យបានរឹងមាំល្អ ហើយយើងក៏ទទួលបានគុណសម្បត្តិធំៗចំនួនបួន ដែលបានមកពីការគេងបានស្កប់ស្កល់ផងដែរ។ វាអាចនឹងជួយជំរុញឲ្យអ្វីដែលយើងមានស្រាប់ បានកាន់តែល្អឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
1. ជួយធ្វើឲ្យប្រសើរឡើងនូវសុខភាពពោះវៀនរបស់អ្នក
ថ្មីៗនេះ ការសិក្សាដែលផ្តោត ទៅលើសារៈសំខាន់នៃការគេង សម្រាប់សុខភាពរបស់យើង ក៏មានការស្រាវជ្រាវជាច្រើន ដែលទាក់ទងនឹងការពិនិត្យមើលថា តើពោះវៀនរបស់យើង អាចជះឥទ្ធិពលដល់សុខុមាលភាពរបស់យើងបាន យ៉ាងដូចម្តេច?
ការរកឃើញពីការសិក្សា ដែលត្រូវបានបោះពុម្ពផ្សាយ កាលពីឆ្នាំមុន ក្នុង Journal PLoS ONE បានបង្ហាញថា តាមពិតការគេងពេលយប់មិនបានល្អ មានឥទ្ធិពលអវិជ្ជមាន ដល់សុខភាពពោះវៀន ដែលជាហេតុនាំឱ្យមានបញ្ហាសុខភាពផ្សេងៗទៀតកើតឡើង នៅក្នុងសារពាង្គកាយ។
ទោះបីជាការសិក្សានេះ ជាការស្រាវជ្រាវដំបូង ហើយមើលទៅលើអ្នកចូលរួមភេទប្រុសត្រឹមតែ 26 នាក់ក៏ដោយ អ្នកស្រាវជ្រាវបានរកឃើញថា ប្រសិទ្ធភាពនៃការគេងកើនឡើង គឺជាភាគរយនៃពេលវេលា ដែលដេកនៅលើគ្រែហើយពេលវេលាគេងសរុប មានទំនាក់ទំនងជាវិជ្ជមាន ទៅនឹងដំណើរការនៃពោះវៀន។ វាត្រូវបានគេស្គាល់ថា ជាដំណើរការពោះវៀនដែលកាន់តែប្រសើរជាងមុន។ នៅពេលដែលមនុស្សម្នាក់ មានសុខភាពពោះវៀនល្អ ដំណើរការពោះវៀនរបស់គេបានប្រសើរ នឹងជួយឲ្យមនុស្សម្នាក់នោះ ជារួមទៅមានសុខភាពកាន់តែរឹងមាំ។
2. វាអាចជួយជម្រុញសុខភាពផ្លូវចិត្ត
ការស្រាវជ្រាវក៏បានបង្ហាញដែរថា ការទទួលបានរយៈពេលនៃការគេងគ្រប់គ្រាន់ អាចមានឥទ្ធិពលវិជ្ជមាន ទៅលើសុខភាពផ្លូវចិត្តរបស់យើង រួមទាំងសុខភាពផ្លូវចិត្តរបស់កុមារ និងក្មេងវ័យជំទង់ផងដែរ។
ការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយនៅដើមឆ្នាំនេះ បានរកឃើញថាបន្ទាប់ពីតាមដានកុមារចំនួន 799 នាក់ ចាប់ពីអាយុ 6 ទៅ 12 ឆ្នាំ អ្នកដែលគេងតិចបំផុត ក៏មានហានិភ័យខ្ពស់បំផុត ក្នុងការវិវត្តទៅជាបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ។
ក្មេងប្រុសដែលគេងតិចបំផុត មានហានិភ័យខ្ពស់ ក្នុងការវិវត្តទៅជាបញ្ហាអាកប្បកិរិយាមិនសមរម្យច្រងេងច្រង៉ាង ហើយទាំងក្មេងប្រុសនិងក្មេងស្រី ដែលគេងតិចបំផុតនេះ ក៏មានហានិភ័យខ្ពស់នៃបញ្ហាផ្លូវចិត្តនាពេលអនាគត។
ការសិក្សាមួយទៀតដែលត្រូវបានចេញផ្សាយកាលពីឆ្នាំមុន ដែលបានមើលទៅលើនិស្សិតមហាវិទ្យាល័យចំនួន 110,496 នាក់ ក៏បានរកឃើញថា ការគេងមិនគ្រប់គ្រាន់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាសុខភាពផ្លូវចិត្ត និងរោគសញ្ញាផ្សេងៗគ្នា រួមមានការធ្លាក់ទឹកចិត្ត អស់សង្ឃឹម កំហឹង និងបង្កការធុញថប់ជាដើម។
3. វាអាចការពារបេះដូងរបស់អ្នកបាន
ឥឡូវនេះ មានការសិក្សាកាន់តែច្រើនឡើងៗ កំពុងពិនិត្យមើលថា តើការគេងអាចជះឥទ្ធិពលដល់សុខភាពបេះដូង របស់យើងយ៉ាងដូចម្តេច?
ការសិក្សាមួយដែលបានមើលទៅលើបុរសនិងស្ត្រីចំនួន 1,992 នាក់ ដែលមានអាយុពី 45 ទៅ 84 ឆ្នាំ ក្នុងរយៈពេល 5 ឆ្នាំ បានរកឃើញថា អ្នកចូលរួម មានការគេង ដែលមានបរិមាណដំណេកខុសៗគ្នារៀងរាល់យប់ ឬអ្នកដែលមិនមានពេលគេងគ្រប់គ្រាន់ និងឧស្សាហ៍គេងភ្ញាក់ៗ អាចជួបនឹងហានិភ័យទ្វេដង នៃជម្ងឺសរសៃឈាមបេះដូង បើប្រៀបធៀបទៅនឹងអ្នក ដែលមានទម្លាប់គេងទៀងទាត់។
ការសិក្សាទ្រង់ទ្រាយធំមួយ ដែលត្រូវបានចេញផ្សាយកាលពីឆ្នាំមុន បានពិនិត្យទៅលើមនុស្ស 461,347 នាក់ ដែលមានអាយុពី 40 ទៅ 69 ឆ្នាំ ក៏បានរកឃើញថាការគេងតិចជាង 6 ម៉ោងក្នុងមួយយប់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃការគាំងបេះដូង ប្រមាណ 20% បើធៀបនឹងអ្នកដែលគេងពី 6 ទៅ 9 ម៉ោង ក្នុងមួយយប់។ ដោយឡែក ការគេងលើសកម្រិត លើសពី 9 ម៉ោងរាល់យប់ អាចមានទំនាក់ទំនងជាមួយហានិភ័យខ្ពស់ដល់ទៅ 34%។
4. វាអាចជួយជម្រុញសកម្មភាពប្រចាំថ្ងៃរបស់អ្នក បានកាន់តែប្រសើរ
ការស្រាវជ្រាវថ្មីបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់ អាចជះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលសិក្សា សម្រាប់កុមារតូចៗនៅសាលារៀន ដ៏ដូចជាផលអវិជ្ជមានសម្រាប់យើងផ្ទាល់ នៅកន្លែងធ្វើការ។
ការសិក្សាទ្រង់ទ្រាយធំមួយ ដែលបានមើលទៅលើកុមារ និងមនុស្សវ័យជំទង់ចំនួន 49,050 នាក់ ដែលមានអាយុពី 6 ទៅ 17 ឆ្នាំ បានរកឃើញថាកុមារដែលទទួលបានការគេងគ្រប់គ្រាន់ នៅពេលយប់ក្នុងមួយសប្តាហ៍ មានអត្រា 44% ទំនងជាបង្ហាញចំណាប់អារម្មណ៍ល្អៗក្នុងការរៀនសូត្រ និងមានទំនោរគំនិតចង់ដឹងអំពីអ្វីដែលថ្មីៗ។ 33% នឹងតែងតែធ្វើការងារសាលាដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះ, 28% គិតអំពីធ្វើយ៉ាងណាឲ្យរៀនកាន់តែពូកែនៅសាលា និង 14% ផ្សេងទៀតមិនដែលទុកការងារឲ្យនៅសល់ បានន័យថាតែងតែបញ្ចប់រាល់គ្រប់ការងារដែលមាន ទាំងនេះគឺជាលទ្ធផលល្អ បើប្រៀបធៀបនឹងកុមារដែលគេងមិនបានគ្រប់គ្រាន់។
ការសិក្សារបស់សហរដ្ឋអាមេរិក ដែលបានមើលពីប្រសិទ្ធភាពនៃការគេងមិនលក់ ពេញ 24 ម៉ោង លើអ្នកចូលរួមជាយុវវ័យចំនួន 234 នាក់ ក៏បានរកឃើញថាកង្វះដំណេក អាចកាត់បន្ថយសមត្ថភាពទូទៅរបស់យើង ក្នុងការបំពេញភារកិច្ច នាំឱ្យមានកំហុសនៅកន្លែងធ្វើការ ដែលអាចរាប់ចាប់ពីកំហុសស្រាល រហូតដល់កំហុសឆ្គងធំៗដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗក្នុងអាជីពការងារបាន។
ដូចនេះ សរុបមកការគេងឲ្យបានគ្រប់គ្រាន់ និងឲ្យបានលក់ស្កប់ស្កល់នៅពេលយប់ពិតជាមានសារៈសំខាន់ណាស់។ អ្នកគប្បីគេងនៅពេលយប់ ជាមួយនឹងរយៈពេលចន្លោះពី 6 ដល់ 8 ម៉ោង ទើបជារឿងល្អ។ ធ្វើបែបនេះបាន នោះអ្នកនឹងមានសុខភាពកាន់តែរឹងមាំឡើងៗ ទាំងផ្នែកពោះវៀនអវៈយវៈក្នុង ប្រព័ន្ធផ្លូវចិត្ត សុខភាពបេះដូង និងសមត្ថភាពក្នុងការបំពេញការងារប្រចាំថ្ងៃបានកាន់តែប្រសើរឡើង។