រដ្ឋាភិបាលអនុម័តឲ្យខេត្តត្បូងឃ្មុំ ទទួលបានគម្រោងអភិវឌ្ឍន៍ដល់ទៅជាង 100 លានដុល្លារ

បច្ចុប្បន្នខេត្តត្បូងឃ្មុំ បានកំពុងមានការអភិវឌ្ឍន៍ខ្ពស់មិនចាញ់ខេត្តនៅជិតខាងប៉ុន្មាននោះទេ ហើយមកដល់ឆ្នាំ 2019 នេះ ត្បូងឃ្មុំ ក៏នឹងទទួលបានប្រាក់វិនិយោគបន្ថែម ពីសំណាក់វិនិយោគិនធំៗ នៅក្នុងចំនួនទឹកប្រាក់ជិត 100 លានដុល្លារ នេះបើយោងតាមការអនុម័តជាផ្លូវការថ្មីលើគម្រោងអភិវឌ្ឍន៍ ដែលចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC កាលពីថ្ងៃទី 12 ខែមេសា កន្លងទៅថ្មីៗនេះ។

យោងតាមសេចក្ដីអនុម័តជាផ្លូវការនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់សិទ្ធិជូនទៅក្រុមហ៊ុនចំនួន 3 ធំៗរួមមានដូចជា ក្រុមហ៊ុន Kim Pich Development Co., Ltd ដើម្បីចាត់វិធានការ លើការអភិវឌ្ឍន៍នូវគម្រោងជាច្រើន ដោយក្នុងនោះរួមមានការសាងសង់នូវសណ្ឋាគារកម្រិតផ្កាយ 5 ធំមួយ ដែលមាន 365 បន្ទប់ ក៏ដូចជាការបង្កើតក្លឹបវាយកូនហ្គោល បឹងហ្គាឡូ ផ្ទះវីឡា សួនកំសាន្ត រមណីដ្ឋានទេសចរណ៍ និងគម្រោងផ្សេងៗទៀតជាច្រើន ក្នុងចំនួនទឹកប្រាក់ 98 លានដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ ក៏មានក្រុមហ៊ុន TTHS Rubber Co., Ltd ដែលបានរៀបចំគម្រោងក្នុងការបង្កើតចេញជារោងចក្រកែច្នៃជ័រកៅស៊ូក្នុងស្រុកផងដែរ ជាមួយនឹងការដាក់ទុនប្រមាណជា 2.7 លានដុល្លារ និងចុងក្រោយគេមួយទៀតគឺ LBN Agriculture Co., Ltd ជាគម្រោងបង្កើតចេញជារោងចក្រកែច្នៃផ្លែឈើ (ប្រភេទដំណាប់) ក្នុងចំនួនទឹកប្រាក់ជាង 11.9 លានដុល្លារ។

ការអភិវឌ្ឍន៍នេះ មានទីតាំងស្ថិតនៅក្នុងស្រុកខុសៗគ្នា ដោយគម្រោងធំជាងគេស្ថិតនៅស្រុកពញាក្រែក គ្រោងធំទីពីរស្ថិតនៅស្រុកមេមត់ ដែលគម្រោងទាំងនេះនឹងជួយច្រើនទៅដល់សេដ្ឋកិច្ចខេត្តត្បូងឃ្មុំឲ្យមានសេដ្ឋកិច្ចកាន់តែប្រសើរឡើង ពិសេសបំផុតនោះគឺការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងតំបន់ មានចំនួនប្រមាណជា 1474 កន្លែង សម្រាប់បំពេញការងារ។ ម្យ៉ាងគម្រោងទាំងនោះ ក៏នឹងបង្កើតបានជារមនីយដ្ឋានសម្រាប់ការកំសាន្ត កន្លែងស្នាក់នឹង ក៏ដូចជាជួយជម្រុញបន្ថែមនូវផលិតផលក្នុងស្រុក ដូចជាកៅស៊ូ និងដំណាំផ្លែឈើហូបផ្លែជាដើម។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនធំៗទាំងបី ខាងលើនៅមិនទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់ ថាថ្ងៃណានឹងចាប់ផ្ដើមគម្រោងរបស់ខ្លួននៅឡើយទេ។