កែប៖ ខេត្តកែប បើទោះបីបច្ចុប្បន្នមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍ ដោយសារតែវីរុសកូវិដ ១៩ ក៏ពិតមែន តែមានប្រសើរឡើងនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ ស្របពេលដែលលោកអភិបាលខេត្ត បានកំពុងរៀងចំផែនការថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តនៅខេត្តជាប់សមុទ្រមួយនេះ ឱ្យបានកាន់តែច្រើនក្នុងពេលខាងមុខ ដោយក្នុងនោះរួមមានការបង្កើតកំពង់ផែនៅកោះទន្សាយ និងពង្រីកឆ្នេរកំសាន្តចំនួន ២ កន្លងបន្ថែមទៀត។
យោងតាមព័ត៌មានផ្លូវការរបស់ក្រសួងទេសចរណ៍ បានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ បានឱ្យដឹងថា អភិបាលខេត្តកែប បាននឹងកំពុងរៀបចំសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយ ដែលមានទីតាំងស្ថិតនៅកោះទន្សាយ និងគម្រោងពង្រីកឆ្នេរកម្សាន្តចំនួន ០២ កន្លែងបន្ថែមទៀត ជាប្រភេទឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ និងឆ្នេកម្សាន្តធម្មជាតិនៅអង្គោល ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាអន្តរជាតិ។ ជាក់ស្ដែង គម្រោងពង្រីកឆ្នេរកន្លែងនោះរួមមាន ទី១ គឺ ឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ ដែលមានប្រវែងប្រហែលជា ៣ គីឡូម៉ែត្រ (ចាប់ពីស្ថានីយចម្រោះទឹកកខ្វក់ រហូតដល់ព្រៃកោងកាង) និង ទី២ គឺគម្រោងពង្រីកឆ្នេរខ្សាច់អង្កោល ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ប្រវែង ៣ គីឡូកន្លះ ឱ្យមានលក្ខណៈធម្មជាតិ។
លោក កែន សត្ថា អភិបាលខេត្តកែប បានគូសបញ្ជាក់ថា ក្រៅពីគម្រោងពង្រីកឆ្នេរខ្សាច់ទាំង ២ ខាងលើ ក្រសួងទេសចរណ៍ ក៏មានគម្រោងបង្កើតកំពង់ផែទេសចរណ៍ខ្នាតតូចមួយថ្មី នៅលើកោះទន្សាយផ្ទាល់តែម្តង។ មិនតែប៉ុណ្ណោះ ក្រសួងទេសចរណ៍ ក៏មានផែនការរៀបចំឱ្យមានកន្ត្រកខ្សែរ៉ក សម្រាប់ឱ្យភ្ញៀវទេសចរជិះលេងកម្សាន្ត ពីគោលដៅទេសចរណ៍មួយ ឆ្ពោះទៅកាន់គោលដៅមួយទៀត ជុំវិញតំបន់ទេសចរណ៍ធម្មជាតិទាំងនោះផងដែរ។ តាមរយៈនេះ គម្រោងកំពង់ផែថ្មីនៅកោះទន្សាយ និងពង្រីកឆ្នេរបន្ថែមនេះ ត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ដែលផែនការមេនេះត្រូវបានចាប់អនុវត្តតាំងពីខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ។ ក្នុងការរៀបចំ និងអនុវត្តផែនការមេនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប និងខេត្តមណ្ឌលគិរី ដើម្បីគាំទ្រដល់ការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ កន្លងទៅ។
គួរបញ្ជាក់ផងដែរថា ការរៀបចំប្រព័ន្ធនគរូបនីយកម្មខេត្ត តាមផែនការមេទេសចរណ៍នេះ ផ្តោតសំខាន់លើអន្តរវិស័យជាច្រើន ដូចជាការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធដែនដី នគរូបនីយកម្ម និងសំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធទឹកស្អាត អគ្គិសនី ប្រព័ន្ធគ្រប់គ្រងសំណល់រឹង-រាវ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលចាំបាច់ត្រូវអនុលោមតាមសក្ដានុពល និងធនធានដែលមានជាក់ស្ដែងនៅក្នុងខេត្តតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ គម្រោងអភិវឌ្ឍន៍កំពង់ផែថ្មី និងតំបន់ឆ្នេរទាំង ២ ខាងលើនេះ គឺកំពុងស្ថិតក្នុងដំណាក់កាលសិក្សាប៉ុណ្ណោះ ដូច្នេះយើងពុំទាន់អាចប៉ាន់ស្មានតម្លៃគម្រោងបានច្បាស់នៅឡើយទេ តែវាគឺជាការមកដល់នាពេលអនាគត៕
ប្រភព៖ ក្រសួងទេសចរណ៍