អូស្ត្រាលី៖ មិនខុសពីបណ្ដាប្រទេសផ្សេងៗទៀតនោះទេ អូស្ត្រលី បានរងគ្រោះធ្ងន់ធ្ងរដោយសារតែវីរុសកូវីដ ១៩ ដែលតាមរបាយការណ៍បានបង្ហាញថា ៤៥% នៃប្រជាជននៅក្នុងប្រទេសបានរងគ្រោះ ដោយសារតែមេរោគឆ្លងមួយនេះ។ បើទោះបីរងគ្រោះ ក្នុងរយៈពេលខ្លីក៏ដោយ រាជរដ្ឋាភិបាលអូស្ត្រាលី ក៏ដូចជាប្រជាជនបានរួមសហការណ៍គ្នាប្រយុទ្ធប្រឆាំង នឹងមេរោគឆ្លងមួយនេះ ដោយលទ្ធផលគិតមកដល់ដើមខែឧសភា នេះសបង្ហាញឱ្យឃើញនូវផលវិជ្ជមានច្រើន ពោលគឺមិនមានករណីផ្ទុះឡើងថ្មីៗដូចប៉ុន្មានខែមុននេះនោះទេ។
ប្រភពព័ត៌មានអន្តរជាតិ បានចេញផ្សាយឱ្យដឹងថា អូស្ត្រាលីត្រៀមនឹងបើកដំណើរការ សកម្មភាពប្រចាំថ្ងៃ ដែលចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាជនឡើយវិញហើយ ដោយរាប់បញ្ចូល ហាងទំនិញ ផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេរ កន្លែងហាត់ប្រាណ កន្លែងក្មេងលេង អាងហែលទឹក និងមួយចំនួនផ្សេងៗទៀត ស្របពេលស្ថានភាព នៅអូស្ត្រាលីបានធូរស្បើយច្រើនមក។ ប្រភពដដែលបានឱ្យដឹងទៀតថា ការចាបប់ផ្ដើមបើកដំណើរការប្រទេសឡើងវិញនេះ គឺស្ថិតក្នុងគោលការណ៍សាកល្បង ដែលរាជរដ្ឋាភិបាលអូស្ត្រាលីបានសម្រេចអនុម័ត ដោយចែកចេញជា ៣ ដំណាក់កាល ស្របពេលប្រជាជនរាប់លាននាក់ ត្រូវបង្ខំចិត្តនៅផ្ទះ មិនអាចធ្វើសកម្មភាពដូចសព្វមុនដង តែនៅថ្ងៃទី១៥ ខែឧសភា នឹងអាចវិលត្រឡប់ទៅដូចសភាពដើមវិញ តែស្ថិតក្នុងភាពរឹតបន្តឹង ដើម្បីបង្ការការឆ្លង និងរីករាលដាលសារជាថ្មីផងដែរ។
ការសម្រេចឱ្យបើកដំណើរការនូវសកម្មភាព ខាងលើនឹងត្រូវធ្វើឡើងនៅទីក្រុង ស៊ីដនី រដ្ឋធានីរបស់ប្រទេសផ្ទាល់ ដោយក្នុងនោះរួមមានរដ្ឋ New South Wales ផងដែរ។ អាជ្ញាធរ បានបញ្ជាក់ផងដែរថា ជុំវិញការបើកដំណើរការឡើងវិញនេះ មិនមែនមានន័យថា អូស្ត្រាលីបានរួចផុត ឬឈប់រងគ្រោះដោយសារតែមេរោគ ដ៏កាចសាហាវនោះទេ តែវាមានន័យថា យើងទាំងអស់គ្នាបានខិតខំទាំងអស់គ្នា រហូតមកដល់ថ្ងៃនេះ។ ជាក់ស្ដែង កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ នៅអូស្ត្រាលីត្រូវបានរាយការណ៍ថា មានផ្ទុះ ២ ករណីផ្សេងទៀត តែអត្រានេះគឺស្ថិតក្នុងកម្រិតទាប ទើបបានជាមានការសម្រេចឱ្យបើកដំណើរការឡើងវិញ នូវសកម្មភាពអាជីវកម្ម ឬពាណិជ្ជកម្ម ក៏ដូចជា ការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសព អាចប្រារព្ធទៅបាន តែស្ថិតនៅក្នុងចំនួន ១០ នាក់ យ៉ាងច្រើន ឬ ២០នាក់សម្រាប់អ្នកចូលរួមរំលែកទុក។
ស្ថិតក្នុងការត្រៀមបើកដំណើរការឡើងវិញនេះ អាជ្ញាធរ ក៏នៅតែបន្តរឹតបន្តឹងប្រជាពលរដ្ឋអូស្ត្រាលីផងដែរ ដោយមិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំច្រើនជាង ១០ នាក់សម្រាប់អ្នកចេញមកខាងក្រៅជាដាច់ខាត រួមជាមួយនឹងអ្នកទៅភោជនីយដ្ឋាន អាហារដ្ឋាននានា ដោយក្នុងនោះរាល់ទីកន្លែងសាសនា គោរពបូជា ជាអាទិ៍ ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ តែមិនត្រូវឱ្យមានការប្រមូលផ្ដុំមនុស្សច្រើនជាង ១០ នាក់ជាដាច់ខាត។ អាជ្ញាធរអូស្ត្រាលី ក៏បានគូសបញ្ជាក់ផងដែរ នេះគឺជាវិធានការដំបូង ដែលធ្វើឱ្យមានភាពធូស្បើយជាងមុន ជុំវិញសកម្មភាពរបស់ពលរដ្ឋ ហើយអាជ្ញាធរនឹងបន្តតាមដានបន្ថែមទៀត ទៅលើអត្រានៃការឆ្លង និងរក្សាសិទ្ធិក្នុងដាក់បន្តអនុវត្តវិធានការរឹតបន្តឹងបើស្ថានការណ៍ប្រែទៅជាអវិជ្ជមានវិញ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ករណីឆ្លងមេរោគកូវីដ ១៩ នៅអូស្ត្រាលីមានចំនួនសរុប ៦,៨៤៦នាក់ ដោយក្នុងនោះបានជាសះស្បើយ ៦,០៣៥ នាក់ និង ៩៣នាក់បានស្លាប់។ តែដោយសារស្ថានការណ៍ក្នុងប្រទេសមានភាពល្អប្រសើរច្រើន ប្រជាជនអូស្ត្រាលីប្រមាណជា ១ លាននាក់ បានត្រៀមខ្លួន ដើម្បីចូលទៅបំពេញការងារនៅការិយាល័យរបស់ខ្លួនជាធម្មតាវិញ នៅក្នុងខែកក្កដា ខាងមុខនេះ។