ក្រោយពីស្ថានភាពរបស់ពិភពលោក ចាប់ផ្តើមប្រសើរឡើងវិញបន្តិចម្តងៗ ពីការរាតត្បាតរបស់វីរុសផ្លូវដង្ហើម COVID-19 យើងសង្កេតឃើញថា ប្រទេសមួយចំនួនចាប់ផ្តើមបញ្ចប់ច្បាប់ Lockdown របស់ខ្លួន ក៏ដូចជាបានបើកប្រព័ន្ធធ្វើដំណើរ ប្រព័ន្ធទេសចរណ៍ និងអនុញ្ញាតឲ្យក្រុមហ៊ុន ក៏ដូចជាអាជីវកម្មនានា អាចដំណើរការ ការងារឡើងវិញបាន តែស្ថិតក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងអនុវត្តច្បាប់នៃការរក្សាគំលាតសង្គមផងដែរ។
ជាក់ស្តែង ថ្មីៗនេះបើតាមប្រភពពីសារព័ត៌មានក្នុងស្រុករបស់ឥណ្ឌូនេស៊ីបានឲ្យដឹងថា ប្រាសាទបុរាណបែបសាសនា ដ៏ល្បីល្បាញរបស់ខ្លួនដែលមានដូចជា Borobudur, Prambanan និង Ratu Boko ដែលមានទីតាំងស្ថិតនៅតំបន់ Central Java នឹងបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ នៅក្នុងខែមិថុនាខាងមុខនេះហើយ ក្រោយពីទីតាំងដ៏ពេញនិយមក្នុងការទាក់ទាញភ្ញៀវទេសចររបស់ឥណ្ឌូនេស៊ីមួយនេះ បានបិទកាលពីបីខែមុន ដោយសារចូលរួមទប់ស្កាត់ការរីករាលដាល របស់វីរុស COVID-19។
លោក Edy Setijono អ្នកគ្រប់គ្រងរបស់ PT Taman Wisata Candi (TWC) នៃប្រាសាទ Borobudur, Prambanan និង Ratu Boko បាននិយាយថា “យើងគ្រោងនឹងបើកដំណើរការ ប្រាសាទឡើងវិញ នៅថ្ងៃទី 8 មិថុនា។” លោកបានបន្តថា ការបើកដំណើរការនៃប្រាសាទខាងលើនេះឡើងវិញ ក៏នឹងត្រូវអនុវត្តតាមសំណើនៃវិធានការណ៍ប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងនឹង COVID-19 ដែលស្នើដោយរដ្ឋាភិបាល ជាពិសេសក្រសួងសហគ្រាស ដែលគ្រប់គ្រងដោយរដ្ឋ។
Edy បានមានប្រសាសន៍បន្តថា “នៅពេលប្រាសាទត្រូវបានបើកដំណើរការឡើងវិញ ប្រាសាទទាំងនោះនឹងត្រូវដំណើរការស្រប តាមគម្រូប្រព័ន្ធទេសចរណ៍ថ្មីផងដែរ។” លោកបន្តថា ក្រសួងទេសចរណ៍និងសេដ្ឋកិច្ច បានផ្តល់អនុសាសន៍ដល់គោលដៅទេសចរណ៍ទាំងអស់ ឲ្យអនុវត្តកម្មវិធី “អនាម័យសុខភាព និងសុវត្ថិភាព” (CHS = Cleanliness, Health and Safety)។ កម្មវិធីនេះមានសារសំខាន់ណាស់ នៅពេលដែលជំងឺរាតត្បាត បានផ្លាស់ប្តូរទំលាប់ជាច្រើនរបស់យើង។ ឥឡូវនេះ សាធារណជនបានកំពុងយកចិត្តទុកដាក់ថែមទៀត អំពីអនាម័យ សុខភាព និងសុវត្ថិភាព រួមទាំងវិស័យទេសចរណ៍ផងដែរ។
ដោយអនុវត្តតាមវិធានការណ៍ថ្មីនេះ គណៈកម្មការគ្រប់គ្រងប្រាសាទ នឹងតម្រូវឲ្យភ្ញៀវទេសចរ ពាក់ម៉ាស់សុវត្ថិភាព និងតម្រូវឲ្យឆ្លងកាត់ប៉ុស្តិ៍ វាស់កម្តៅជាមុនសិន ហើយពួកគេក៏នឹងត្រូវអនុវត្តនូវច្បាប់រក្សាគំលាត រវាងគ្នាផងដែរ ចៀសវាងការប្រមូលផ្តុំជាក្រុម។
លោក Edy ក៏បានបន្ថែមនៅក្នុងបទយកការណ៍ផងដែរថា “យើងនឹងផ្តល់ទីតាំងលាងដៃរៀងរាល់រយៈចម្ងាយ 100 ម៉ែត្រ ព្រមទាំងមានស្លាកសញ្ញា និងក្តារព័ត៌មាន ដែលពន្យល់អំពីវិធានការណ៍ការពារ COVID-19 ទៀតផង។
លើសពីនេះទៅទៀត ដើម្បីកាត់បន្ថយទំនាក់ទំនង រវាងភ្ញៀវ និងបុគ្គលិកប្រចាំនៅប្រាសាទ អ្នកគ្រប់គ្រងនឹងប្រើសំបុត្រ ដែលគ្មានសាច់ប្រាក់។