ផ្លូវដែកកម្ពុជា-ថៃ ឬយើងហៅថា ផ្លូវដែកទិសពាយ័ព្យ គឺជាផ្លូវដែកដែលបានបោះបង់ចោលអស់រយៈពេល ៤៥ ឆ្នាំមកហើយ បន្ទាប់ពីកម្ពុជាទទួលរងនូវសង្គ្រាមរ៉ាំរៃជាច្រើនលើកច្រើនសារ ធ្វើឲ្យផ្លូវដែកភាគពាយ័ព្យនេះ មានការខូចខាតស្ទើរទាំងស្រុង។ បន្ទាប់ពីបានសាងសង់ឡើងវិញ និងបើកដំណើរការបណ្ដោះអាសន្នកាលពីខែកក្កដា ២០១៨ ផ្លូវដែកនេះ ត្រូវការស្ដារឡើងវិញចំណាយទឹកប្រាក់អស់ ២៣.៤ លានដុល្លារអាមេរិច ជាកញ្ចប់ថវិកាជាតិ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ភ្ជាប់ពីភ្នំពេញ ទៅដល់ព្រំប្រទល់ប្រទេសថៃ ក្រុងប៉ោយប៉ែត មានប្រវែង ៣៨៦ គីឡូម៉ែត្រ។ អញ្ចឹង នៅក្នុងថ្ងៃនេះដែរ បន្ទាប់ពីបានសម្ពោធស្ពានស្ទឹងបត់-បានណងអៀន, បើកការដ្ឋានចាក់បេតុងភ្ជាប់ច្រកព្រំដែនទៅផ្លូវជាតិលេខ ៥, និងការដ្ឋានសង់អគារច្រកព្រំដែន យើងនៅមានពិធីដ៏សំខាន់មួយទៀត គឺការបើកដំណើរការឡើងវិញជាផ្លូវការនូវផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត និងសម្ពោធស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត ផងដែរ។
នៅក្នុងពិធីសម្ពោធស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត និងផ្លូវដែកកម្ពុជា-ថៃនេះ ត្រូវបានដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា ស្ដារឡើងវិញនូវការដឹកជញ្ជូនតាមផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់ក្បាលរថភ្លើង (DMU) ដែលជាអំណោយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ការស្ដារផ្លូវដែកភាគពាយ័ព្យឡើងវិញនេះ កម្ពុជានឹងទទួលបាននូវផលប្រយោជន៍សំខាន់មួយចំនួន ដោយការពង្រឹងវិស័យដឹកជញ្ជូនតាមផ្លូវដែក វានឹងជួយកាត់បន្ថយការកកស្ទះនៅលើផ្លូវជាតិ, កាត់បន្ថយការខូតខាតផ្លូវជាតិដោយរថយន្ដធុនធំ, កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, ការដឹកជញ្ជូនកាន់តែថោក, ការដឹកអ្នកដំណើរបានច្រើនជាងរថយន្ដក្រុង និងកាត់បន្ថយរថយន្ដបើកបរនូវតាមផ្លូវច្រើន ជាដើម។ ជាងនេះទៅទៀត ការសម្ពោធស្ថានីយ៍រថភ្លើងនៅច្រកព្រំដែនប៉ោយប៉ែត អនុញ្ញាតិដល់ការជិះរថភ្លើងពីភ្នំពេញដល់ប្រទេសថៃ ពីប្រទេសថៃ ភ្ជាប់ដល់ម៉ាឡេស៊ី និងប្រទេសសិង្ហបុរីផងដែរ។
ក្នុងឱកាសនោះទៀតសោត រដ្ឋាភិបាលថៃ បានផ្ដល់អំណោយក្បាលរថភ្លើង (DMU) ចំនួន ១ គ្រឿង (មានទូដឹកអ្នកដំណើរចំនួន ៤) ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៣២០ នាក់ ជូនព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដែលដំណើរការនេះ ភាគីប្រទេសទាំង ២ សង្ឃឹមយ៉ាងមុតមាំថា ការតភ្ជាប់ផ្លូវដែកកម្ពុជា និងថៃ ពិតជានាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលជាមធ្យាបាយដឹក ជញ្ជូនទំនិញដ៏ស័ក្តិសិទ្ធ មានតម្លៃថោក និងមានសុវត្ថិភាពខ្ពស់ រួមចំណែកក្នុងការអភិវឌ្ឍខឿន សេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការតភ្ជាប់ និងអភិវឌ្ឍតំបន់អាស៊ាន និងមហាអនុ តំបន់មេគង្គផងដែរ។
ជាសរុបមកវិញ កម្ពុជាកំពុងពង្រឹងឡើងវិញនូវផ្លូវដែក ដែលអាចជាមធ្យោបាយដោះស្រាយការដឹកជញ្ជូនទំនិញ និងការដឹកអ្នកដំណើរយ៉ាងមានប្រសិទ្ធភាព ថ្វីត្បិតមាននៅមិនទាន់មានលក្ខណៈស្ដង់ដារខ្ពស់ដូចជាប្រទេសគេជឿនលឿនក្ដី ប៉ុន្តែវាជួយសម្រួលដល់ចរាចរណ៍តាមដងផ្លូវមួយផ្នែកធំ ពិសេសគឺដឹកអ្នកដំណើរបានដល់ ៣២០ នាក់ក្នុងមួយជើង កាត់បន្ថយរថយន្ដរាប់រយគ្រឿងតាមដងផ្លូវ ចំណែកទំនិញបានរាប់រយតោន ប្រកបដោយសុវត្ថិភាព ហើយបច្ចុប្បន្នរាជរដ្ឋាភិបាល ក៏មានចក្ខុវិស័យអភិវឌ្ឍន៍ផ្លូវដែក ឲ្យកាន់តែទំនើបបន្ថែមទៀតផងដែរ។