សឹង្ហបុរី៖ ការនាំចេញផលិតផលទៅទីផ្សារអន្តរជាតិរបស់សឹង្ហបុរី បានកំពុងធ្លាក់ចុះខ្លាំង ស្របពេលសេដ្ឋកិច្ចប្រទេសនេះកំពុងដាំក្បាលចុះ ដោយមូលហេតុនៃការរាតត្បាត នៃវីរុសកូវីដ ១៩ ចាប់តាំងពីដើមឆ្នាំ ២០២០ មកម្លេះ។ ប្រភពព័ត៌មានក្នុងស្រុករបស់សឹង្ហបុរី បានចេញផ្សាយឱ្យដឹងថា ការនាំចេញផលិតផលទៅក្រៅស្រុក លើកលែងតែប្រេង (Non-oil domestic exports) ហៅកាត់ថា NODX បានថតចុះ ៤.៥% ពីមួយឆ្នាំទៅមួយឆ្នាំ។
បន្ទាប់ពីមានការកើនឡើងអស់រយៈពេល ៣ ខែ នៃដើមឆ្នាំ ២០២០ កាលពីខែឧសភា កន្លងទៅ ទីផ្សារនាំចេញផលិតផលទៅបរទេស របស់ប្រទេសសឹង្ហបុរី បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយអត្រាពីមួយឆ្នាំទៅមួយឆ្នាំឈានដល់ ៤.៥% ជាទិន្នន័យសរុបទាំងស្រុង នៃការនាំចេញផលិតផល (Export)។ របាយការណ៍ផ្លូវការ ចេញផ្សាយដោយរដ្ឋាភិបាលសឹង្ហបុរី កាលពីថ្ងៃទី១៧ ខែមិថុនា ម្សិលមិញនេះបានបង្ហាញថា ការធ្លាក់ចុះ ៤.៥% នេះ គឺជាការកើនឡើងបន្តិចវិញ ខណៈកាលពីខែមេសា អាត្រានាំចេញសរុបបានធ្លាក់ចុះនោះមានដល់ទៅ ៥.១% ឯណោះ។
ជាមួយគ្នានោះដែរ កាលពីខែឧសភា ផលិតផលទូទៅ ដែលមិនមែនជាផលិតផលអេឡិចត្រូនិច (Non-electronic domestic exports) បានបន្តធ្លាក់ចុះដល់ ៨.៨% ខណៈប្រេងឥន្ធនៈធ្លាក់ដល់ទៅ ៣១.២% ដោយសារតែមានការធ្លាក់ចុះ នៃទីផ្សាររបស់ប្រទេសចិន ឥណ្ឌា និងឥណ្ឌូនេស៊ី ដែលជាអ្នកទិញធំរបស់សឹង្ហបុរី។ ក្រៅពីនេះ ការនាំចេញនូវផលិតផលចំណីអាហារ ផលិតផលមិនមែនជាគ្រឿងម៉ាស៊ីន ឬគ្រឿងចក្រ បានធ្លាក់ចុះ ២៤.៥% មកពីពុំមានតម្រូវការពីទីផ្សារខ្ពស់ដូចសព្វដង។ យ៉ាងណាក៏ដោយ បើគិតត្រឹមខែឧសភា កន្លងទៅនេះទិន្នន័យបូកសរុបបានបង្ហាញឱ្យដឹងថា ការនាំចេញរបស់សឹង្ហបុរីធ្លាក់ចុះ ២៣.៩% ខណៈការនាំចូលក៏ធ្លាក់ចុះដូចគ្នាក្នុងកម្រិត ២៦.២% ក្នុងមួយខែពេញ។
ជារួមការនាំចេញផលិតផលទៅក្រៅស្រុកសម្រាប់ទីផ្សារធំៗចំនួន ១០ របស់សិង្ហបុរី បានកើនឡើងនៅក្នុងខែឧសភា កន្លងទៅ បើទោះបីជាការនាំចេញទៅកាន់សហគមន៍អឺរ៉ុប ឥណ្ឌូណេស៊ី ចិន ម៉ាឡេស៊ីហុងកុង និងថៃ បានធ្លាក់ចុះក៏ដោយ។ ដោយឡែក សហរដ្ឋអាមេរិក ជប៉ុន និងតៃវ៉ាន់ បានចូលរួមចំណែកយ៉ាងច្រើនដល់កំណើននៃការនាំចេញ NODX របស់សឹង្ហបុរី។ សម្រាប់ខែមិថុនានេះវិញ សឹង្ហបុរីរំពឹងទុកថា ការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ នឹងបន្តកើនឡើងបន្ថែមទៀត៕