ក្នុងប្រទេសនីមួយៗ តែងតែចង់ភ្ជាប់តំបន់ឆ្ងាយរបស់ប្រទេសខ្លួន ឲ្យធ្វើដំណើរបានរហ័សបំផុត ប៉ុន្តែសម្រាប់វិស្វករ ការសាងសង់ផ្លូវឆ្ងាយទាំងនោះ មិនងាយស្រួលឡើយ ដោយគេត្រូវសិក្សាច្រើនចំណុច ទើបអាចភ្ជាប់ផ្លូវពីតំបន់មួយទៅតំបន់មួយបាន។ ជាទូទៅ ឧបសគ្គនៃការភ្ជាប់ផ្លូវមានដូចជា ផ្លូវកាត់ទន្លេរ សណ្ឋានដីមិនល្អ ផ្លូវកាត់ភ្នំ ជាដើម។ បញ្ហាទាំងនេះហើយ ទើបធ្វើឲ្យវិស្វករអ្នកសាងសង់ផ្លូវ ព្យាយាមចេញនូវគំនិតច្នៃប្រឌិតកាន់តែច្រើនឡើងៗដើម្បីជំនះវាជាច្រើនសតវត្ស រហូតដល់ពិភពលោក ភ្ជាប់ទៅគ្នាកាន់តែជិត អាចទៅមកបានរហ័ស។ ផ្លូវឆ្ងាយ ភាគច្រើនត្រូវបានដោះស្រាយដោយផ្លូវរថភ្លើង ដោយសារតែវារត់ផ្លូវមួយតែឯង អាចរត់បានលឿន និងដឹកអ្នកដំណើរបានច្រើន ប៉ុន្តែក៏ត្រូវចំណាយទឹកប្រាក់ច្រើនផងដែរ ពិសេសគឺការសាងសង់ផ្លូវអាកាសដើម្បីកាត់ និងផ្លូវក្រោមដីជាដើម។
ផ្លូវក្រោមដីប្រវែងវែង មិនឃើញមានច្រើនគ្រប់ប្រទេសនោះទេ ពោលគឺវាត្រូវការសិក្សាច្រើន ត្រូវការវិស្វករជំនាញ ពិសេសគឺសិក្សាទៅលើស្ថានភាពដី និងបាតុភូតផ្សេងៗ ដូចនេះផ្លូវក្រោមដីប្រវែងវែង ភាគច្រើនមានតែប្រទេសជឿនលឿនប៉ុណ្ណោះ។ ហើយថ្ងៃនេះ យើងនឹងមកស្គាល់ផ្លូវក្រោមដីវែងបំផុតទាំង ១២ ដែលវាសុទ្ធសឹងជាផ្លូវក្រោមដីសម្រាប់រថភ្លើងល្បឿនលឿន។
- ផ្លូវក្រោមដី LEP
ផ្លូវមួយខ្សែនេះ វាសាងសង់រួចរាល់ក្នុងឆ្នាំ ១៩៨៨ ស្ថិតនៅព្រំប្រទល់ប្រទេសបារាំង និងប្រទេសស្វីស មានប្រវែងសរុប ២៦.៧ គីឡូម៉ែត្រ។
- រថភ្លើងក្រោមដី ទីក្រុងឡុងដ៏
នេះជាផ្លូវក្រោមដីធំបំផុតរបស់ប្រទេសអង់គ្លេស ស្ថិតនៅក្រុង Morden ទៅកាន់ East Finchley សាងសង់រួចរាល់ក្នុងឆ្នាំ ១៩៤០ និងមានប្រវែងសរុប ២៧.៨ គីឡូម៉ែត្រ។
- ផ្លូវក្រោមដី Taihang
ផ្លូវក្រោមដី Tailhang ស្ថិតនៅក្នុងខេត្ត Tailhang ប្រទេសចិន បានសាងសង់រួចរាល់ក្នុងឆ្នាំ ២០០៧ និងមានប្រវែង ២៧.៨ គីឡូម៉ែត្រដូចនៅផ្លូវក្រោមដីទីក្រុងឡុងដ៏ដែរ។
- ផ្លូវក្រោមដី West Qinling
ផ្លូវក្រោមដី West Qinling ស្ថិតនៅក្នុងខេត្តកាងស៊ូ ប្រទេសចិន បានសាងសង់រួចរាល់ក្នុងឆ្នាំ ២០១៦ និងមានប្រវែង ២៨.១ គីឡូម៉ែត្រ។
- ផ្លូវក្រោមដី Guadarrama
ផ្លូវក្រោមដីនេះ ស្ថិតនៅក្នុងតំបន់ Sierra de Guadarrama ប្រទេសអេស្ប៉ាញ សម្រាប់រថភ្លើងរត់ពី Madrid ទៅ Barcelona បានសាងសង់រួចរាល់ក្នុងឆ្នាំ ២០០៧ និងមានប្រវែង ២៨.៣ គីឡូម៉ែត្រ។
- ផ្លូវក្រោមដី New Guanjiao
ផ្លូវក្រោមដីនេះ ស្ថិតនៅក្នុងខេត្តជីហៃ ប្រទេសចិន ដែលកាត់តាមខ្ពង់រាបទីបេ សាងសង់រួចរាល់ក្នុងឆ្នាំ ២០១៤ និងមានប្រវែង ៣២.៦ គីឡូម៉ែត្រ។
- ផ្លូវក្រោមដី Lötschberg Base
ផ្លូវក្រោមដី Lötschberg Base ធ្លាប់ជាផ្លូវវែងបំផុតក្នុងប្រទេសស្វីស មុនពេលដែលផ្លូវ Gotthard base បានសង់រួចរាល់។ វាសាងសង់រួចរាល់ក្នុងឆ្នាំ ២០០៧ និងមានប្រវែង ៣៤.៦ គីឡូម៉ែត្រ។
- ផ្លូវក្រោមដី បឹងសុនសាន
ផ្លូវក្រោមដីនេះ ស្ថិតនៅក្នុងខេត្ត Dongguan ប្រទេសចិន សាងសង់រួចរាល់ក្នុងឆ្នាំ ២០១៦ និងមានប្រវែង ៣៨.៩ គីឡូម៉ែត្រ។
- ផ្លូវក្រោមដី Yulhyeon
ប្រទេសកូរ៉េខាងត្បូង បានចំណាយពេល ៣ ឆ្នាំដើម្បីកាយផ្លូវមួយនេះ ដែលវាស្ថិតនៅក្នុងទីក្រុងស៊េអូល មានប្រវែងសរុប ៥០.៣ គីឡូម៉ែត្រ បញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៦។
- ផ្លូវ Channel
ផ្លូវ Channel ជាផ្លូវក្រោមដី និងក្រោមសមុទ្រ សម្រាប់រតភ្លើងពីប្រទេសអង់គ្លេស ទៅប្រទេសបារាំង សាងសង់រួចរាល់នៅក្នុងឆ្នាំ ១៩៩៤ និងមានប្រវែង ៥០.៣ គីឡូម៉ែត្រ។
- ផ្លូវ Seikan
ផ្លូវ Seikan គឺជាផ្លូវក្រោមសមុទ្រវែងជាងបំផុតលើលោក ដើម្បីភ្ជាប់ទៅកាន់កោះ ២ នៅក្នុងប្រទេសជប៉ុន គឺកោះនៅភាគខាងជើងជប៉ុន និងកោះ Hakodate។ វាសាងសង់រួចរាល់ក្នុងឆ្នាំ ១៩៨៨ និងមានប្រវែងសរុប ៥៤ គីឡូម៉ែត្រ។
- ផ្លូវក្រោមដី Gotthard Base
ផ្លូវក្រោមដីវែងបំផុតលើលោក គឺស្ថិតនៅក្នុង Swiss Alps ប្រទេសស្វីស ដែលបានសាងសង់រួចរាល់ក្នុងឆ្នាំ ២០១៦ និងមានប្រវែងសរុប ៥៧ គីឡូម៉ែត្រ។