កម្ពុជា មានព្រៃកោងកាង ៥៨,៨០០ ហិកតា និងផ្ដល់ផលវារីវប្បកម្មប្រមាណជាង ១៥,០០០តោនក្នុង១ឆ្នាំៗ

ព្រៃកោងកាង បានផ្ដល់គុណប្រយោជន៍យ៉ាងច្រើន និងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងសមុទ្រ ដូចជា៖ ជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ, ការពារជម្រាលដីពីការសិករិចរិល, ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួន។ 

តាមការបង្ហាញពីក្រសួងបរិស្ថាន ឲ្យដឹងថា ប្រទេសកម្ពុជាមានផ្ទៃដីព្រៃកោងកាងសរុបចំនួន ៥៨,៨០០ ហិកតា ដែលក្នុងនោះ ស្ថិតនៅក្នុងខេត្តកែប ១,០០៥ ហិកតា, ខេត្តកំពត ១,៩៦៦ ហិកតា, ខេត្តព្រះសីហនុ ៩,៣៥២ ហិកតា, និងខេត្តកោះកុងមានទំហំធំជាងគេបំផុតដល់ ៤៦,៥២៩ ហិកតា។ 

ព្រៃកោងកាងក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាតំបន់សហគមន៍អេកូទេសចរណ៍ បង្កើតប្រាក់ចំណូលដល់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបានផ្ដល់ប្រយោជន៍ដោយប្រយោលបន្ថែមទៀត ដូចជា ជាជម្រកដល់ការបង្កាត់ពូជ និងថ្នាលសរីរាង្គសត្វសមុទ្រមួយចំនួន រួមមាន បង្កង ក្ដាម និងប្រភេទត្រីសមុទ្រជាច្រើនទៀត ហើយធនធាននៃព្រៃកោងកាងបានផ្ដល់មកនូវផលវារីប្បកម្មប្រមាណជាង ១៥,០០០ តោនក្នុងមួយឆ្នាំៗសម្រាប់លក់នៅលើទីផ្សារ និងការនាំចេញ ព្រោះប្រភេទសត្វសមុទ្រ បង្គា បង្កង ក្ដាម និងត្រីជាច្រើនប្រភេទ តែងប្រើប្រាស់ព្រៃកោងកាងជាជម្រកសម្រាប់បង្កាត់ពូជ និងជាទីជម្រកស្វែងរកចំណី។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ព្រៃកោងកាង ជាជម្រកនិងកន្លែងរកចំណីនៃសត្វមានជីវិតដូចជាត្រី សត្វឆ្អឹងខ្នងមានឈាមត្រជាក់ ល្មូន បក្សី ព្រមទាំងថនិកសត្វដូចជាសត្វខ្លា និងជាប្រភពផ្ដល់ព្រៃឈើ ផ្ដល់ចំណីដែលមានប្រូតេអ៊ីនខ្ពស់សម្រាប់មនុស្ស និងជីវៈចម្រុះ ថែមទាំងចូលរួមទប់ស្កាត់ផលប៉ះពាល់លើធនធានជីវៈចម្រុះសមុទ្រ ដែលកំពុងតែរងផលប៉ះពាល់ពីសកម្មភាពមនុស្ស និងមហន្ដរាយធម្មជាតិ។ 

សូមបញ្ជាក់ថា ព្រៃកោងកាងក្នុងប្រទេសកម្ពុជាទំហំ ៨០% ស្ថិតនៅក្នុងខេត្តកោះកុង ហើយក្នុងនោះសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ក្នុងខេត្តកោះកុង ជាសហគមន៍ព្រៃកោងកាងដ៏ធំបំផុតមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ក្នុងគោលបំណងអភិវឌ្ឍន៍តំបន់មួយនេះក្លាយជាសហគមន៍ទេសចរណ៍ព្រៃកោងកាងគម្រូមួយ ថែមទាំងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិបានរាប់ម៉ឺននាក់មកកម្សាន្ដ ក្នុងមួយឆ្នាំៗ។