មូលហេតុនៃការអភិវឌ្ឍន៍អគារខ្ពស់!

ការសាងសង់អាគារខ្ពស់ ប្រហែលជាការដំណោះស្រាយយ៉ាងសំខាន់បំផុតក្នុងការអភិវឌ្ឍន៍ទីក្រុងឲ្យសមស្របទៅតាមដង់ស៊ីតេនៃចំនួនប្រជាជនរស់នៅ ដែលមានកំណើនឡើងខ្ពស់ជារៀងរាល់ឆ្នាំ។ បើតាមការព្យាករណ៍ពីអង្គការសហប្រជាជាតិ បានឲ្យដឹងថា នៅឆ្នាំ២០៥០ ចំនួនប្រជាជនទូទាំងពិភពលោកនឹងកើនឡើងជាង ២.៥ ពាន់លាននាក់បន្ថែម ពិសេសនៅទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក (បច្ចុប្បន្នមានខ្ទង់ ៧ ពាន់លាននាក់) ហើយក្នុងនោះប្រជាជនខ្ទង់ ៧០% ទូទាំងពិភពលោកនឹងសម្របខ្លួនរស់នៅទីក្រុង (Urban areas) ធៀបនឹងកាលពីឆ្នាំ ២០១៨ មានត្រឹមតែ ៥៥% ប៉ុណ្ណោះ។ ដូចនេះហើយ ទើបនគរូបនីយកម្មទីក្រុង និងអគារខ្ពស់ បានរីកឡើងដូចផ្សិត ហើយត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុតនៅតាមបណ្ដាប្រទេសនានា។ ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលអ្នកគួរដឹងអំពីការអភិវឌ្ឍន៍នៃអគារខ្ពស់។

១. សំណង់អគារខ្ពស់ ចាប់ផ្ដើមកើតមានតាំងពីពេលណា?

អគារខ្ពស់ តាមពិតទៅ មានវត្តមានឡើងចាប់ផ្ដើមនៅក្នុងសតវត្សទី ១៩ បន្ទាប់ពីពិភពលោកបានធ្វើបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ១.០ ដែលប្រទេសជឿនលឿនចាប់ផ្ដើមអភិវឌ្ឍន៍នូវគ្រឿងម៉ាស៊ីន រោងចក្រ ផ្លូវដែក -ល-។ ការសាងសង់អគារខ្ពស់ គេសង្កេតឃើញរីកលូតលាស់ដំបូងបង្អស់នៅសហរដ្ឋអាមេរិច ក្នុងទីក្រុងឈីកាហ្គោ និងបន្ទាប់មកគឺក្នុងទីក្រុងញ៉ូវយ៉ក ក្រោយពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ឆ្នាំ១៧៧៦ (ចុងសតវត្សទី ១៨) គឺជាពេលដែលអាមេរិច ចាប់ផ្ដើមធ្វើទំនើបកម្ម នគរូបនីយកម្មទីក្រុង និងពឹងផ្អែកលើវិស័យឧស្សាហកម្ម។

២. អត្ថប្រយោជន៍នៃការសាងសង់អគារខ្ពស់

ការសាងសង់អគារខ្ពស់ បានបង្ហាញនូវភាពរីកចចម្រើននៃវិស័យសំណង់ ស្ថាបត្យកម្មក្នុងទីក្រុង និងកំណើនសេដ្ឋកិច្ច ដែលគម្រោងនីមួយៗត្រូវចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីសិក្សាទៅវិស្វកម្ម រួមមានគ្រឹះអគារ រំញ័រសណ្ឋានដី និងកម្លាំងខ្យល់ លើសពីនេះទៀត ក៏នឹងត្រូវវិភាគទៅលើភាពលេចធ្លោនៃអគារ ផ្ដល់នូវភាពស្រស់ស្អាត និងទាក់ទាញទេសចរផងដែរ។ ព្រោះថា គម្រោងសាងសង់អគារខ្ពស់ភាគច្រើន គឺធ្វើជាអគារស្នាក់នៅ និងអគារពាណិជ្ជកម្មចម្រុះ មានទាំងកន្លែងស្នាក់នៅ តំបន់ពាណិជ្ជកម្ម ការិយាល័យ កន្លែងកម្សាន្ដ -ល-។ ការអភិវឌ្ឍន៍អគារខ្ពស់ បានបង្ហាញអំពីវិសាលភាព និងភាពរីកចម្រើននៃទីក្រុង ហើយពេលខ្លះអាចបង្ហាញអត្តសញ្ញាណរបស់ទីក្រុងទៀតផង (iconic skyline) ឧទាហរណ៍អគារ Burj Khalifa តំណាងទីក្រុង Dubai, អគារភ្លោះ Petronas Tower តំណាងទីក្រុងគួឡាឡាំពួរ, អគារ Marina Bay តំណាងទីក្រុងសិង្ហបុរី -ល-។ 

៣. គុណវិបត្តិនៃគម្រោងអភិវឌ្ឍន៍អគារខ្ពស់

ត្បិតគម្រោងការអភិវឌ្ឍន៍អគារខ្ពស់ មើលទៅទំនើបនិងអស្ចារ្យ ប៉ុន្តែវាក៏ត្រូវប្រឈមនឹងបញ្ហាជាច្រើនផងដែរ ព្រោះមានមិនតិចនោះទេ នូវអគារខ្ពស់ដែលត្រូវទុកចោលដូចអគារខ្មោច ឬគម្រោងអភិវឌ្ឍន៍រួចរាល់ ប៉ុន្តែមិនមានតម្រូវការខ្ពស់។ តួយ៉ាង អគារខ្ពស់បំផុតលើលោក Burj Khalifa, ដោយយើងអាចមើលឃើញពីខាងក្រៅ វាពិតជាអស្ចារ្យ កម្ពស់ខ្ពស់ដល់ជាង ៨០០ ម៉ែត្រ ជាមួយស្ថាបត្យកម្មទំនើប ថែមទាំងទាក់ទាញទេសចរបានច្រើនទៀតផង ប៉ុន្តែខាងក្នុងគឺនៅមានចន្លោះទំនេរច្រើនដែលគេមិនបានប្រើប្រាស់។ តាមសារព័ត៌មាន The Street បង្ហាញថា អគារ Burj Khalifa ត្រូវបានគេប្រើប្រាស់ត្រឹមតែ ៧០% ប៉ុណ្ណោះ ចំណែកឯ ៣០% ផ្សេងទៀត (ភាគច្រើននៅជាន់ខាងលើ) ត្រូវទុកទំនេរចោល។ 

ចំណែកអគារខ្ពស់បំផុតលំដាប់ទី ២ លើលោក, Shanghai Tower ក៏ស្រដៀងគ្នាដែរ គម្រោងអគារខ្ពស់ៗមានច្រើនប៉ុន្តែ នៅឆ្នាំ ២០១៨ រយៈពេល ២ ឆ្នាំក្រោយការសម្ពោធ អគារនេះផ្នែកខាងលើជិត ៤០% មិនមានតម្រូវការប្រើប្រាស់នោះទេ។ 

អ្្វីដែលយើងគួរដឹងបន្ថែម គឺគម្រោងសាងសង់អគារខ្ពស់ត្រូវចំណាយស៊ីម៉ង់ត៍ច្រើនលើសលុប ដែលបណ្ដាលឲ្យការបំភាយឧស្ម័នកាបូនច្រើនទៅបរិយាកាសដល់ជាង ៨% ឯណោះ។ លើសពីនេះទៀត ការសាងសង់អគារខ្ពស់ត្រូវចំណាយលុយច្រើន ដូចនេះអគារជាច្រើនបានក្លាយទៅជាអគារខ្មោច ដូចជា Ryugyung Hotel នៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង និង Ghost Tower នៅទីក្រុងបាងកក ជាដើម។

៤. ការអភិវឌ្ឍន៍អគារខ្ពស់នៅកម្ពុជា 

អគារខ្ពស់នៅកម្ពុជា យើងអាចរកឃើញច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយសន្ទុះនៃការអភិវឌ្ឍន៍ គឺរីកចម្រើនឡើងខ្លាំងត្រឹមអំឡុងពេល ៥ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលបានផ្លាស់ប្ដូរមុខមាត់ថ្មីនៃទីក្រុង ប្រទេសកម្ពុជា។ សម្រាប់រាជធានីភ្នំពេញ ការអភិវឌ្ឍន៍អគារខ្ពស់បានចាប់ផ្ដើមពីឆ្នាំ ២០០៥ មានន័យថាកាលពីមុនឆ្នាំ ២០០៥ រាជធានីភ្នំពេញពុំមានអគារខ្ពស់លើសពី ៧ ជាន់ឡើយ លើកលែងតែសំណង់មួយចំនួនដូចជា សណ្ឋាគារ Inter-Continental និងផ្សារទំនើបសូរិយាជាដើម។ ប៉ុន្តែមកដល់ដើមឆ្នាំ ២០២០ អគារខ្ពស់ចាប់ពី ៧ ជាន់ឡើងទៅ បានកើនឡើងលើសពី ១,០០០ អគារនៅរាជធានីភ្នំពេញ និងជិត ៩០០ អគារនៅឯខេត្តព្រះសីហនុ ដោយភាគច្រើនអគារទាំងនោះគឺជាអគារស្នាក់នៅ សណ្ឋាគារ អគារពាណិជ្ជកម្មចម្រុះ ការិយាល័យ -ល-។

៥. អគារខ្ពស់បំផុតលើលោកទាំង ១០

• អគារ Burj Khalifa ទីក្រុងឌូបៃ កម្ពស់ ៨២៨ ម៉ែត្រមានចំនួន ១៦៣ ជាន់

• អគារ Shanghai Tower ទីក្រុងសៀងហៃ កម្ពស់ ៦៣២ ម៉ែត្រមានចំនួន ១២៨ ជាន់

• អគារ Makkah Royal Clock Tower ទីក្រុងមេកា កម្ពស់ ៦០១ ម៉ែត្រមានចំនួន ១២០ ជាន់

• អគារ Ping An Financial Center ទីក្រុងស្ស៊ិនជិន កម្ពស់ ៥៩៩ ម៉ែត្រមានចំនួន ១១៥ ជាន់

• អគារ Lotte World Tower ទីក្រុងសេអ៊ូល កម្ពស់ ៥៥៤ ម៉ែត្រ មានចំនួន ១២៣ ជាន់

• អគារ One World Trade Center ទីក្រុងញ៉ូវយ៉ក កម្ពស់ ៥៤១ ម៉ែត្រមានចំនួន ៩៤ ជាន់

• អគារ Guangzhou Finance Center ទីក្រុងក្វាងចូវ កម្ពស់ ៥៣០ ម៉ែត្រមានចំនួន ១១១ ជាន់

• អគារ Tianjin Finance Center ទីក្រុងធានជីង កម្ពស់ ៥៣០ ម៉ែត្រមានចំនួន ៩៧ ជាន់

• អគារ CITIC Tower ទីក្រុងប៉េកាំង កម្ពស់ ៥២៧ ម៉ែត្រ មានចំនួន ១០៩ ជាន់

• អគារ Taipei 101 ទីក្រុងតៃប៉ិ កម្ពស់ ៥០៨ ម៉ែត្រ មានចំនួន ១០១ ជាន់