រដ្ឋាភិបាលជប៉ុន សម្រេចជាផ្លូវការបើកឱ្យប្រើឱសថសម្រាប់ព្យាបាលអ្នកឆ្លងវីរុសកូវីដ ១៩ ហើយ

តូក្យូ៖ ឈានដល់ចុងខែកក្កដា នេះ ឱសថ ក៏ដូចជាវ៉ាក់សាំង ផ្លូវការ ដែលទទួលស្គាល់ជាសកល ស្រាប់ព្យាបាល អ្នកជម្ងឺដែលផ្ទុកវិរុសកូវីដ ១៩ នៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ។ ក្នុងនោះ បើយើងក្រលែកទៅមើលតាមបណ្ដាប្រទេសនានា បានប្រកាសប្រើប្រាស់ឱសថ និងវ៉ាក់សាំងផ្ទាល់ខ្លួនខ្លះៗហើយ ដោយសារតែឃើញនូវលទ្ធផលវិជ្ជមាន នៅពេលប្រើប្រាស់សម្រាប់ព្យាបានអ្នកជម្ងឺ កាលពីពេលកន្លងមក។

រដ្ឋាភិបាលជប៉ុន ដឹកនាំដោយក្រសួងសុខាភិបាល កាលពីថ្ងៃអង្គារកន្លងទៅ បានប្រកាសជាសាធារណៈ អនុញ្ញាតឱ្យក្រុមគ្រូពេទ្យ និងអ្នកជំនាញចាប់ផ្ដើមប្រើប្រាស់ឱសថមានឈ្មោះហៅថា  DEXAMETHASONE ជាប្រភេទ ស្តេរ៉ូអ៊ីត (Steroid) សម្រាប់ព្យាបាលអ្នកជម្ងឺ ដែលមានផ្ទុកវីរុសកូវីដ ១៩ ថែមទាំងមានតម្លៃធូថ្លៃ។ សេចក្ដីប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការធ្វើតេស្ដឱសថនេះ ជាលើកទី២ ជាមួយនឹងអ្នកជម្ងឺផ្ទុកវីរុសកូវីដ ១៩ នៅចក្រភពអង់គ្លេស ទទួលបានលទ្ធផលល្អប្រសើរ ដោយកាត់បន្ថយអត្រាស្លាប់ បានច្រើនសម្រាប់អ្នកកំពុងស្នាក់នៅមន្ទីពេទ្យ។

ឱសថ Dexamethasone នេះ ត្រូវបានអ្នកវិទ្យសាស្ត្រជាច្រើន លើកឡើងថា វាគឺជារបកគំហើញដ៏សំខាន់មួយ ក្នុងអំឡុងពេលឆ្លង និងរីករាលដាល នៃវីរុសកូវីដ ១៩ នាពេលនេះ។ ឱសថ នេះត្រូវបានអ្នកជំនាញលើកឡើងថា វាគឺជា ស្តេរ៉ូអ៊ីតប្រយុទ្ធប្រឆាំង នឹងការរលាកហើយត្រូវបានគេប្រើជាធម្មតា ដើម្បីព្យាបាលជម្ងឺមួយចំនួនផ្សេងទៀតរួមមានដូចជា ជម្ងឺរលាកសន្លាក់ ប្រតិកម្មអាលែហ្សី ស្បែក និងភ្នែក និងបញ្ហាផ្លូវដង្ហើមជាដើម។ មិនតែប៉ុណ្ណោះ Dexamethasone វាបន្ថយការឆ្លើយតបការពារធម្មជាតិ របស់រាងកាយ និងជួយកាត់បន្ថយរោគសញ្ញាដូចជាហើម និងប្រតិកម្មអាឡែស៊ីផ្សេងៗទៀតផងដែរ។ ជប៉ុន នឹងចាប់ផ្ដើមប្រើប្រាស់ឱសថនេះ ជាឱសថទី ២ បន្ទាប់ពីឱសថ Remdesivir ដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ នៅទូទាំងផ្ទៃប្រទេស ខណៈពេលបច្ចុប្បន្ន អ្នកឆ្លងវីរុសកូវីដ ១៩ នៅជប៉ុនមានចំនួន ២៦,៣៧៦ នាក់ ដោយអ្នកជាសះស្បើយមានចំនួន ២០,១៥៥ នាក់ និងស្លាប់កើនឡើងដល់ ៩៩១ នាក់។ 

គួរបញ្ជាក់ថា ឱសថ Dexamethasone ត្រូវបានលោកវិជ្ជបណ្ឌិត Dr. Mike Ryan នាយក នៃកម្មវិធីសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក (W.H.O) ស្វែងរកព័ត៌មាន និងលទ្ធផលក្រោយការធ្វើតេស្ដ ម្ដងរួចទៅហើយ កាលពីពេលកន្លងទៅ ដោយព័ត៌មានស៊ីជម្រៅត្រូវបានផ្ដល់ជូនពីចក្រភពអង់គ្លេស។ W.H.O ក៏បានរួមចំណែកប្រកាសផងដែរថា ឱសលថនេះ គប្បីបើកឱ្យប្រើប្រាស់សម្រាប់តែអ្នកជំងឺ ដែលស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរតែប៉ុណ្ណោះ ដែលជាលទ្ធផល វាបង្ហាញអំពីប្រសិទ្ធភាពជួយបានច្រើន កាលពីខែកន្លងទៅ។ ទោះបីជាយ៉ាងណាក៏ដោយ ឱសថ នេះនៅមិនទាន់ប្រកាសទទួលស្គាល់ជាសកលនៅឡើយទេ៕