វិស័យឧស្សាហកម្ម និងសិប្បកម្ម កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ខេត្តតាកែវ!

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានចាត់ទុកវិស័យឧស្សាហកម្ម និងសិប្បកម្មកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្ត និងបង្កើនទំហំសេដ្ឋកិច្ចជាតិ ជាពិសេសជួយបង្កើតការងារកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តនោះ ដែលស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។ 

ឯកឧត្តម អភិបាលខេត្តតាកែវ បានបង្ហាញថា បច្ចុប្បន្នខេត្តតាកែវ កាន់តែកៀកជាមួយរាជធានីភ្នំពេញ ហើយបានក្លាយទៅជាគោលដៅវិនិយោគ និងទីតាំងប្រមូលផ្ដុំនៃរោងចក្រ សហគ្រាស ឧស្សាហកម្មផ្នែកកមន្ដសាល និងសិប្បកម្ម របស់វិនិយោគិនជាតិ និងអន្តរជាតិ។ តាមរយៈការវិនិយោគទាំងនេះ វិស័យឧស្សាហកម្ម និងសិប្បកម្មកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ខេត្ត ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ចរវាងផ្នែកកែច្នៃកម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលនឹងធ្វើឲ្យដំណើរការនៃការពង្រឹងសហគ្រាសធុនតូច និងមធ្យមរបស់ខេត្ត កាន់តែមានសន្ទុះ រីកចម្រើនទៅមុខថែមទៀត។

ឯកឧត្តមបានបង្ហាញទៀតថា ខេត្តតាកែវ មានសហគ្រាសវាយភណ្ឌកាត់ដេរ និងផលិតស្បែកជើងចំនួន ៤៩ បង្កើតការងារជូននិយោជិកសរុប ៤៧,៤១៦ នាក់ ស្រី ៤០,២១៣ នាក់។ សហគ្រាសក្រៅពីកាត់ដេរ មានចំនួន ១៥០ គ្រឹះស្ថាន បង្កើតការងារជូននិយោជិក ១០៣១១ នាក់ ស្រី ៧,១៥៤ នាក់។ សហគ្រាសបើថ្មីវាយភណ្ឌផលិតស្បែកជើង និងកាត់ដេរ ហើយផ្សេងៗទៀតចំនួន ៤៦ សហគ្រាស អាចបង្កើតការងារជូននិយោជិកចំនួន ១១,៦០៦ នាក់ ស្រី ៩,៨៥៤ នាក់។ 

វិស័យសិប្បកម្មមានទុនក្រោម ៣,០០០ ដុល្លារកំពុងដំនើរការចំនួន ១,៧៧៣ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មចំនួន ៣,៨៧៦ នាក់ ស្រី ១,៦៥៣ នាក់។ សិប្បកម្មប្រពៃណីមានចំនួន ០៤ ស្រុក គឺស្រុកបាទី ព្រៃកកប្បាស សំរោង និងតាំកក់។ ផលិតហូល ផាមួង និងសារ៉ុងសូត្រ មានកីតម្បាញចំនួន ២,៤៨៥ កីផលិតបានចំនួន ១០,៧៣៣ ក្បិន និងប្រើប្រាស់កម្លាំងពលកម្មចំនួន ៤,៦៦៥ នាក់ ស្រី ២,៤៨៥ នាក់។