តើមនុស្សប្រភេទណា ដែលពិបាកនឹងទទួលបានជោគជ័យក្នុងអាជីពការងារ?

ការបំពេញការងារ មិនថាការងារនោះតូច ឬការងារនោះធំនោះទេ វាអាស្រ័យទៅលើអ្នកអនុវត្ត ថាតើបុគ្គលនោះបានធ្វើវាចេញពីកម្លាំងកាយចិត្ត ឲ្យបានសម្រេចទៅដល់គោលដៅ ដែលថ្នាក់លើដាក់ឲ្យ ឬក៏អត់ ខ្លះការងារតូចតាច ក៏បរាជ័យដែរ ដោយសារតែកត្តាផ្សេងៗ ពិសេសបញ្ហាផ្ទាល់ខ្លួនតែម្ដង។ ទោះបីជាកត្តាផ្ទាល់ខ្លួនក៏ដោយ តែបុគ្គលម្នាក់ៗ ក៏ត្រូវរៀន និងស្វែងយល់ ក៏ដូចអភិវឌ្ឍន៍ខ្លួនឯងឲ្យប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ដូចជាការពង្រឹងបន្ថែមទៅលើជំនាញ Soft Skill, Hard skill និង Social skill ជាដើម ដែលទាំងនោះគឺជាដើមទុន អាចក៏សាងឲ្យបុគ្គលម្នាក់ទទួលបានជោគជ័យ។

យ៉ាងណាមិញ ការបំពេញការងាររាល់ថ្ងៃ មិនមែនយើងទៅធ្វើការជាមួយអ្នកដែលល្អឥតខ្ចោះនោះទេ គឺមានការលាយឡំគ្នា ដោយបុគ្គលខ្លះយើងអាចនឹងមានអារម្មណ៍ថាងាយស្រួលធ្វើការជាមួយ ខ្លះក៏អាចនិយាយបានថាពិបាកដោយសារតែអកប្បកិរិយា ពាក្យសំដី មិនល្អជាដើម។ លោកសាស្ត្រាចារ្យមកពីមហាវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានធ្វើការសិក្សាស្រាវជ្រាវទៅលើបរិបទការងារនៅតាមការិយាល័យគិតចាប់តាំងពីឆ្នាំ ១៩៨០ មកដល់បច្ចុប្បន្ននេះ បានធ្វើការកំណត់សំគាល់បុគ្គលទាំង ៨ ប្រភេទខាងក្រោមនេះ ជាបុគ្គលដែលពិបាកនឹងទទួលបានភាពជោគជ័យក្នុងអាជីពការងារ ហើយបើអ្នកជួបមនុស្សប្រភេទនេះ អាចជួយកែសម្រួលគាត់បន្តិចម្ដងៗរួមមានដូចខាងក្រោម៖

 

១. មនុស្សកំសាក

ការភ័យក្លាច គឺជាឧបសគ្គដ៏ធំជាងគេមួយរបស់បុគ្គលម្នាក់ៗ ហើយវាគឺជាមូលហេតុ ដែលធ្វើឲ្យបុគ្គលម្នាក់មិនហាននិយាយស្ដី មិនហានបញ្ចេញមតិយោបល់។ នៅកន្លែងធ្វើការ បុគ្គលដែលមិនអាចយកឈ្នះលើការភ័យខ្លាចបាន តែងតែចាញ់ព្រាបគេ ហើយមិនហានតតាំងជាមួយបុគ្គលផ្សេងទៀត ជាហេតុធ្វើឲ្យខ្លួនបាក់ទឹកចិត្ត ខ្លាច មិនអាចពង្រីកសមត្ថភាពខ្លួនឲ្យប្រសើរឡើង។ មនុស្សប្រទេសនេះ មិនអាចក្លាយជាប្រធានក្រុម ឬមេរបស់គេបានឡើយព្រោះកំសាកញ៉ី។

 

២. អ្នកក្រអឺតក្រទម

អ្នកក្រអឺតក្រទម គឺជាមនុស្សដែលធ្វើឲ្យខាតបង់ពេលវេលារបស់អ្នកនៅកន្លែងធ្វើការ ព្រោះមនុស្សប្រភេទនេះ ឃើញអ្វីៗគឺដូចជាការប្រកួតប្រជែងផ្ទាល់ខ្លួនរបស់គេ។ ភាពក្រអឺតក្រទមនេះ គឺជាទំនុកចិត្តមិនពិតប្រាកដ ដែលតែងតែបង្កើតបាននូវភាពអសន្តិសុខសំខាន់ៗនៅកន្លែងធ្វើការងារ។ មានការសិក្សាមួយរបស់មហាវិទ្យាល័យ Akron បានរកឃើញថា ភាពក្រអឹតក្រទមមានទំនាក់ទំនងយ៉ាងច្រើននៅកន្លែងធ្វើការ ដែលធ្វើឲ្យមនុស្សនោះសម្ដែងយោបល់មិនយល់ស្រប ជាមួយបញ្ហាជាមួយអ្នកដ៏ទៃ ហើយតែងតែលើកឡើងថាខ្លួនដឹងច្រើនជាងអ្នកដ៏ទៃ។

 

៣. មនុស្សផ្លាស់ប្ដូរក្នុងរយៈពេលខ្លី

អ្នកដែលមានការផ្លាស់ប្ដូរគោលដៅណាមួយក្នុងរយៈពេលខ្លី បង្ហាញឲ្យឃើញអំពីកង្វះខាតរបស់បុគ្គលនោះ មានន័យថាខ្លួនពុំមានភាពជោគជ័យណាមួយឡើយ អាចមកពីមូលហេតុបុគ្គលនោះខ្វះភាពអត់ធ្មុត ខ្វះភាពច្នៃប្រឌិត តស៊ូ ពុំមានគោលដៅច្បាស់លាស់។ កាលណាគម្រោងមានបញ្ហា បុគ្គលប្រភេទនេះតែងតែបង្កើតនូវគម្រោងថ្មី ត្រឹមរយៈពេលខ្លី ដើម្បីដោះស្រាយបញ្ហា ខណៈពេលដែលការធ្វើបែបនេះ បង្ហាញឲ្យមនុស្សជុំវិញខ្លួនឃើញថា បុគ្គលនោះពិបាកនឹងទុកចិត្ត ហើយក៏មិនអាចសម្រេចជោគជ័យលើកិច្ចការងារធំៗបានដែរ។

 

៤. អ្នកមានកំហឹង

បុគ្គលខ្លះមិនអាចគ្រប់គ្រង ហើយខ្លះអាចគ្រប់គ្រងកំហឹងរបស់ខ្លួនឯងបាន។ សម្រាប់អ្នកមានកំហឹងច្រើន នៅពេលបំពេញការងារ ពួកគេនឹងវាយប្រហារអ្នកនៅជុំវិញខ្លួន ជាហេតុធ្វើឲ្យលទ្ធផលការងារមានការធ្លាក់ចុះ ហើយខ្លះអាចបង្ករនូវជម្លោះ ហឹង្សា ការប្ដឹងផ្ដល់គ្នា ធ្វើឲ្យខាតប្រយោជន៍ក្រុមហ៊ុន និងបុគ្គលខ្លួនឯងផ្ទាល់។ បើគាត់ចេះទប់កំហឹង វាគឺជារឿងល្អ ដែលបង្ហាញថាបុគ្គលម្នាក់នោះចេះបត់បែនតាមកាលៈទេសៈ។

 

៥. អ្នករងគ្រោះ

បុគ្គលដែលរងគ្រោះ ពិបាកនឹងធ្វើការកំនត់នូវអត្តសញ្ញាណខ្លាំងណាស់នៅទីកន្លែងធ្វើការ ឬក្រុមការងារមួយ បើយើងមិនដឹងអំពីពួកគេច្បាស់ គឺពិបាកនឹងដោះស្រាយបញ្ហា ដោយភាគច្រើនអ្នករងគ្រោះដោយសារតែសកម្មភាពអ្វីមួយនៅកន្លែងការងារ តែងតែច្រានចេញនូវការទទួលខុសត្រូវរបស់ខ្លួន។ អ្នករងគ្រោះមិនអាចយល់ ឬមើលឃើញថា ពេលវេលាដែលពិបាកគឺជាឱកាសសម្រាប់ពួកគេក៏សាងស្នាដៃ និងសិក្សាស្វែងយល់ ដើម្បីពង្រឹងសមត្ថភាពឲ្យប្រសើរឡើងឡើយ ផ្ទុយទៅវិញពួកគេមើលឃើញថាខ្លួនឯងគួរតែចេញពីកន្លែងការងារមួយនោះ។

 

៦. អ្នកគិតមើលបំណាំ

បុគ្គលប្រភេទនេះ មានចារិកមួយគឺមិនចង់ធ្វើការអ្វីមួយឲ្យលើសពីបុគ្គលដ៏ទៃ ដែលធ្វើការនៅជិតខ្លួន ជាហេតុធ្វើឲ្យការងារធ្លាក់ចុះ ដោយចង់តែធ្វើការស្រាល ហើយស្រួល ថែមទាំងមិនផ្ដោត ឬយកចិត្តទុកដាក់ជាមួយកិច្ចការងារទៀតផង។ ម្យ៉ាងបុគ្គលប្រភេទនេះ ចាំតែមើលសកម្មភាពអ្នករួមក្រុមជាធំ ព្រោះគិតថា ការងារដូចគ្នា ត្រូវធ្វើត្រឹមកម្រិតដូចអ្នកដែលធ្វើការតិចជាងគេ ដោយខ្លួនឯងមិនដឹងថា ការធ្វើបែបនេះ គឺធ្វើឲ្យខ្លួនបរាជ័យក្នុងអាជីពការងារទៅវិញទេ។

 

៧. អ្នកងាយឆ្លើយថាសុំទោស

បុគ្គលណាក៏មានការសូមអភ័យទោសពីមនុស្សជុំខ្លួនឯងដែរ នៅពេលសកម្មភាពណាមួយប៉ះពាល់ទៅដល់សិទ្ធិ ឬកិត្តិយស របស់អ្នកដ៏ទៃ។ យ៉ាងណាក៏ដោយ អ្នកដែលឧហ្សាហ៍សុំទោសអ្នកដ៏ទៃ លើកិច្ចការងារ ឬសកម្មភាពរបស់ខ្លួន សបង្ហាញឲ្យឃើញថា បុគ្គលនោះគ្មានទំនុកចិត្តលើខ្លួនឯងនោះទេ គឺមនុស្សបែបនេះ មានភាពភ័យខ្លាចការបរាជ័យ និងជឿជាក់ថាការសុំទោស គឺជាវិធីតែមួយគត់ ដែលអាចជួយពួកគេបាន។ ទាំងសម្លេង និងកាយវិការ បង្ហាញឲ្យមនុស្សជុំវិញខ្លួនដឹងបាថា បុគ្គលប្រភេទនេះ គឺមិនទុកចិត្តខ្លួនឯង ចុះមានរឿងហេតុអី ដែលត្រូវឲ្យបុគ្គលផ្សេងជឿជាក់លើរូបខ្លួន?

 

8. អ្នកមានមនោសញ្ចេតនាជ្រុល

ការងារត្រូវមានភាពម៉ឺងម៉ាត់ ដូច្នេះកាលណាមានកំហុសកើតមានឡើង ដោយសារបុគ្គលិកនៅក្រុមជាមួយគ្នា គប្បីត្រូវតែព្រមាន ឬស្ដីបន្ទោសអំពីកំហុស ដែលកើតមានឡើង មិនអាចធ្វើការលើកលែង ដោយយោគយល់ ឬតាមមនោសញ្ចេតនាបានឡើយ ព្រោះបើបន្តធ្វើបែបនេះ នឹងធ្វើឲ្យបុគ្គលនោះបានចិត្ត មិនខ្វាយខ្វល់អំពីកិច្ចការងារ អាចមានភាពខ្ជីខ្ជារទៅលើកិច្ចការ ជាហេតុធ្វើឲ្យលទ្ធផលការងារ មានភាពមិនប្រាកដប្រជា ធ្លាក់ចុះ ពិសេសបង្កើតឲ្យមានភាពអាណាធិប្បតេយ្យទៀតផង។

ប្រភេទមនុស្សទាំង ៨ ខាងលើនេះ ត្រូវបានចាត់ទុកថាពិបាកនឹងទទួលបានជោគជ័យក្នុងអាជីពការងារណាស់ ព្រោះចំនុចដូចបានរៀបរាប់ខាងលើ គឺជាចំនុចខ្សោយមួយ ដែលអាចទាញពួកគេឲ្យធ្លាក់ទឹកបាន តែមិនអីទេ ទម្លាប់ ឬសកម្មភាពទាំងអស់នោះ អាចធ្វើការកែប្រែ និងផ្លាស់ប្ដូរបាន គ្រាន់តែទាមទារពេលវេលាបន្តិច ដើម្បីកែប្រែមនុស្សម្នាក់ ឲ្យមានភាពប្រសើរឡើងទៅលើការកែទម្លាប់របស់ខ្លួនឲ្យមានភាពក្លាហាន មានភាពទទួលខុសត្រូវ ចេះគ្រប់គ្រងអារម្មណ៍ ក៏ដូចជាមានភាពជឿជាក់លើខ្លួនឯង។ ការដែលអាចយកឈ្នះចំនុចខាងលើនេះ​បាន អ្នកនឹងសាងអនាគតរបស់ខ្លួនឲ្យបានកាន់តែប្រសើរឡើង ហើយមនុស្សជុំវិញខ្លួន ក៏អាចធ្វើការជាមួយអ្នកបានជាផ្លែផ្កាផងដែរ។