ឥណ្ឌូនេស៊ី សម្រេចចាប់ផ្ដើមឧហ្សាហកម្មផលិតឱសថក្នុងស្រុក ខណៈកង្វះខាតមានទំហំធំធេង

ហ្សាកាតា៖ មួយរយៈពេលនៃការរាតត្បាត នៃជំងឺឆ្លងកូវីដ ១៩ ប្រជាជនឥណ្ឌូនេស៊ីជាច្រើនបានរងគ្រោះ ជាហេតុធ្វើឱ្យតម្រូវការនៃវិស័យសុខាភិបាល នៅក្នុងផ្ទៃប្រទេសមានតម្រូវការខ្ពស់ ទាំងគ្រឿង បរិក្ខារវិជ្ជសាស្ត្រ ក្រុមគ្រូពេទ្យ អ្នកជំនាញ និងឱសថជាដើម។ តម្រូវការនេះ បានធ្វើឱ្យឥណ្ឌូនេស៊ី ចំនាយថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញចូលពីបរទេស ខណៈទីផ្សារក្នុងស្រុកមិនអាចបំពេញទៅដល់សេចក្ដីត្រូវការបាន។

ប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឱ្យដឹងថា ស្ថិតក្នុងការវាយប្រហារកាលពីលើកដំបូង នៅឥណ្ឌូនេស៊ីកង្វះខាតគ្រឿងបរិក្ខារពេទ្យ ពិសេសឱសថ គឺស្ថិតក្នុងអត្រាធំធេង សម្រាប់យកមកប្រើប្រាស់ ដើម្បីជួយទៅដល់សុខភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ កត្តានេះ តម្រូវឱ្យរដ្ឋាភិបាល ចំនាយថវិការជាតិជាច្រើន ហើយនៅមិនទាន់អាចមានចង្វាក់ផលិតកម្មគ្រប់គ្រាន់ សម្រាប់ទីផ្សារក្នុងស្រុកនៅឡើយ។ បញ្ហានេះ បានបង្ខំឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ី សម្រេចចាប់ផ្ដើមផលិតគ្រឿងបរិក្ខារពេទ្យ (PPE) ដោយខ្លួនឯង ដោយកាលពីខែមិថុនា កន្លងទៅលោកប្រធានាធិបតី Joko Widodo មានប្រសាសន៍ថា “ឥណ្ឌូនេស៊ីមានលទ្ធភាពផលិតគ្រឿងបរិក្ខារពេទ្យដោយខ្លួនឯងចំនួន ១៧ លាន យូនីត ក្នុង០១ ខែ”។

ក្រៅពីគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងមន្ទីពេទ្យ ឥណ្ឌូនេស៊ីនៅពេលនេះ ចាប់ផ្ដើមដើរទៅកាន់ទីផ្សារខ្លួនឯងផងដែរ តាមរយៈការផលិតឱសថនៅក្នុងស្រុក ពុំចាំបាច់ចំនាយថវិការច្រើននាំចូលដូចសព្វមុនដងឡើយ។ លោក Pand Jaitan រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានលើកឡើងកាលពីអង្គារកន្លងទៅថា “បច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីពឹងផ្អែកទៅលើឱសថជាច្រើន ដែលនាំចូលពីទីផ្សារអន្តរជាតិ ពោលគឺមានតែ ១០% ប៉ុណ្ណោះ ដែលជាផលិតផលក្នុងស្រុក។ យើងកំពុងផ្ដោតទៅល់ការផលិតឱសថ នៅក្នុងស្រុកផ្ទាល់ខ្លួនក្នុងទំហំស្មើនឹង ៧០% ដែលនឹងនាំចូលផលិតផលបរទេសតែ ៣០% ប៉ុណ្ណោះ សម្រាប់អនាគត”។ 

លោករដ្ឋមន្ត្រី បានបញ្ជាក់ថែមថា ការសម្រេចចិត្តបង្កើតឱ្យមានរោងចក្រ ក៏ដូចជាគ្រឹះស្ថានក្នុងការផលិតឱសថដោយខ្លួនឯងនៅឥណ្ឌូនេស៊ីនេះ គឺជាការពឹងផ្អែកទៅលើខ្លួនឯងផ្ទាល់ ករណីមានហេតុការណ៍ណាមួយកើតឡើង ជាលក្ខណៈសកលបែបនេះ ដែលការពឹងផ្អែកប្រភពខាងក្រៅគឺជារឿងដែលពិបាក នៅពេលប្រទេសផ្សេងៗទៀតមានតម្រូវការដូចៗគ្នា។ លោករដ្ឋមន្ត្រី ក៏នឹងឆ្លៀតឱកាសលើកទឹកចិត្តដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពការពារធនធានធម្មជាតិ ទប់ស្កាត់ការកេងប្រវ័ញ្ចធនធាន គាំទ្រដល់ការវិនិយោគនៅក្នុងឧស្សាហកម្មផ្នែកខាងក្រោម និងលើកទឹកចិត្តប្រទេសនានា ឱ្យក្លាយជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបៃតងដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ។

គិតមកត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នេះ ឥណ្ឌូនេស៊ីមានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនជាង ១៦ ម៉ឺននាក់ហើយ ដោយក្នុងនោះចំនួនអ្នកជាសះស្បើយមានជាង ១១ ម៉ឺន ៥ ពាន់នាក់ និងស្លាប់កើនឡើងដល់ ៧,០៣០ នាក់ឯណោះ៕