មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាកំបូល បើកដំណើរការជាផ្លូវការហើយ

ភ្នំពេញ៖ មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលជាទូទៅប្រជាពលរដ្ឋតែងតែនិយមហៅថា ឆៀក មានទីតាំងស្ថិតនៅកំបូល បានបើកសម្ភោធ ដាក់ឱ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។

មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាកំបូល បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរតំបន់ ក៏ដូចជាក្រុមហ៊ុន CMVIC ផងដែរ។ មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តថ្មីនេះ មានសំណង់អគារ ដែលបំពាក់ដោយឧបករណ៍ឆៀក ចំនួន ២ ខ្សែថ្មីៗ សេរ៊ីឆ្នាំ ២០១៩ ជាផលិតផលរបស់ប្រទេសចិន ដោយក្នុងនោះរួមមានឧបករណ៍សំខាន់ៗផ្សេងៗទៀត ដូចជាឧបករណ៍សម្រាប់វាស់ផ្សែង ម៉ាស៊ូត វាស់ល្បឿន ស៊ីផ្លេ លំងាកចង្កូត ពន្លឺហ្វាកូត ទម្ងន់ កម្លាំង ហ្វ្រាំង និងជាច្រើនផ្សេងៗទៀត។

ស្ថិតក្នុងឱកាសបើកសម្ភោធនោះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា បន្ទាប់ពីរដ្ឋាភិបាល ចាប់ផ្ដើមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាលពីពេលកន្លងទៅ ឃើញថាប្រជាពលរដ្ឋ មានការភ្ញាក់រលឹកច្រើន ហើយបច្ចុប្បន្ននេះមានទិន្នន័យយានយន្តផុតសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសប្រមាណជា ២៨% ឯណោះ។ ឯកឧត្ដមបញ្ជាក់ទៀតថា មកដល់ពេលនេះ យើងបានធ្វើការផ្ញើសារ ទៅកាន់ពលរដ្ឋប្រមាណជា ១២,០០០ នាក់ ក្នុងន័យក្រើនរំលឹកពួកគាត់ឱ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាងនេះទៅទៀត ឯកឧត្តមបានគូសបញ្ជាក់បន្ថែម អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈ សេវាចាំបាច់ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ជូនបងប្អូនប្រជាពលរដ្ឋ ការដាក់ឱ្យដំណើរការមណ្ឌលប្តូរ ឬពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ អ៊ីអន ២ និងផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ដើម្បីបង្ខិតសេវានេះទៅកៀកប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ប្តូរ ឬពន្យារបណ្ណបើកបរ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញចុះបញ្ជីយានយន្ត ការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមប្រព័ន្ធអនឡាញ ការរៀបចំកម្មវិធីបប្រឡងយកបណ្ណបើកបរ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់យានយន្ត ការផ្ទេរកម្មសិទ្ធិយានយន្ត ដែល អាចឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការស្នើសុំសេវាឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព។

ទន្ទឹមគ្នានោះដែរ ក្រសួងនឹងបន្តខិតខំរកនីតិវិធីផ្សេងទៀតដើម្បី ផ្តល់សេវាងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ និងបន្តសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត រួមមានដូចជា៖ ការពង្រីកនិងពង្រឹងគុណភាពផ្លូវ ការសាងសង់ស្ពាន និងកំពង់ផែជាដើម ដើម្បីឱ្យប្រព័ន្ធដឹក ជញ្ជូនមានភាពប្រកួតប្រជែង អាចដឹកជញ្ជូនបានក្នុងតម្លៃថោក និងអាចទាក់ទាញវិនិយោគិនបង្កើត ការងារធ្វើ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋផងដែរ។ គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចកទេសយានយន្ត សាខាកំបូល នេះ បានបើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ដែលមានផ្ទៃដីប្រមាណជាជិត ១ ហិកតា ហើយបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីចុងខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ៕

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន