មជ្ឈមណ្ឌលកម្សាន្ដ ព្រីសន៍ ម៉ាណ័រ ជាមជ្ឈមណ្ឌលកម្សាន្ដខ្នាតយក្សដំបូងគេនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រប៉ុណ្ណោះ ពីស្ពានព្រះមុន្នីវង្ស (ស្ពានច្បារអំពៅ) តាមបណ្ដោយផ្លូវជាតិលេខ១។ សួនកម្សាន្ដនេះ ត្រូវបានគេចាត់ទុកជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយ ដែលទទួលការវិនិយោគលើផ្ទៃដីទំហំជាង ១៣ ហិកតា ក្នុងនោះគម្របរុក្ខជាតិបៃតងមានចំនួន ៨៨% ជាមួយសួនរុក្ខជាតិចម្រុះ បឹងធម្មជាតិ ផ្ទះឈើសម្រាប់ស្នាក់នៅ ភោជនីយដ្ឋានបែបខ្មែរនិងបរទេស ហើយជាពិសេសគឺឧបករណ៍កម្សាន្ដលំដាប់អន្តរជាតិជាច្រើនទៀត។
មជ្ឈមណ្ឌលកម្សាន្ដ ព្រីសន៍ ម៉ាណ័រ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំណែកការចូលកម្សាន្ដ តម្រូវឲ្យទិញសំបុត្រតម្លៃ ៤ ដុល្លារ (សម្រាប់ថ្ងៃអង្គារ-សុក្រ) ឬ ៨ ដុល្លារ (សម្រាប់ចុងសប្ដាហ៍/ថ្ងៃឈប់សម្រាក) ដែលលោកអ្នកអាចដើរកម្សាន្ដ ផ្ដិតយករូបភាពស្អាត និងជិះឧបករណ៍ទាំងអស់ដែលមាននៅក្នុងច្រកទី១។ ចំណែកឯកន្លែងកម្សាន្ដធំៗចំនួន ៣ រួមមានសួនទឹក ជិះកន្ត្រកកម្ពស់ ៨៨ ម៉ែត្រ និងឡានប្រណាំង លោកអ្នកត្រូវទិញសំបុត្របន្ថែមនៅកន្លែង ឬទិញសំបុត្រលេងសរុប បូកទាំងសំបុត្រចូលទស្សនា មានតម្លៃ ២៥ ដុល្លារ (សម្រាប់ថ្ងៃអង្គារ-សុក្រ) ឬ ៤០ ដុល្លារ (សម្រាប់ថ្ងៃចុងសប្ដាហ៍/ថ្ងៃឈប់សម្រាក)។
ខាងក្រោមនេះ គឺជាទិដ្ឋភាពទូទៅនៃសួនកម្សាន្ដព្រីសន៍ ម៉ាណ័រ៖