ក្រុមហ៊ុនថាមពលបារាំង MAN PrimeServ ដែលស្ថិតនៅក្រោមក្រុមហ៊ុនធំ MAN Energy Solutions មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀងជួយផ្ដល់សេវាអគ្គិសនីក្នុងទំហំថាមពល ២០០ មេហ្គាវ៉ាត់រយៈពេល ៥ ឆ្នាំ មានទីតាំងនៅរោងចក្រអគ្គិសនីស្រុកល្វាឯម ខេត្តកណ្ដាល សម្រាប់ផ្គត់ផ្គង់ដល់រាជធានីភ្នំពេញ។
ការចុះកិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនកម្ពុជា SchneiTec ដែលទទួលខុសត្រូវក្នុងការថែរក្សាគ្រប់គ្រងអគ្គិសនីនៅគម្រោងរោងចក្រអគ្គិសនី C7 ស្រុកល្វាឯម ជូនដល់អគ្គនាយកដ្ឋានអគ្គិសនីកម្ពុជា (EDC) ជាមួយក្រុមហ៊ុន MAN PrimeServ។ តាមរយៈកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុន MAN PrimeServ នឹងត្រូវប្រើប្រាស់ម៉ាស៊ីនបំលែងអគ្គិសនីប្រភេទ MAN 18V51/60DF ចំនួន ១១ គ្រឿង រួមទាំងការធានាថែទាំជួសជុល បច្ចេកទេសឌីជីថល និងផ្លាស់ប្ដូរគ្រឿងបន្លាស់ រយៈពេល ៥ ឆ្នាំ ដើម្បីធានាស្ថេរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅភ្នំពេញ។
អនុប្រធានក្រុមហ៊ុន MAN PrimeServ លោក Michael Filous បានបង្ហាញចំណាប់អារម្មណ៍ថា លោកពិតជាមានសេចក្ដីរីករាយ ដែលបានសហការធ្វើការរួមគ្នាជាមួយ ក្រុមហ៊ុន SchneiTec និង EDC សម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យរាជធានីភ្នំពេញ ហើយរោងចក្រថាមពល C7 នៅស្រុកល្វាឯមនោះ នឹងដើរតួរនាទីយ៉ាងសំខាន់ចូលរួមកាត់បន្ថយអស្ថេរភាពនៃចរន្តអគ្គិសនី ព្រោះវាអាចបន្ថែមថាមពលសរុប ៤០០ មេហ្គាវ៉ាត់ តាមរយៈរោងចក្រប្រេងខ្មៅនិងឧស្ម័នធម្មជាតិទាំង ២ ទីតាំងមកដល់រាជធានី។
គូសបញ្ជាក់ផងដែរថា រោងចក្រអគ្គិសនីស្រុកល្វាឯម ខេត្តកណ្ដាលនោះ ត្រូវបានចាប់ផ្ដើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៩ ដោយក្រុមហ៊ុនចិន CGGC ចំណាយទឹកប្រាក់អស់ប្រមាណ ៣៨០ លានដុល្លារ (ផ្ដល់ដោយរដ្ឋាភិបាលកម្ពុជា ៣០០ លានដុល្លារ និង ៨០ លានដុល្លារពីអគ្គិសនីកម្ពុជា) ដែលបែងចែកចេញជា ២ រោងចក្រ មួយប្រតិបត្តិការដោយក្រុមហ៊ុន Wartsila របស់ប្រទេសហ្វាំងឡង់ និងមួយទៀតដោយក្រុមហ៊ុន MAN Energy Solutions របស់ប្រទេសអាល្លឺម៉ង់ ហើយសុទ្ធតែអាចផលិតថាមពលបានក្នុងអនុភាព ២០០ មេហ្គាវ៉ាត់។